ច្រករបៀង​កំពង់​ស្ពាន​ស្ថិតនៅ​សង្កាត់​បាវិត ក្រុង​បាវិត​មាន​យួន​នាំចូល​ទំនិញគេចពន្ធ​កាន់តែច្រើន​

​ប្រភពព័ត៌មាន​ពី​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មាន​ករណី​ជនជាតិ​យួន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​ចូល​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​កំពង់​ស្ពាន ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត រឹតតែ​ច្រើនឡើង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ​មិនបាន​ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​នោះទេ តែ​បែរជា​ឃុបឃិត​ជាមួយ​ឈ្មួញ​យួន​នាំចូល​ទំនិញ​ខុសច្បាប់​ជា​ថ្នូរ​នឹង​ប្រាក់​សូកប៉ាន់​ដើម្បី​យក​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​ទៅវិញ​។​

ទំនិញគេចពន្ធ​ឆ្លងដែន​ខុសច្បាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ក្រុង​បាវិត​រៀបរាប់​មានដូចជា  សាច់គោ សាច់ជ្រូក ពោះគោ ពោះជ្រូក សាច់មាន់ គ្រឿងក្នុង​មាន់​ទា និង​ស៊ុតមាន់ ស៊ុតទា ព្រមទាំង​បន្លែ​ជាដើម​។ នគរបាល​វរ​ការពារ​ព្រំដែន ទាហាន និង​ភាស៊ី ឈរជើង​តាម​ច្រករបៀង​ជា​អ្នក​អនុញ្ញាតឱ្យ​ឈ្មួញ​យួន​នាំចូល ហើយ​ដាក់​កុងត្រូលជជុះ​យកប្រាក់​ទើប​ពិបាក​បង្ក្រាប នេះ​ជាការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ ក្រុង​បាវិត​។​

​ប្រជាពលរដ្ឋ​ក្រុង​បាវិត បាន​រិះគន់ថា​ក្នុងពេលដែល​ប្រទេស​កម្ពុជា​គ្មាន​ផលិតផល​អ្វី​នាំ​ចេញទៅ​លក់​ឲ្យ​ប្រទេស​យួន​នោះ គេ​សង្កេតឃើញ​ប្រទេស​យួន​មាន​ផលិតផល​ច្រើន​ប្រភេទ និង​សម្បូរបែប​នាំយកមក​លក់​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​មួយថ្ងៃៗ​រាប់រយ​តោន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា គ្រឿ​ឧបភោគបរិភោគ គ្រឿងសំណង់ គ្រឿងអគ្គិសនី និង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត​ត្រូវបាន​នាំចូល​ប្រទេស​កម្ពុជា​ក្នុង​រូបភាព​ស្របច្បាប់ និង​មិន​ស្របច្បាប់​តាម​ខេត្តស្វាយរៀង​ជា​រៀងរាល់ថ្ងៃ​ដែល​បញ្ហា​នេះ​បង្ហាញថា​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចាញ់​ប្រទេស​យួន​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជា​ពល​ដ្ឋ​ក្រុង​បាវិត បាន​សំណូមពរ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា គប្បី​សហការគ្នា​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ប្រទេស​កម្ពុជា​ឲ្យ​បាន​ល្អិតល្អន់​ស្របតាម​គោលការណ៍​ច្បាប់​ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ឈ្មួញ និង​មន្ត្រី​ពុករលួយ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​ចូល​ប្រទេស​កម្ពុជា​ដូច​សព្វថ្ងៃ​នោះទេ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា សព្វថ្ងៃនេះ គេ​សង្កេតឃើញ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​យួន​មាន​ភាពប្រសើរឡើង​ជាង​ប្រជាពលរដ្ឋ​ខ្មែរ នេះ​ក៏​ដោយសារតែ​ប្រទេស​យួន​មានការ​ដឹកនាំ​បាន​ត្រឹមត្រូវ និង​ស្អាតស្អំ​ជាង​ប្រទេស​កម្ពុជា​៕

c80dea3d-418a-4ec3-ba0b-446e055e8c6c fb92ede3-7de7-41e7-9625-34943484d480