អ្នក​ប្រដាល់​ត្រកូល​ឡៅ​ពីរ​រូប​ត្រៀម​កណ្តាប់ដៃ​វ៉ៃ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ត្រកូល​ឡៅ​ពីរ​រូប​គឺ ឡៅ ច​ន្ទ្រា និង ឡៅ ចិ​ត្ត្រា មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN នា​ថ្ងៃអាទិត្យ ទី​៧ សីហា ខាង​មុខ​នេះ ។ ឡៅ ច​ន្ទ្រា នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ មុង ឃុ​ត​ភត ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម  ចំណែក ឡៅ ចិ​ត្រា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ តូ​តូ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។

សម្រាប់​កីឡាករ​ថៃ មុង ឃុ​ត​ភត មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ទើប​អត់​មាន​អ្នក​ណា​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​។ ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បាន​អះអាង​ថា កីឡាករ​ថៃ​រូប​នេះ​គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។ រីឯ​ឡៅ ច​ន្ទ្រា ថ្វី​ដ្បិតតែ​គេ​ទើបតែ​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​មួយ​រយៈ​នេះ​មែន ប៉ុន្តែ​បាន​សាង​កេរ្ដិ៍ឈ្មោះ​នៅ​លើ​សង្វៀន​លឿន​គ្រាន់បើ ព្រោះ​សូ​ម្បី​តែ​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​ចំនួន​ក៏​ពិបាក​ទប់ទល់​ជាមួយ​គេ​ដែរ ។ សម្រាប់​ជំនួប​ជា​មួយ​​កីឡាករ​ថៃ​លើក​នេះ​អ្នកគាំទ្រ​ភាគច្រើន​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​សមត្ថភាព​កីឡាករ​កម្ពុជា​រូប​នេះ ។ ឡៅ ច​ន្ទ្រា ចាប់តាំងពី​គេ​ឡើង​សង្វៀន​ប្រកួត​រហូត​មក​ទល់​នឹង​ពេល​នេះ​ភាគតិច​ណាស់​ដែល​ចាញ់​ធ្វើ​ឱ្យ​គេ​លេចធ្លោ​យ៉ាង​ខ្លាំង​នៅ​លើ​សង្វៀន ។ ដូច្នេះ​គេ​សង្ឃឹមថា ការ​ជួប​គ្នា​រវាង​ឡៅ ច​ន្ទ្រា និង​កីឡាករ​ថៃ​លើក​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ខ្លាំង​ប៉ះ​ខ្លាំង​ដែល​ពិតជា​ធ្វើ​ឱ្យ​សង្វៀន​កក្រើក​មិន​ខាន ។

ចំណែក​ឡៅ ចិ​ត្ត្រា ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ​តូ​តូ លើក​នេះ​ក៏​ពិបាក​វាយតម្លៃ​ទុក​មុន​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ដែរ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ ។ រីឯ ឡៅ ចិ​ត្ត្រា គឺជា​អ្នក​ប្រដាល់​ជើង​ថ្មី​សុទ្ធសាធ​ដែល​ទើបតែ​លេចមុខ​នៅ​លើ​សង្វៀន​មិន​បាន​យូរ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ការ​សាង​កេរ្ដិ៍ឈ្មោះ​នៅ​លើ​សង្វៀន​បាន​លឿន​គួរសម ។ ទោះជា​យ៉ាងណា សម្រាប់​ការ​ប្រកួត​លើក​នេះ អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ថា​យ៉ាងណា​នោះ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​​ការ​ប្រកួត​ជាក់​ស្ដែង​ប៉ុណ្ណោះ ។

ដោយឡែក​សមាសភាព​គូប្រកួត​ជើងឯក​ម៉ា​រ៉ា​តុង​ប្រចាំ​ស​ប្ដា​ហ៍​នេះ​វិញ​មាន កីឡាករ ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ ព្រឿ​ង សុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ព្រំ វី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ៕