អ៊ាម វន្នី សរសេរ​បទ​មួយ សារ​ចុះ​សារ​ឡើង អត់​ចេញ

ក្នុង​នាម​ជា​អ្នក​និពន្ធ ក៏​ដូចជា​តារា​ចម្រៀង​​ម្នាក់​ អ៊ាម វន្នី បាន​ប្រាប់​ពី​តិច​និក​នៃ​ការ​និពន្ធ ​ក៏​ដូច​ជា​ផល​លំបាក​មួយ​ចំនួន​ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​កន្លង​មក ហើយ​​ក្នុង​នោះ​មាន​បទ​មួយ​​លោក​ ត្រូវ​ចំណាយ​ពេល​យូរ​ហើយ​សរសេរ​ខុស​ច្រើន​ដង​ទៀត​ផង​​។

 

អ៊ាម វន្នី៖ “បទ​ដែល​ខ្ញុំ​ពិ​បាក​សរសេរ​អត់​ចេញ​ ហើយ​សរសេរ​ចោលៗគឺ បទ​ “នឹក​ស្រុក​ខ្មែរ” ដែល​ដំបូង​ឡើយ​​មិន​មែន​ជា​ចំណង​ជើង​ហ្នឹង​ទេ។ កាល​នោះ​ខ្ញុំ​នៅ​ស្រុក​ថៃ ខ្ញុំ​បាន​ដាក់​ចំណង​ជើង​ថា “ជីវិត​ពលករ​ស្រុក​ថៃ” តែ​ក្រោយ​មក​បានប្តូរ​វិញ​ហើយ។

 

អ៊ាម វន្នី សរសេរ​បទ​មួយ សារ​ចុះ​សារ​ឡើង អត់​ចេញ

 

លើស​ពីនេះ​​ អ៊ាម​ វន្នី ប្រាប់​ថា​ កាល​នោះ​បទ​ខាង​លើតែង​មិន​ទាន់​ចប់​ស្រួល​បួល​​ទេ ព្រោះ​លោក​ត្រូវ​​ត្រឡប់​មក​ស្រុក​ខ្មែរ​ដើម្បី​ចូល​រួម​ប្រឡង​ក្នុង​​កម្មវិធី​លំដាប់​អន្តរជាតិ​ Cambodian Idol ទើប​ទុក​បទ​នេះ​មួយ​ឡែក​សិន។ក្រោយ​ចប់​កម្មវីធី​នេះ​ អ៊ាម វន្នី​ បាន​បន្ត​ចាប់​សរសេរ​ឡើង​វិញ​ ប៉ុន្តែ​ត្រូវ​បាន​ដូរ​ចំណង​ជើង​ទៅ​ជា​បទ “នឹក​ស្រុក​ខ្មែរ” ហើយ​​បទ​នេះ​លោក​អះអាង​ថា​ជា​បទ ​ដែល​ពិបាក​សរសេរ​ជាង​បទ​នានា​ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​កន្លង​មក។

 

“បទ​នេះ​ពិបាក​សរសេរ​ ហើយ​ស្មុគស្មាញ​ ដោយសារ​អត្ថន័យ​ គឺ​ធំ​ទូលាយ ​និង​ផ្ដោត​សំខាន់​លើ​មនុស្ស​ចំណាក​ស្រុក​។ ធម្មតា​ការ​ចាក​ចេញ​ពី​ប្រទេស​កំណើត​ គឺ​យើង​តែង​មាន​ការ​នឹក​រលឹក​ ហើយ​ពេល​ដែល​​បទ​នេះ​ចេញ​​មក​ គឺ​គោល​ដៅ​ចង់​ឲ្យ​ខ្មែរ​បាន​ឃើញ​ទូលំទូលាយ”។ វន្នី ថ្លែង។

 

ទន្ទឹម​នឹង​នោះ​ អតីត​បេក្ខភាព​កម្មវីធី Cambodian Idol ​បន្ត​ពាក់​ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ក្នុង​ការ​និពន្ធ​វិញ​ម្ដង​ ដោយ​លោក​បញ្ជាក់​ថា​បទ​នីមួយៗ​មិន​មែន​សុទ្ធ​តែ​ងាយ​ស្រួល​ ហើយ​និពន្ធ បាន​ភ្លាម​ៗ​នោះ​ទេ។ អ្នក​ខេត្ត​បាត់​ដំបង​រូប​នេះ អះអាង​ថា​​ តាម​បទ​ពិសោធន៍​លោក​ បើ​​សិន​ជា​ បទ​ចម្រៀង​រៀប​រាប់​ពី​តំបន់​ណាមួយ​ ហើយ​ចង់​ឲ្យ​បទ​នោះ​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ នឹង​មើល​ទៅ មាន​ភាព​រស់​រវើក គួរ​តែ​ចុះ​ទៅ​ដល់កន្លែង​​ផ្ទាល់​តែ​ម្តង​។

 

ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​តិចនិក ក៏ដូច​ផល​លំបាក​មួយ​ចំនួន​ក្នុងការ​និពន្ធ​របស់ អ៊ាម វន្នី តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា