រុ​ស្ស៊ី​ជួយ​ទម្លាក់​គ្រាប់បែក​ជិត​ក្រុង​អា​ឡែ​ប ខណៈ​កងទ័ព​ស៊ី​រី​សម្លាប់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​60​នាក់

កង​យន្តហោះ​រុ​ស្ស៊ី​ដែល​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​ស៊ី​រី​បាន​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​នៅ​ភាគ​ខាងត្បូង​ក្រុង​អា​ឡែ​ប​ទប់​ការ​វាយបក​របស់​ពួក​ឧទ្ទាម​ដែល​ប៉ុនប៉ង​ទម្លាយ​ការ​ឡោម​ព័ទ្ធ​សង្កាត់​ទាំងឡាយ​នៃ​ក្រុង​អា​ឡែ​ប​ដែល​ពួក​គេ​ត្រួតត្រា ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា​ការ​បាញ់​ផ្លោង​ត្រូវ​បាន​បង្កើន​ទ្វេ​ដង​លើ​តំបន់​ក្រុង​អា​ឡែ​ប​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម ហើយ​មានការ​ទម្លាក់​ធុងសាំង​ឆេះ​របស់​កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២ សីហា លើ​ទីក្រុង​ឧទ្ទាម SARAQEB ចម្ងាយ​៥០​គីឡូម៉ែត្រ ខាងត្បូង​ក្រុង​អា​ឡែ​ប ដែល​ក្នុង​នោះ​សង្ស័យ​មានការ​ប្រើ​ឧស្ម័ន CHLORE ផង ។

គឺ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង SARAQEB ខេត្ត​អីុ​ដ​លី​ប ដែល​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​មួយ​គ្រឿង​ត្រូវ​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​១ សីហា បណ្តាល​ឱ្យ​ស្លាប់​ទាហាន​រុ​ស្ស៊ី​៥​នាក់​ជិះ​ក្នុង​ឧទ្ធម្ភាគ​ចក្រ​​នេះ ។

ម្យ៉ាងទៀត កងទ័ព​ស៊ី​រី​បាន​បើក​ការ​វាយលុក​មួយ​កាលពី​ថ្ងៃ​ទី​២ សីហា ប្រឆាំង​ទីក្រុង​មួយ​ត្រួតត្រា ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខេត្ត DEIR EZ ZOR ដោយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ី​រី SANA ថា សម្លាប់​យុទ្ធ​ជន​ក្រុម​ជី​ហា​ដ​នេះ​៦០​នាក់ ។

យោង​តាម SANA ថា កងទ័ព​បាន​វាយប្រហារ​ទីតាំង​ទាំងឡាយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីក្រុង JNAINEH ចម្ងាយ​២​គីឡូម៉ែត្រ​ខាងលិច​ទីក្រុង DEIR EZ ZOR ទីប្រជុំជន​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ ។ កងទ័ព​ស៊ី​រី​ក៏​វាយ​រុញច្រាន​ផង​ដែរ ការ​វាយប្រហារ​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រឆាំង​តំបន់​ជា​ច្រើន​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ក្នុង​ខេត្ត​សម្បូរ​ដោយ​ប្រេង​កាត​នេះ ។ យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​សិប​នាក់​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​នោះ​មាន​មេបញ្ជាការ​ម្នាក់​ផង ៕