អាណិតណាស់! ​ហេតុតែ​ចង់ជួប​នាង​ផ្ទាល់ ​ចាំ​​រហូត​​​ដល់​​​ចូល​​​មន្ទី​រ​​​​ពេ​ទ្យ​

កាលពី​ពេល​ថ្មី​ៗ​នេះ បុរស​ជនជាតិ​ហូ​ឡង់​ម្នាក់ មានឈ្មោះ​ថា Alexander Pieter Cirk អាយុ​៤១​ឆ្នាំ បាន​ជិះ​យន្តហោះ​ពី​ប្រទេស​ហូ​ឡង់ ទៅ​កាន់​ខេត្ត Hunan ប្រទេស​ចិន ក្នុង​ក្តី​សង្ឃឹមថា នឹង​បាន​ជួប​មិត្ត​ស្រី​លើ​អន​ឡាញ​របស់​ខ្លួន មានឈ្មោះ​ថា Zhang ហើយ​គាត់​បាន​រង់ចាំ​អស់​រយៈពេល១០​ថ្ងៃ នៅ​ឯ​ព្រ​លាន​យន្តហោះ Changsha តែ​នាង​បែរ​ជា​មិន​បង្ហាញខ្លួន​ទាល់តែ​សោះ​។
 
លោក Cirk បាន​ប្រាប់​ទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍ Hunan TV ថា គាត់​បាន​ស្គាល់​ស្ត្រី​ឈ្មោះ Zhang អាយុ​២៦​ឆ្នាំ នៅ​ក្នុង​កម្មវិធី​មួយ (App) កាលពី​២​ខែ​មុន ហើយ​គាត់​បាន​សម្រេចចិត្ត​ជិះ​យន្តហោះ​មក​ជួប​នាង ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​មក​ដល់ ខេត្ត Hunan គ្មាន​នរណា​ម្នាក់​មក​ជួប​គាត់​ឡើយ​។ ផ្ទុយ​ទៅ​វិញ គាត់​មិន​ព្រម​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​ឡើយ ដោយ​រង់ចាំ​នៅ​ទីនោះ​អស់​រយៈពេល១០​ថ្ងៃ តែ​ចុងបញ្ចប់​បាន​ត្រឹមតែ​ចូល​មន្ទីរពេទ្យ ដោយសារ​តែ​អស់កម្លាំង​ខ្លាំង​ពេក​។
 
រំលង​បាន​មួយ​ថ្ងៃ ស្ត្រី​ឈ្មោះ Zhang ក៏​បាន​ទាក់ទង​ទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​នោះ​ ដើម្បី​ធ្វើការ​បកស្រាយ បន្ទាប់​ពី​បានឃើញ​ការ​ផ្សាយ​បន្ត​ផ្ទាល់​រួច​មក​។ «​យើង​បាន​បណ្តុះ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​យើង ប៉ុន្តែ​ក្រោយមក​គាត់​ហាក់បីដូចជា​ឥត​មាន​មេត្តា​ចំពោះ​​​ខ្ញុំ​សោះ​។ ថ្ងៃមួយ​គាត់​បាន​ផ្ញើ​រូប សំបុត្រ​យន្តហោះ ឲ្យ​ខ្ញុំ​មើល តែ​ខ្ញុំ​បាន​គិត​ថា​វា​ជា​រឿង​លេងសើច ហើយ​គាត់​ក៏​មិន​បាន​ទាក់ទង​មក​ខ្ញុំ​ដែរ​»​។

នេះ​បើ​តាម​សម្តី​ស្ត្រី​ឈ្មោះ Zhang ប្រាប់​ទៅ​កាន់ ប៉ុស្តិ៍​ទូរទស្សន៍​ខាងលើ​។ Zhang ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​លោក Cirk មក​ដល់​ព្រ​លាន​យន្តហោះ នាង​បាន​ទៅ​ខេត្ត​ផ្សេង​ទៀត​ ដើម្បី​វះកាត់​កែ​សម្ផស្ស​បាត់​ទៅ​ហើយ និង​បាន​បិទ​ទូរ​សព្ទ​ទៀត​
ផង​៕