បក់ដៃ​ហៅ​ឲ្យ​ចូល ស្មាន​តែ​មានការ​អី ការ​ពិត​ហៅ​មក​ចាប់រំលោភ​សោះ

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​សាងសង់​អំពី​ថ្ម​បេតុង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​គ្មាន​អ្នក​ណា​ស្នាក់​នៅ​បាន​ក្លាយទៅជា​កន្លែង​បំពេញ​ចំណង់តណ្ហា​របស់​បុរស​ល្មោភកាម ដោយ​បាន​​បក់​ដៃ​ហៅ​​ក្មេង​ស្រី​ជំទង់​មក​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​១២ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ។

មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ មុត ផល​លក្ខណ៍ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​អាយុ​១៤​ឆ្នាំ ហើយ​ជា​មនុស្ស​ដែល​មាន​សតិ​មិនសូវ​គ្រប់​ទៀត​ផង ។

មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា ក្រោយ​ពេល​រំលោភ​រួច​បុរស​ល្មោភកាម​នោះ​បាន​ប្រញាប់​រត់គេច​ខ្លួន​ចេញពី​មូលដ្ឋាន​បាត់ បន្ទាប់​មក​ពេល​ដែល​ក្មេង​ស្រី​រង​គ្រោះ​មក​ដល់​ផ្ទះ​វិញ​ក៏​បាន​ប្រាប់​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​បានដឹង ភ្លាម​ៗ​នោះ​ឪពុក​ម្តាយ​ក៏​ប្រញាប់​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះ​ធាតុ​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ហើយ​លោក​អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ បាន​ធ្វើការ​ណែនាំ​ដល់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​បញ្ជូន​កូនស្រី​របស់​ខ្លួន​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

លោក លី តៃ​ឈ​ន់ អធិការរង​នគរបាល​ស្រុក​អូរ​រាំង​ឪ បាន​ឲ្យ​ដឹង​ថា ដំបូង​ក្មេង​ស្រី​រង​គ្រោះ​កំពុង​តែ​ជ្រូ​យ​ដី​ត្រឡាច​ជាមួយនឹង​ម្តាយ​នាង លុះ​ម៉ោងជាង​១២​ថ្ងៃត្រង់ បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​បងស្រី​ដោយ​ដើរ​កាត់​កន្លែងផ្ទះ​ចាស់​ដែល​មាន​ចម្ងាយ​៦០​ម៉ែត្រ​ពី​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ ក៏​បាន​ជួបនឹង​ជនជាប់ចោទ​ដែល​កំពុង​តែ​នៅ​ក្នុងផ្ទះ​ចាស់ ហើយ​បាន​បក់ដៃ​ហៅ​ឲ្យ​ចូល​រួច​ចាប់រំលោភ​តែ​ម្តង​រហូត​បាន​សម្រេច​តែ​ម្តង ។

លោក​អធិការរង​បញ្ជាក់​ថា នៅ​ពេល​មក​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​នៅ​មន្ទីរពេទ្យ​ខេត្ត ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា​មិន​បាន​ស៊ីជម្រៅ​ទេ ៕