លោក​អ្នក​ធ្លាប់​សាកល្បង​រសជាតិ​អាហារ​អាំង​ទាំងនេះ​ដែរ​ឬទេ ?

មេ​ចុងភៅ​ដ៏​ល្បីឈ្មោះ​មួយ​រូប លោក Craig Koketsu បាន​ប្រាប់​ពី​ល្បិច​អាំង​មុខម្ហូប​មួយ​ចំនួន​ឱ្យ​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ប្លែក​ខុស​ពី​ធម្មតា ។ លោក​លើក​ឡើង​ថា ៖ « ការ​ចម្អិនម្ហូប​ដោយ​ប្រើ​វិធី​ឆ្អើរ​ឬ​អាំង គឺ​បាន​ជួយ​បង្កើន​រសជាតិ​របស់​វា​ឱ្យ​កាន់តែ​ឆ្ងាញ់​មួយ​កម្រិត​បន្ថែម​ទៀត មិន​ចំពោះតែ​សាច់​នោះ​ទេ មុខម្ហូប​ខ្លះ​ក៏​អាច​ប្រើ​វិធី​នេះ​បាន​ដូច​គ្នា »។ ខាងក្រោម​នេះ ជា​មុខម្ហូប​មួយ​ចំនួន​ដែល​លោក​យល់​ថា អ្នក​គួរតែ​សាកល្បង​អាំង​វា​ដើម្បី​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ប្លែក ដែល​លោក​អ្នក​ពុំ​ធ្លាប់​បានដឹង ៖

-​ភី​ហ្សា​អាំង ៖ នៅ​ពេល​ទទួល​បាន​ភី​ហ្សា​បន្ទាប់​ពី​កុម្ម៉ង់​រួច លោក​អ្នក​អាច​យក​វា​ទៅ​អាំង​ឱ្យ​ក្តៅ​បន្ថែម​ជាមួយនឹង​បន្លែ​សាឡា​ត់ នោះ​លោក​អ្នក​នឹង​ទទួល​បាន​ភី​ហ្សា​ដែល​មាន​រសជាតិ​ប្លែក​ជាក់​ជា​មិន​ខាន ។

-​ផែ្ល​ប័​រ​អាំង ៖ ចំពោះ​ផ្លែ​ប័​រ លោក​អ្នក​អាច​ពុះ​វា​ជា​ពីរ​រួច​យក​ទៅ​អាំង បន្ទាប់​មក​ទុក​វា​ឱ្យ​ត្រជាក់ មុន​ពេល​យក​វា​ទៅ​ក្រឡុក ។

-​ខ្ទឹមស​អាំង ៖ ចូរ​ដាក់​ត្រាំ​ខ្ទឹមស​ក្នុង​ទឹក​រយៈពេល​១០​នាទី បន្ទាប់​មក​យក​វា​ទៅ​ឆ្អើរភ្លើង​ក្នុង​កម្រិត​កម្តៅ​ល្មម​ប្រមាណ​ជា​២០​នាទី រហូត​ទាល់តែ​សម្បក​ខាងក្រៅ​របស់​វា​ខ្លោច​ទាំងអស់ រួច​ហើយ​ទុក​វា​ឱ្យ​ត្រជាក់ សឹម​បកសម្បក​ចេញ ។ ចូរ​បកសម្បក​ខ្ទឹមស​ឆៅ​ចេញ រួច​ច​ញ្ច្រាំ​វា​ជាមួយ​ប្រេង​អូ​លីវ បន្ទាប់​មក​រុំ​វា​នឹង​ស្រោប​អាលុយមីញ៉ូម ។ បន្ទាប់​មក​យក​វា​ទៅ​អាំង​ប្រមាណ​១២​ទៅ​១៥​នាទី រហូត​ទាល់តែ​វា​ផុយ នោះ​អ្នក​ច្បាស់​ជា​ប្លែក​អារម្មណ៍​ជាមួយ​វិធី​នេះ​ជាក់​ជា​មិន​ខាន ។

-​ស៊ុត​អាំង ៖ ចូរ​អ្នក​យក​ស៊ុត​ទៅ​ស្ងោរ​ប្រមាណ​ជា​២​នាទី​ដើម្បី​ឱ្យ​វា​ឆ្អិន​ល្មម រួច​យក​វា​មក​ឆ្អើរ​លើ​ភ្លើង​ប្រមាណ​១២​នាទី នោះ​អ្នក​នឹង​ទទួល​បាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​បន្ថែម​ទៀត។

-​នំ​បុ័ង Cinnamon អាំង ៖ អ្នក​អាច​យកនំ​បុ័ង​ទៅ​អាំង​បន្ថែម​កម្តៅ​របស់​វា នោះ​រសជាតិ​របស់​វា​នឹង​កាន់តែ​ឈ្ងុយ​មួយ​កម្រិត​ទៀត ។

-​សូកូឡា​អាំង ៖ ចូរ​អ្នក​សាកល្បង​រុំ​សូកូឡា​នឹង​ស្រោប​អាលុយមីញ៉ូម​ពីរ​បី​ជាន់ រួច​ដាក់​អាំង​លើ​កម្តៅភ្លើង​ក្តៅ​ល្មម ។ ដាក់​ប័​រ​ចូល​ក្នុង​ភ្នក់ភ្លើង​ដើម្បី​ឱ្យ​វា​មាន​ផ្សែង​កាន់តែ​ច្រើន។ អ្នក​ប្រហែលជា​ត្រូវការ​អាំង​វា​ប្រមាណ​៦​នាទី (​ម្ខាង​៣​នាទី​) នោះ​សូកូឡា​នឹង​រលាយ​ជាក់​ជា​មិន​ខាន​។ បន្ទាប់​មក​យក​ស្រោប​អាលុយមីញ៉ូម​ចេញ រួច​ចាក់ទឹក​សូកូឡា​នោះ​ទៅ​លើ​កា​រ៉េ​ម ឬ​ក៏​អាច​យក​វា​ទាំងមូល​ទៅ​ក្លា​សេ​ឱ្យ​កក សឹម​ហែក​ស្រោប​ចេញ​ញ៉ាំ​ក៏​បាន ។

-​ល្ពៅ​អាំង ៖ ចូរ​អ្នក​ពុះ​ល្ពៅ​មួយ​ផ្លែ​ជា​ប្រាំមួយ​ចំណិត រួច​យក​គ្រាប់​វា​ចេញ តែ​មិន​ចាំបាច់​ចិត​សម្បក​វា​ចេញ​ទេ ហើយ​យក​ប័​រ និង​ស្ករ​លាប​លើ​សាច់​វា​ឱ្យ​សព្វ ។ ដាក់​អាំង​ចំណិត​ល្ពៅ​ទាំងនោះ​រហូត​ទាល់តែ​សាច់​វា​ផុយ ។ បន្ទាប់​មក​ទុក​វា​ឱ្យ​ត្រជាក់ សឹម​ដួស​សាច់​ចេញពី​សម្បក​របស់​វា​មក​ទទួលទាន នោះ​អ្នក​នឹង​ទទួល​បាន​រសជាតិ​ល្ពៅ​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​រយៈ​វិធី​នេះ​មិន​ខាន​ឡើយ ។

-​ផ្លែ​ស្ត​ប័​រី​អាំង ៖ អ្នក​អាច​យក​ផ្លែ​ស្ត​ប៊​រី​ដោត​ជា​ចង្កាក់​ៗ រួច​អាំង​លើ​ភ្លើង​កម្តៅ​ខ្ពស់​ល្មម រហូត​ទាល់តែ​វា​ឆ្អិន ហើយ​យក​វា​ចេញពី​ចង្កាក់ ដាក់​ចូល​ក្នុង​ចាន ។ គ្រឿងផ្សំ​ត្រូវ​ច្របល់​ឱ្យ​សព្វ​មាន​ដូច​ជា ប៊ី​ចេ​ង អំបិល ម្រេច និង​ទឹកខ្មេះ​។ បន្ទាប់​ពី​ដាក់​លាយ​គ្នា​រួច ត្រូវ​រុំ​វា​ជាមួយ​ប្លា​ស្ទិ​ក​ឱ្យ​ជិត សឹម​ដាក់​ក្លា​សេរ​ហូត​ទាល់តែ​សព្វ​ល្អ ៕