ហោ​សាស្ត្រ​សម្រាប់​ថ្ងៃទី ១ ដល់ ១៥ ខែសីហា ឆ្នាំ ២០១៦

ហោ​សាស្ត្រ​សម្រាប់​ថ្ងៃទី ១ ដល់ ១៥ ខែសីហា ឆ្នាំ ២០១៦

ឆ្នាំជូត
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយលោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន ។ តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះ។ប្រយ័ត្នបែរជាកើតរឿងរ៉ាវ អាចបង់ខាតលាភសក្ករៈវិញ ។ ក្នុងរយៈពេលនេះដែរ ចំពោះលោកអ្នកដែលកំពុងតែស្វែងរកការងារធ្វើ ឬ មានទុក្ខធុរៈរត់រកពឹងពាក់អ្នកណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នា ។ ក្រៅពីនោះពិតមែនតែមានផល់ចំណូលហូរចូលមកពីគ្រប់ទិសទីក្តី ។ តែចំពោះទ្រព្យក្តៅក្រហាយកុំលូកដៃទទួលយកឲ្យសោះប្រយ័ត្ន កើតរឿងរ៉ាវ ។ ចំពោះកំលោះក្រមុំ អាចទាក់ទងសាងពន្លកស្នេហាបាន ដោយពុំមានឧបស័គ្គអ្វីមករាំងស្កាត់ឡើយ ។

ឆ្នាំឆ្លូវ
រាសីល្អជាមធ្យមការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់ និង មិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារ ឬ បបួលរកស៊ីចូលហ៊ុន តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនធ្លាក់ក្នុងល្បិចកលគេ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួ តោងប្រយ័ត្នប្រយែងក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំខាល
រាសីស្រុតចុះខ្លាំងការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះការងារ និង ការរកស៊ីជួញដូរបន្ទាប់ពីមានការរីកលូតលាស់អស់មួយរយៈពេលរួចមកពេលនេះចាប់ផ្តើមធ្លាក់ចុះយ៉ាងកំហុកតែម្តង ទោះជាលោកអ្នក ប្រកបការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរបើលោកលោកអ្នកមានការនិយាយស្តីអ្វីតោងចេះប្រយ័ត្នមាត់កបន្តិចព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសប៉ះសិទ្ធិអ្នកដទៃតែបន្តិចអាចបង្កជារឿងវិវាទបាន ។ ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក ។

ឆ្នាំថោះ
រាសីល្អជាមធ្យមការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារ និង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តីតែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំ បណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់ និង មានភាពស្រពេចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះ កុំមានចិត្តលោភលន់ដោយចង់មានចង់បានឲ្យហួសប្រមាណពេកទេប្រយ័ត្ន អាចនាំមកនូវក្តីវិនាសអន្តរាយ និងអាចនាំអំពល់ទុក្ខដាក់ខ្លួនទៀតផង ។ ចំពោះគូស្វាមីភរិយាទាល់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ទើបនៅក្នុងគ្រួសារមានភាពសុខដុមរមនា ។

ឆ្នាំរោង
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ព្រោះបើសម្រេចចិត្តថាត្រូវធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរពិតមែនតែមានផលចំណូលហូរចូលមកពីគ្រប់ទិសទីក្តីតែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវឲ្យគេជំពាក់បំណុល ឬ ឲ្យគេខ្ចីលុយកាក់ឡើយ ព្រោះកាលបើបានធ្លាក់ដល់ដៃគេហើយគឺគ្មានថ្ងៃបានវិលត្រឡប់វិញឡើយ ។ ចំពោះគូស្នេហ៍ ក្នុងរយៈពេលនេះ ប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ។

ឆ្នាំម្សាញ់
រាសីស្រុតចុះខ្លាំងការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះអ្នកដែលប្រកបកាងារនៅទីខ្ពស់ ចូរប្រយ័ត្នប្រយែងក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយឬផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ។ ប្រយ័ត្នអាចជួបគ្រោះអាក្រក់ ។ រីឯអ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះគ្រោះថ្នាក់មានគ្រប់វិនាទី ។ ចំពោះគូស្វាមីភរិយា ជួបរឿងរកាំរកូសច្រើន ។

ឆ្នាំមមី
រាសីឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានានឹងបានទទួលការកោតសរសើរនិងជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែ ព្រមទាំងបានប្រគល់នូវតួនាទី និង កិច្ចការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ជំនួសទៀតផង ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែអ្វីៗអាចដំណើរការបានស្រួលក្តី ។ តែចូរកុំមានអំនួតអួតក្អេងក្អាងឲ្យសោះ ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំមមែ
រាសីស្រុតចុះខ្លាំងការងាររកស៊ីជួញដូរមិនគ្រាន់តែជួបនឹងឧបស័គ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ។ ដូច្នេះលោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំឬលក់ឲ្យដោយធូរថ្លៃយ៉ាងណាក្តីក៏មិនត្រូវទទួល ឬ ទិញយកដែរ ។ ប្រយ័ត្នអាចនាំអំពល់ទុក្ខដាក់ខ្លួននិងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង ។ ក្រៅពីនោះ មុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិឬរួមការងារជាមួយនឹងអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និង អាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន។ ចំពោះគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន ។

ឆ្នាំវក
រាសីល្អជាមធ្យមការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរមុនពេលប្រគល់ ឬ ទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាពនិងរាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែមានផលចំណូលហូរចូលច្រើនគួរសមក្តី ។ តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះខ្ទង់ចំណាយធំជាងខ្ទង់ចំណូល ។ ក្រៅពីនោះ ដោយសារតែសុខភាពមិនសូវល្អជា លោកអ្នកមិនត្រូវល្មោភស៊ីល្មោភផឹកឡើយ ទើបមិនអន្តរាយដល់ក្រពះនិងពោះវៀន ។ ចំពោះគូស្នេហ៍ ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាលធ្វើឲ្យចំណងស្នេហារង្គោះរង្គើប ។

ឆ្នាំរកា
រាសីឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬ ចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោកឬផ្លូវទឹកឡើយ គឺសមប្រកបទាំងអស់តែនៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វែងនឹងបនល្បែងស្រីស្រាឲ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ក្នុងរយៈពេលនេះដែរបើលោកអ្នកមានដំណើរទៅណាមកណា គឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និង ត្រឡប់ ។ ចំពោះគូស្នេហ៍ ដែលធ្លាប់ស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ អាចគិតគូររឿងរៀបអាពាហ៍ពិពាហ៍បាន ។

ឆ្នាំច
រាសីស្រុតចុះខ្លាំងការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរក្រុមហ៊ុន ឬ រោងចក្រនានា តោងចេះរំងាប់ចិត្តឲ្យបានត្រជាក់ ។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយឬថៅកែឡើយ ។ ពុំនោះទេ អាចបាត់បង់តួនាទី និង កន្លែងធ្វើការជាក់ជាមិនខាន។ចំពោះ បុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរ ដោយសារតែសុខភាពមិនសូវល្អជា លោកអ្នកត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើននិងមិនត្រូវធ្វើការឲ្យហួសកម្លាំងឡើយ។ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះ បើមិនឆាប់បញ្ចប់រឿងរកាំរកូសទេនោះ គឺរឿងរ៉ាវអាចរីករាលដាលកាន់តែធំឡើងជាក់ជាមិនខាន ។

ឆ្នាំកុរ
រាសីល្អជាមធ្យមការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេនិងនាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញប៉ុណ្ណោះ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារឬរកស៊ីចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះ លោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ។ ប្រយ័ត្នធ្វើគុណបានទោសនិងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង។ ចំពោះគូស្វាមីភរិយា ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ធ្វើឲ្យមានរឿងល្អក់កករនៅក្នុងគ្រួសារ ៕

ប្រភព៖ pmhotnews

  • ហោ​សាស្ត្រ​សម្រាប់​ថ្ងៃទី ១ ដល់ ១៥ ខែសីហា ឆ្នាំ ២០១៦已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ចំនេះដឹង
Tags: