នៅ​កូរ៉េ​ខាងត្បូង​អា​មេ​រិ​ក​អាច​ជំនួស​មី​ស៊ី​ល​PATRIOT PAC-2 ដោយ​PAC-3​វិញ

យោង​តាម YONHAP ថា ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​២ សីហា នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​អូ​សាន ខេត្ត PYEONGTAEK លោក ERIC FANNING រដ្ឋមន្ត្រី​កងទ័ព​អាមេ​រិ​ក​ថ្លែង​ថា សហរដ្ឋ​អា​មេ​រិ​ក​នឹង​អាច​ជំនួស​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល PATRIOT ធុន PAC-2 ដោយ​ធុន  PAC-3 ដែល​ទំនើប​ជាង​នៅ​កូរ៉េ​ខាងត្បូង​នា​ឆ្នាំ​២០១៨ ដើម្បី​អាច​ការពារ​រដ្ឋធានី​កូរ៉េ​ខាងត្បូង ក្រុង​សេ​អ៊ូ​ល និង​តំបន់​ក្រុង​នេះ ។

រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ថា បច្ចុប្បន្ន​យើង​ផ្តោត​លើ​ប្រព័ន្ធ PATRIOT ដែល​យើង​មាននៅ​កូរ៉េ​ខាងត្បូង ។ លោក​ពុំ​អះអាង​ជា​ផ្លូវការ​ពី​ការ​ជំនួស​ប្រព័ន្ធ PAC-2 ដោយ​ប្រព័ន្ធ PAC-3 ទេ តែ​ថា ការ​ផ្លាស់​ប្តូរ​អាច​មាន​ប៉ុណ្ណោះ ។ លោក​ថា ការ​ជំនួស PAC-2 ដោយ PAC-3 នឹង​អាច​ឱ្យ​កងទ័ព​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង ប្រឈម​មុខ​បាន​ល្អ​ចំពោះ​ការ​គំរាម​កំហែង​​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។

រដ្ឋមន្ត្រី​កងទ័ព​អា​មេ​រិ​ក​រូប​នេះ​មក​ដល់​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​១ សីហា ដើម្បី​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ទីនោះ ។ មុន​នេះ​លោក​បាន​ទៅ​កាន់​កោះ​ហា​វ៉ៃ កោះ​ហ្គា​ម ប្រទេស​ជប៉ុន និង​ម៉ា​ឡេ​ស៊ី រួច​ហើយ​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​តាម​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ។

បន្ថែម​លើ​មី​ស៊ី​ល PATRIOT និង​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD លោក FANNING ឱ្យ​ដឹង​ថា កងទ័ព​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង និង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​គ្រោង​ធ្វើការ​ជ្រើសរើស​ដទៃ​ៗ​ទៀត ដើម្បី​ការពារ​ប្រទេស​នេះ​ប្រឆាំង​បណ្តា​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ។

គួរ​រំលឹក​ថា លោក ERIC FANNING ត្រូវ​បាន​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា តែងតាំង​ជា​រដ្ឋមន្ត្រី​កងទ័ព​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៥ ហើយ​ត្រូវ​ព្រឹទ្ធសភា​អនុម័ត​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៦ ៕