ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កើនឡើង​34% ក្នុង​ឆមាស​ទី​1

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជា​កន្លែង​ប្រភព​ទុន​សំខាន់​មួយ​សម្រាប់​កម្ចី​ធ្វើ អាជីវកម្ម ការ​ពង្រីក​មុខរបរ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ។ ផ្អែក​លើ​ចំណុច​នេះ​បាន​ធ្វើ​ឱ្យ​ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

យោង​តាម​អគ្គលេខាធិការ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ចុង​ឆមាស​ទី​១​ឆ្នាំ​២០១៦​នេះ ការ​ផ្តល់​ឥណទាន​ទៅ​អតិថិជន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣.២៦៥​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ មាន​ប្រមាណ​២.៤៣៦​លាន​ដុល្លារ កើនឡើង​ប្រមាណ​៣៤% ។

ក្នុង​នោះ​លោក យុន សុ​វ​ណ្ណា អគ្គលេខាធិការ​នៃ​សមាគម​នេះ បាន​ឲ្យ​ដឹង​ថា អតិថិជន​ដាក់​ប្រាក់​បញ្ញើ​សន្សំ​នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ មាន​ទឹក​ប្រាក់​ប្រមាណ​១.៧៥០​លាន​ដុល្លារ កើនឡើង​៥៥,៨៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​តែ​១.១២៣​លាន​ដុល្លារ​ប៉ុណ្ណោះ ។ លោក​ថា ៖ « ការ​កើនឡើង​នៃ​ការ​ផ្តល់​ឥណទាន​នេះ វា​ល្អ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​សង្ឃឹមថា យើង​នៅ​តែ​រក្សា​បាន​នូវ​គុណ​ភាពល្អ​នៃ​ឥណទាន មាន​ន័យ​ថា ឥណទាន​ដែល​ខូច ឬ​បាត់បង់​នឹង​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ដដែល » ។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​ធនាគារ ហត្ថា​កសិករ បានឱ្យ​ដឹង​ថា ចំនួន​នៃ​ការ​ប្រើប្រាស់​ឥណទាន​របស់​អតិថិជន​នៅ​ធនាគារ​ហត្ថា​កសិករ បាន​កើនឡើង​ប្រហែល​៦%​ក្នុង​ផ្នែក​អាជីវកម្ម តែ​ក្នុង​វិស័យ​កសិកម្ម​នៅ​ទ្រឹង​នៅឡើយ ប៉ុន្តែ​ចាប់ពី​ខែឧសភា​ទៅ​អាច​នឹង​កើនឡើង ។ លោក​ឧកញ៉ា​បន្ត​ថា ៖ «​ការ​កើនឡើង​នៃ​ការ​ផ្តល់​ឥណទាន​នេះ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ល្អ​ដែល​ប្រជា​កសិករ​ត្រូវការ​ដើមទុន​សម្រាប់​ប្រើប្រាស់​បន្ថែម​ទៀត ។ តែ​វា​មាន​ចំនួន​តិច ដែល​នៅ​ពេល​កន្លង​មក​មានការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​លឿន​ក្នុង​ផ្នែក​នេះ​» ។

« ការ​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពី​អតិថិ ជន​បាន​កើនឡើង​ប្រហែល​២០% ច្រើន​ជាង​ការ​ផ្តល់​ឥណទាន​ជូន​អតិថិជន ។ ការ​កើនឡើង​នៃ​ចំនួន​ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះ​ស្ថាន​មាន​កំណើន​ខ្ពស់​នេះ ខ្ញុំ​គិត​ថា វា​គ្មាន​បញ្ហា​ទេ កាលណា​ទទួល​បាន​ប្រាក់​បញ្ញើ​កាន់តែ​ច្រើន យើង​កាន់តែ​រីករាយ ព្រោះ​វា​អាច​នឹង​កាត់​បន្ថយ​បាន​ច្រើន​សម្រាប់​ស្ថាប័ន​នីមួយ​ៗ​ខ្ចីបុល​ពី​ខាងក្រៅ​ប្រទេស​មក » ។ នេះ​បើ​តាម​ប្រធាន​អគ្គនាយក​ធនាគារ​រូប​នេះ​បាន​បញ្ជាក់​។

បើ​តាម​លោក យុន សុ​វ​ណ្ណា បាន​គូសបញ្ជាក់​ទៀត​ថា កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ ការ​ផ្តល់​ឥណទាន​សរុប​ជូន​អតិថិជន​មាន​ទឹកប្រាក់​ប្រមាណ​២.៩៥១​លាន​ដុល្លារ កើនឡើង​ប្រមាណ​៤០% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ៕