ប្រមុខ​រាជរដ្ឋាភិបាល​ណែនាំ​អាជ្ញាធរ​ខេត្ត​កែប​យកចិត្តទុកដាក់​ដោះស្រាយ​ទឹក​ស្អាត

ខេត្ត​កែប ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កែប​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ត្រូវ​ស្វែងរក​ដៃគូ​អ្នក​វិនិយោគ​ដើម្បី​អភិវឌ្ឍ​ន៌​វិស័យ​ទឹក​ស្អាត​អោយ​បាន​ទាន់​ពេលវេលា ។

ការ​ណែនាំ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​មន្ត្រីរាជការ អាជ្ញាធរ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃ​ទី​០៣ សីហា ២០១៦ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​លើក​ឡើង​ដែរ​ថា អាកាស​ចរ​ស៊ី​វិល​នៅ​ខេត្ត​កែប  គឺ​ត្រូវ​ប្រគល់​ទៅ​អោយ​ខេត្ត​ជា​អ្នកគ្រប់គ្រង​ទាំងស្រុង​ចាប់ពី​ពេល​នេះ​តទៅ ។ សម្តេច​តេ​ជោ ក៍បាន​រំលឹក​បញ្ជាក់​ដល់​អាជ្ញាធ​មាន​សមត្ថកិច្ច ត្រូវ​បន្ត​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ, កែ​លម្អ​ភាព​អសកម្ម ខិតខំ​កសាង​អំពើ​ល្អ ផ្តល់​សេវា​សាធារណៈ​អោយ​មាន​ប្រ​សិ​ទ្ឋិ​ភាពល្អ (​សេវា​តម្រូវការ​ចាំបាច់ និង​សេវា​សំណូមពរ​នានា​) រួម​សហការ​ជាមួយ​គយ រដ្ឋាករ ព​ន្ឋ​ដារ ប្រមូល​ចំណូល​សម្រាប់​ជាតិ និង​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​អោយ​បាន​ឆាប់​ល្អ​ជូន​ពលរដ្ឋ  ការពារ​បរិស្ថាន ការពារ​ព្រៃឈើ តំបន់ឆ្នេរ និង​ធនធានធម្មជាតិ  ហើយ​ត្រូវ​សើរើ​ពិនិត្យ​គម្រោង​វិនិយោគ​មួយ​ចំនួន​ដែល​ប៉ះពាល់​ធនធានធម្មជាតិ ដូច​ជា​គម្រោង​ដាំ​សា​រ៉ា​យ​ក្នុង​បាតសមុទ្រ និង​គម្រោង​ប៉ះពាល់​ព្រៃកោងកាង​ជាដើម ។

បើ​តាម Facebook Page ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​បង្ហាញ​ទៀត​ថា សម្តេច​តេ​ជោក៍​បាន​ប្រកាស​នឹង​និរាករណ៍​ចោល​ទាំងស្រុង​ចំពោះ​គម្រោង​ទាំងឡាយ​ណា​ដែល​មាន​ផល​ប៉ះពាល់ ។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៍បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​សហការ​ល្អជា​មួយ​ប្រទេស​ជិតខាង ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ៕