កំពុង​បើក​សុខ​ៗ ផ្ទុះ​ឆេះ​ខ្ទេច​គ្មាន​សល់

ខេត្តបាត់ដំបង ៖ រថយន្ត​មួយ​គ្រឿង​ខណៈ​កំពុង​បើក​សុខ​ៗ​ស្រាប់តែ​ផ្ទុះ​ឆេះ​អស់​គ្មាន​សល់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ឆេះ​នោះ​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ក្រ​ម៉ៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-7963 បើកបរ​ដោយ​ឈ្មោះ រ៉េ​ត សុ​ភ័​ក្រ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

មន្ត្រី​ដដែល​បន្ត​ថា រថយន្ត​នេះ​ត្រូវ​ភ្លើង​ឆេះ​ពេល​កំពុង​ធ្វើ​ដំណើរ​ដឹក​បន្លែ​ពី​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» បម្រុង​យក​ទៅ​ដាក់​នៅ​ផ្សារ​«​បឹង​ឈូក​» ក្នុង​ក្រុង​បាត់ដំបង លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​អគ្គិភ័យ​ឆាបឆេះ​តែ​ម្ដង ។

អ្នក​រត់​ម៉ូតូឌុប​ពេល​យប់​ម្នាក់​បាន​និយាយ​ថា ពេល​ដែល​រថយន្ត​នោះ​ដឹក​បន្លែ​ចេញពី​ផ្សារ​«​ភួ​ពុ​យ​»​បាន​បន្តិច គេ​ឃើញ​មាន​បែក​ផ្កាភ្លើង​នៅ​ផ្នែក​ខាងក្រោម​រថយន្ត រីឯ​ម្ចាស់​មិន​បានដឹង​ទេ ហើយ​គេ​ក៏​មិន​អាច​ស្រែក​ប្រាប់​អ្នកបើកបរ​នោះ​បាន​ដែរ ព្រោះ​កំពុង​ធ្វើ​ដំណើរ ។ សាក្សី​ដដែល​បញ្ជាក់​ថា ផ្កាភ្លើង​បាន​ផ្ទុះ​មិន​ឈប់ លុះ​បើក​ដល់​ចំណុច​កើតហេតុ​ផ្កាភ្លើង​នោះ​ក៏​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ​ភ្លាម​ៗ​តែ​ម្ដង ហើយ​គ្រានោះ​គេ​ឃើញ​អ្នកបើកបរ​បាន​ឈប់ រួច​បើកទ្វារ​ចុះ​រត់​ចេញ​បាត់ ។

លោក រៀម សា​រ៉េ​ត នាយ​រង​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ដែល​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ករណី​នេះ បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​មាន​បំពាក់​ប្រព័ន្ធ​ហ្គា​ស តែ​លោក​មិន​បាន​ជួប​ម្ចាស់​រថយន្ត ដើម្បី​ពន្យល់​ហេតុផល​ភ្លាម​ៗ​ទេ ព្រោះ​ម្ចាស់​បាន​រត់​ចោល​រថយន្ត​ក្រោយ​មាន​អគ្គិភ័យ​នេះ ។ លោក​បន្ត​ថា រថយន្ត​ដឹក​បន្លែ​នេះ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​តែ​ម្ដង ។ បើ​តាម​ការ​អះអាង​ពី​ម្ចាស់​រថយន្ត ដែល​បាន​និយាយ​ក្រោយ​ពេល​ភ្លើង​រលត់​បាន​ប្រាប់​ថា គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៤​ពាន់​ដុល្លារ គិត​ទាំង​ថ្លៃ​បន្លែ និង​ថ្លៃ​រថយន្ត ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ ៕