ក្រសួង​ដាក់​របាយការណ៍​ទៅ​ម្ចាស់បំណុល អំពី​ការបំពាន​កិច្ចសន្យា​សាងសង់​ផ្លូវ​របស់​ក្រុមហ៊ុន​កូរ៉េ​ និពន្ធដោយ : ញ៉ុង​ ហេង       August-03-2016, 2:33 pm         388

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​ដាក់​របាយការណ៍​ទៅ​ម្ចាស់បំណុល អំពី​ការបំពាន​កិច្ចសន្យា​សាងសង់​ផ្លូវ​របស់​ក្រុមហ៊ុន​កូរ៉េ​​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅថ្ងៃនេះ បាន​បញ្ជូន​របាយការណ៍​ទៅ​ភាគី​កូរ៉េ ដែលជា​អ្នកផ្ដល់​កម្ចី​ដល់​កម្ពុជា លើ​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ ២១ ។ តាមរយៈ​របាយការណ៍​នេះ ក្រសួង​ពន្យល់​អំពី​ការបំពាន​កិច្ចសន្យា​របស់​ក្រុមហ៊ុន​កូរ៉េ​មួយ ដែល​ទទួល​ម៉ៅការ​សាងសង់​ផ្លូវជាតិ​លេខ ២១ ។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២​ខែសីហា​ថា ក្រុមហ៊ុន​កូរ៉េ​ដែល​ទទួល​សិទ្ធ​ពី​រដ្ឋាភិបាល (​ក្រុមហ៊ុន​ដើម​) បាន​ផ្ទេរសិទ្ធិ​សាងសង់​ទាំងស្រុង ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល ដែល​លោក​ប្រាប់ថា​នេះ គឺជា​ការរំលោភ​លក្ខខណ្ឌ​មានចែង​ក្នុង​កិច្ចសន្យា​។ លោក​ឲ្យ​ដឹង​ទៀតថា ក្រសួង​បាន​តម្រូវ​ឲ្យ​ខាង​ក្រុមហ៊ុន​កែសម្រួល​ជា​បណ្ដើរៗ​ហើយ តែ​ទន្ទឹមនឹងនេះ ក្រសួង​ក៏​ចាំបាច់​ត្រូវ​ឲ្យ​ដំណឹង​ទៅ​ភាគី​កូរ៉េ ដែលជា​ម្ចាស់បំណុល​ផងដែរ​។​

​ដើម្បី​ជ្រាប​ច្បាស់​ព័ត៌មាន​នេះ សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖

​នៅ​ថ្ងៃទី​២៨​ខែកក្កដា លោក ស៊ុន ចាន់ថុល បាន​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​ដល់​ការដ្ឋាន​ជួសជុល​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ ២១ ដែលមាន​ប្រវែង ៦៣​គីឡូម៉ែត្រ ពី​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដល់​ព្រុំប្រទល់​វៀតណាម​។

​លោក​អះអាងថា ក្រុមហ៊ុន​មិនបាន​សាងសង់​ផ្លូវ​ឲ្យ​ត្រឹម​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ ដូចជា​ការចាក់​គ្រឹះ​មិន​រឹង​មាំ និង​ដាក់​ស្លាក​សញ្ញា​មិន​គ្រប់គ្រាន់​ជាដើម​។ លោក​បន្ថែមថា  លោក​បាន​ណែនាំ​ក្រុមហ៊ុន​ឲ្យ​កែតម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​ធានាថា​ផ្លូវ​មួយ​ខ្សែ​នេះ​មានគុណ​ភាពល្អ នោះ​ទើប​រដ្ឋាភិបាល​ព្រម​ទទួលយក​លទ្ធផល​គម្រោង​នេះ​។​

​លោក ស៊ុន ចាន់ថុល ព្រមាន​ថា ក្រុមហ៊ុន​នឹងត្រូវ​បញ្ឈប់​គម្រោង ឬ​ដាក់​ក្នុង​បញ្ជីខ្មៅ ប្រសិនបើ​នៅតែ​ធ្វើ​មិនត្រូវ​ត្រឹម​តាម​កិច្ចសន្យា​៕