អព្ភូតហេតុ​ស្ទើរតែ​មិន​ជឿ មាន​សាក្សី​ថត​បាន​អគ្គិភ័យ​កំពុង​ឆាបឆេះ (​មាន​វី​ដេ​អូ​)

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់ មាន​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ផង បាន​នាំ​គ្នា​ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ចោមរោម​មើល​អព្ភូតហេតុ ដ៏​ចម្លែក​មួយ ​ដែល​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​សម្ភារ និង​ទ្រព្យសម្បតិ្ត​នៅ​ក្នុងផ្ទះ​គ្រួសារ​កសិករ​មួយ នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​អស់​រយៈពេល​ជាង​២ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ សូ​ម្បី​តែ​ម្ចាស់ផ្ទះ សមត្ថកិច្ច ឬ​អ្នក​ភូមិ​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​ក្ដី តែ​ពួក​គេ​បាន​ផ្ដោត​ទៅ​លើ​អបិយ​ជំនឿ​ទៅ​វិញ​ ។

លោក សាត ស៊ា​ត អធិការរង​ស្រុក​បាណ​ន់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិតជា​មាន​អព្ភូតហេតុ​ដ៏​ចម្លែក​នោះ​មែន ដែល​ម្ចាស់ផ្ទះ​ឈ្មោះ​បឿន សា​លឿន អាយុ​៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​កោប យី អាយុ​៣៨​ឆ្នាំ មានកូន​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុក​។ លោក​អធិការរង​បាន​បញ្ជាក់​ថា លោក​បានឃើញ​ផ្ទាល់​ភ្នែក វា​បាន​បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​សម្ភារៈ និង​ទ្រព្យសម្បត្តិ​នានា​ទាំង​នៅ​លើ​ផ្ទះ ទាំង​នៅ​ក្រោមផ្ទះ​របស់​គ្រួសារ​នេះ​ស្ទើរ​រាល់ថ្ងៃ រហូត​កម្លាំង​របស់​លោក​ដាក់​ប្រចាំការ​ចាំ​ឃ្លាំមើល​ទៀត​ផង គឺ​ពិតជា​មាន​ភ្លើង​ឆេះ​បែប​នេះ​មែន ។ ទាំង​ម្ចាស់ផ្ទះ ទាំង​ប្រជា​ពលរដ្ឋ​ដែល​បានឃើញ​ផ្ទាល់​ភ្នែក សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ព្រោះ​នៅ​សុខ​ៗ​ស្រាប់តែ​មាន​ភ្លើង​ឆេះ​ឡើង ។ អព្ភូតហេតុ​ដ៏​ចម្លែក​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៧ កក្កដា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣០​កក្កដា ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាងតិច​៨​ដង​ក្នុង​មួយ​ថ្ងៃ​។

ស្ត្រី​ឈ្មោះ​ឈេ​ន ជឿន អាយុ​៦៦​ឆ្នាំ ជា​ម្ដាយ​ម្ចាស់ផ្ទះ​កើតហេតុ ដែល​បាន​ជួប​ហេតុការណ៍​នេះ​ផ្ទាល់ និង​ជា​លើក​ដំបូង​បាន​និយាយ​ថា ពេល​គាត់​កំពុង​អង្គុយ​ក្រោមផ្ទះ ស្រាប់តែ​សុខ​ៗ​ឃើញ​ភ្លើង​ឆេះ​គំនរ​ស្បូវ​នៅ​ក្រោម​ជង្រុក​ក្រោយ​ផ្ទះ ។ គាត់​បានរ​ត់ទៅ​ពន្លត់ ហើយ​គិត​ថា ប្រហែល​មាន​គេ​លួច​ដុត គាត់​ក៏​យក​ស្បូវ​នោះ​ទៅ​គរ​ទុក​ក្បែរ​ផ្ទះ​វិញ ។ គាត់​បន្ត​ថា ប្រហែល​១០​នាទី​ក្រោយ​ភ្លើង​បាន​ឆេះ​ស្បូវ​នោះ​ទៀត គាត់​ក៏​ស្រែកហៅ​កូនចៅ​ឲ្យ​ជួយ​មើល ភ្លើង​បាន​ឆេះ​ដំបូល​ជង្រុក​វិញ​ម្ដង ឆេះ​ទាំង​ស្រូវ​អស់​៤​ការុង​ផង ។ គាត់​នៅ​តែ​សង្ស័យ​ថា អាច​មាន​គេ​លួច​ដុត​ដដែល គាត់​ក៏​ឲ្យ​កូន​លើក​ស្រូវ​ដែល​នៅ​សល់​យក​ទៅ​ដាក់​លើ​តាប​ប៊ី​យ៉ា​ក្រោមផ្ទះ ។ ស្រាប់តែ​ភ្លើង​បាន​ឆេះ​ស្រូវ​លើ​តាប​ប៊ី​យ៉ា​នោះ​អស់​៣​ការុង​ទៀត លុះ​១០​នាទី​ក្រោយ​ភ្លើង​ឆេះ​គំនរ​ស្បូវ​២​កន្លែង​ដំណាលគ្នា​ទៀត ធ្វើ​ឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង ការឆេះខាងលើនេះមួយថ្ងៃឆេះម្តងៗ ។

អព្ភូតហេតុ​នោះ​បាន​ស្ងប់ស្ងាត់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លុះ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ស្រាប់តែ​ភ្លើង​បាន​ឆេះ​មុង​ផង វាំងនន​ផង នៅ​លើ​ផ្ទះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​ថ្ងៃ​ទៀត ។ មិនតែប៉ុណ្ណោះ​ឆេះ​អាំ​ភ្លី ឆេះ​ទូ និង​សម្ភារ​ដទៃ​ទៀត​ជា​បន្តបន្ទាប់ គ្រានោះ​គាត់​និង​កូន​បាន​ជញ្ជូន​អីវ៉ាន់​ចុះពីលើផ្ទះ​ទៅ​ផ្ញើ​នៅផ្ទះ​អ្នក​ ជិតខាង ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង ភ្លើង​បាន​តាម​ឆេះ​អីវ៉ាន់​ទាំងនោះ​នៅផ្ទះ​គេ​ទៀត​។ គាត់​មិន​អស់ចិត្ត​ក៏​យក​ខ្នើយ​និង​ពួក​ទៅ​ពាក់​លើ​របង​នៅ​ក្បែរ​ផ្ទះ​វិញ ព្រោះ​ខ្លាច​ឆេះ​ផ្ទះ​គេ តែ​ត្រូវ​ភ្លើង​ឆេះ​ខ្នើយ​ពួក​នៅ​លើ​របង​ទៀត គឺ​បន្ត​ឆេះ​សម្ភារ និង​ទ្រព្យសម្បត្តិ​គាត់​រហូត ហើយ​ឆេះ​លើក​ចុង​ក្រោយ​នៅ​យប់​ថ្ងៃ​ទី​៣០ កក្កដា គឺ​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៧​យប់ គឺ​អព្ភូតហេតុ​ដ៏​ចម្លែក​នេះ​បាន​កើតឡើង​ចំនួន​៦​លើក ។ គាត់​បញ្ជាក់​ថា ភាគច្រើន​គឺ​ឆេះ​នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ដែល​កំពុង​ចោមរោម និង​ចាំ​ឃ្លាំមើល​តែ​ម្ដង ពិតជា​ចម្លែក​ណាស់ ។

មាន​សាក្សី​ជា​ច្រើន​សុទ្ធតែ​បាន​អះអាង​ថា ពួក​គេ​បានឃើញ​អព្ភូត​ហេតុនេះ​ផ្ទាល់​ភ្នែក​។ សាក្សី​ទាំងនោះ​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​អព្ភូតហេតុ​នោះ ដែល​មិន​ធ្លាប់​ជួប​ប្រទះ​តាំងពី​តូច​ក្រូចឆ្មារ​មក លុះ​បានឃើញ​ផ្ទាល់​ភ្នែក​បែប​នេះ ពួក​គេ​ចាត់​ទុកដូចជា​រឿង​សិល្ប៍​នៅ​ក្នុង​ខ្សែភាពយន្ត​ដូច្នេះ​ដែរ​ព្រោះ​ ជាក់ស្ដែង​ពេក​។ សមាជិក​គណៈកម្មការ​វត្ត​បឹង​ក្រសាល​ដែល​ឃើញ​ផ្ទាល់​ភ្នែក គឺ​លោក យ៉​ម រឿ​ត បាន​មាន​ប្រសាសន៍​ថា គាត់​បានឮ​អំពី​រឿង​នេះ និង​ឃើញ​អ្នក​ភូមិ រួម​ទាំង​សមត្ថកិច្ច​ផង មានការ​ភ្ញាក់ផ្អើល​ជិត​២​ស​ប្ដា​ហ៍​ហើយ តែ​លោក​មិន​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ទេ ។ នៅ​ព្រលប់​ថ្ងៃ​ទី​៣០ កក្កដា ពេល​លោក​និង​អ្នក​ភូមិ រួម​ទាំង​សមត្ថកិច្ច​កំពុង​អង្គុយ​នៅ​ខាង​មុខ​តូប​លក់ដូរ​របស់​ម្ចាស់ផ្ទះ ស្រាប់តែ​សុខ​ៗ​ភ្លើង​បាន​ឆេះ​បាវ​អង្ករ និង​ឆេះ​កញ្ច្រែង​ដាក់ DVD នៅ​ក្បែរ​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​លោក​ងឿងឆ្ងល់​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ។ លោក​មិន​ធ្លាប់​ឃើញ​អព្ភូតហេតុ​បែប​នេះ​ទេ តាំងពី​កើតមក ទើបតែ​ពេល​នេះ​លោក​បានឃើញ​ផ្ទាល់​ភ្នែក តែ​លោក​ក៏​មិនដឹង​ថា បណ្ដាល​មក​ពី​រឿង​អ្វី​ដែរ ។

ជុំវិញ​ហេតុការណ៍​ដ៏​ចម្លែក​នេះ បើ​តាម​ម្ចាស់ផ្ទះ​ឈ្មោះ​បឿន សា​លឿន បាន​និយាយ​ថា កាលពី​ជាង​មួយ​ឆ្នាំ​មុន លោក​ធ្លាប់​រើស​បាន​វត្ថុ​បុរាណ​មួយ​ដែល​មាន​ទម្រង់​ដូច​មកុដ​ធ្វើ​ពី​ លោហធាតុ មាន​កម្ពស់​ប្រហែល​៧​ហ៊ុន និង​ទទឹង​ប្រហែល​៥​ហ៊ុន ។ លោក​ថា ក្រោយមក​លោក​បាន​យក​វត្ថុ​នោះ​ទៅ​រក្សា​ទុក​នៅ​លើ​ផ្ទះ​រហូត​មក តែ​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ទេ ។ ប៉ុន្តែ​បន្ទាប់​ពី​មាន​អព្ភូតហេតុ​ចម្លែក​ឆ្លើ​ង​ឆេះ​ទ្រព្យសម្បត្តិ​ដោយ​ គ្មាន​ហេតុផល​នេះ លោក​និង​ក្រុម​គ្រួសារ​ក៏​បាន​ទៅ​រក​គ្រូ​មើល ហើយ​គ្រូទាយ​ថា អព្ភូត​ហេតុនេះ​កើតឡើង​ដោយសារ​តែ​លោក​រក្សា​ទុក​វត្ថុ​បុរាណ​នោះ​នៅ​លើ​ផ្ទះ ។ ក្រោយ​ពី​ឮ​គ្រូទាយ​បែប​នេះ នៅ​ថ្ងៃ​ទី​២៩ កក្កដា លោក​ក៏​យក​វត្ថុ​បុរាណ​នោះ​ទៅ​ប្រគេន​លោក​នៅ​វត្ត​បឹង​ក្រសាល​ឲ្យ​រក្សា​ទុក ​វិញ តែ​ភ្លើង​នៅ​តែ​តាម​ឆេះ​សម្ភារ និង​ទ្រព្យសម្បត្តិ​របស់​លោក​ដដែល ។ លោក បឿន សា​លឿន បាន​និយាយ​ថា ពេល​ហេតុការណ៍​នេះ​កើតឡើង​មិន​ឈប់​ឈរ លោក​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់ រហូត​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​ជាមួយ​អ្នក​ភូមិ និង​បានឃើញ​ហេតុការណ៍​នេះ​ដោយ​ផ្ទាល់​ភ្នែក​ទៀត​ផង​។

ដោយសារ​តែ​អព្ភូត​ហេតុនេះ​កើតឡើង​ជាក់ស្ដែង​ពេក ទាំង​អាជ្ញាធរ ទាំង​សមត្ថកិច្ច រួម​ទាំង​អ្នក​ភូមិ​ផង បាន​ផ្ដោត​ខ្លាំង​ទៅ​លើ​អបិយ​ជំនឿ​តាម​បែប​សាសនា ដោយ​បាន​រៀបចំ​ពិធីបញ្ជាន់រូប និង​បូ​ង​សួង​សុំ​សេចក្ដីសុខ​សប្បាយ ដោយ​មាន​មនុស្ស​រាប់រយ​នាក់​ចូលរួម ។ ពិធីបញ្ជាន់រូប​នោះ គឺ​មាន​អ្នក​ស្នង​រូប​រហូត​ដល់​៦​នាក់​ឯណោះ ។ អព្ភូតហេតុ​នោះ​មិនមែន​កើតឡើង​ដោយ​ការ​ក្ដៅក្រហាយ​នឹង​ម្ចាស់ផ្ទះ​ដែល​យក​ វត្ថុ​បុរាណ​ទៅ​រក្សា​ទុក​នៅ​លើ​ផ្ទះ​នោះ​ទេ គឺ​ដោយសារ​ខុស​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ពិសេស​អ្នកតា​វល្លិ​ដែល​ថែរក្សា​ព្រៃ​ភ្នំ​ក្រំ​ថ្ម​នៅ​តំបន់​នោះ​ដែល​ ខ្វះ​ទីជម្រក ។ អ្នក​សួរ​ដេញដោល​អ្នក​ស្នង​រូប​បាន​និយាយ​ថា អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​បាន​យំ​ស្រែក និង​ស្ដីបន្ទោស​ទៅ​លើ​ម្ចាស់ផ្ទះ​ថា មិន​បាន​អើពើ​នឹង​ការ​ខ្វះ​ទីជម្រក​របស់​ពួក​គេ ហើយ​ទាមទារ​ឲ្យ​ម្ចាស់ផ្ទះ និង​អ្នក​ភូមិ​ជួយ​ធ្វើ​ជម្រក​ស្នាក់​នៅ​ឲ្យ​បាន​សមរម្យ​នៅ​ក្បែរ​ដើម​ពោធិ៍ ​ដ៏​ធំ​មួយ​នៅ​ខាង​មុខ​វត្ត​បឹង​ក្រសាល ទើប​ម្ចាស់ផ្ទះ និង​អ្នក​ភូមិ​រស់នៅ​បាន​សុខសាន្ត ។ ទាំង​ម្ចាស់ផ្ទះ ទាំង​អ្នក​ភូមិ​ទំនងជា​យល់ព្រម​ទទួលយក​សំណើ​នេះ​ទៅ​តាម​ទំនៀមទម្លាប់​ហើយ ដើម្បី​ភាព​សុខសាន្ត​នៅ​ក្នុង​មូលដ្ឋាន ។

ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​លែង​កើត​មាន​ទៀត​ហើយ​ចាប់តាំងពី​ព្រឹក​រហូត​មក​ទល់​នឹង​វេលា​ ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២ សីហា ២០១៦​នេះ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បាន​និយាយ​បន់ស្រន់​ទៅ​កាន់​អ្នក​បញ្ជាន់រូប​ក្នុង​ លក្ខខណ្ឌ​បើ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​អីវ៉ាន់​នៅ​ក្នុងផ្ទះ​ទៀត​នោះ​នឹង​មិន​ សង់​ខ្ទម​អ្នកតា​ឲ្យ​ទេ ។ ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ចម្ងាយ នៅ​តែ​បន្ត​នាំ​គ្នា​ចូល​ទៅ​មើល​ហេតុការណ៍​ ផ្ទះ​ដែល​ចេះ​តែ​កើត​មាន​អគ្គិភ័យ​មិនដឹង​មូលហេតុ​ ។

ខាងក្រោម​នេះ​ជា​វី​ដេ​អូ​ឃ្លី​ប ដែល​សាក្សី​គាត់​បាន​ថត​ពី​អព្ភូតហេតុ​ចម្លែក​បង្ក​ជា​អគ្គិភ័យ​មួយ​នេះ សូម​ទស្សនា​ទាំងអស់​គ្នា ៖