ពលរដ្ឋផ្ទុះកំហឹង​ខ្លាំង​​ជាមួយ​​ប៉េអឹមក្រុង​​ក្រចេះ

ខេត្តក្រចេះ ​៖ ប្រជា​ពលរដ្ឋ​ប្រុស​-ស្រីប្រមាណ​ជាង​៥០​​នាក់ កាលពី​​ព្រឹក​ថ្ងៃ​ទី​៣ សីហា ២០១៦ បាន​លើកគ្នា​ប្រមូលផ្តុំ​នៅ​មុខ​សាលា​ខេត្ត និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​ស្នើ​​រ​ក​កិច្ច​អន្តរា​គម​យុត្តិធម៌​ជូន​ពួក​គាត់ ​ដែល​​បាន​រង​របួសធ្ងន់២នាក់ និង​ស្នើ​​សុំ​អាជ្ញាធរ​ឱ្យ​ដោះលែង​​រថយន្ត​ដឹក​ឈើ​ជន្លង់ម្រេច​២គ្រឿង ​ដែលត្រូវ​​ប៉េ​អឹម​ក្រុង​ក្រចេះ​​បាន​ចាប់​ឃាត់ ​។

ការ​នាំ​គ្នា​មក​​ធ្វើការ​ស្នើ​សុំ​ទៅ​គ្រប់​អាជ្ញាធរ​លំដាប់ថ្នាក់​ក្នុង​ខេត្ត​​របស់​ប្រជា​ពលរដ្ឋ​ប្រុស​-ស្រី គឺ​មក​ពី​ភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ដែល​បាន​ស្វះស្វែង​ដើរ​រក​កិច្ច​អន្តរាគមន​ពី​អាជ្ញាធរ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ពួក​គាត់ ​ដែល​មាន​របរ​ដឹកឈើ​ជន្លង់​ម្រេច ក៏​កើត​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​​​កម្លាំង​ប៉េ​អឹម​ក្រុង​ក្រចេះ ក្នុង​សកម្មភាព​ចាប់​បង្ក្រាប​​រថយន្ត ដឹកឈើ​ជន្លង់ម្រេច​របស់​ពួក​គាត់​ កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​៣ សីហា ដដែលនេះ ។

ក្នុង​នោះ​ បាន​បង្កឱ្យ​​ពលរដ្ឋ​២​នាក់​​ប្តី​-​ប្រ​ព​ន្ធ​ ជា​ម្ចាស់​រថយន្ត​សាំ​យ៉ុ​ង​​ដឹកឈើ​ជន្លង់ម្រេច​ ត្រូវ​​រង​របួសធ្ងន់ ​ដោយសារ​មានការ​វាយ​តប់​ពី​កម្លាំង​ប៉េ​អឹម​​ក្រុង​ក្រចេះ​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ឱ្យ​ដឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​ ដែល​ប្រមូលផ្តុំ​ទាំងនោះ ​។

ពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ទៀត​​ថា ក្រៅពី​បាន​បង្ក​ឱ្យ​មាន​គ្នីគ្នា​របស់​ពួក​គាត់​​២​នាក់​ប្តី​-ប្រ​ពន្ធ​ ដែល​ជា​ម្ចាស់​រថយន្ត​​ដឹក​ជន្លង់ម្រេច​​បាន​រង​របួសធ្ងន់​រហូត​សន្លប់​ស្តូកស្តឹង និង​ក៏​កំពុង​តែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ក៏​នៅ​មាន​គ្នីគ្នា​ប្រុស-ស្រី​របស់​ពួក​គាត់​ជា​ច្រើន​នាក់​ទៀត ក៏​រង​របួស​ដូច​គ្នា ដោយសារ​តែ​ពួក​គេ​បាន​រង​ការ​វាយដំ​ពី​ក្រុម​មន្ត្រី​ប៉េ​អឹមក្រុង​ក្រចេះ ប្រដាប់​ដោយ​ខ្នោះដៃ បាន​ចូល​មក​វាយ​​ពួក​គាត់​ទាំង​កំរោល​មិន​រើសមុខ ​។

ពួក​គាត់​លើក​ឡើង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២ ​សីហា ២០១៦ ពួក​គាត់​ទាំងអស់​គ្នា ​បាន​បើករថយន្ត​ដឹកឈើ​ជន្លង់ម្រេច​ មាន​ចំនួន​ជាង​១០​គ្រឿង ​បាន​បើក​បណ្តាក់​គ្នា​ចេញពី​​ស្រុកព្រែក​ប្រសព្វ ឆ្ពោះទៅ​កាន់​ស្រុក​ស្នួល​ ។ ក្រោយ​ពី​ឆ្លង​.ដរ​​កាត់​ទន្លេ និង​បើក​ឆ្លង​កាត់​ខេត្ត​មក​ដល់​មុខ​ទីបញ្ជាការ​ប៉េ​អឹម​ក្រុង ក៏​ត្រូវ​ប៉េ​អឹម​ក្រុង​ បើករថយន្ត​ពាំង​ពីមុខ ធ្វើ​ឱ្យ​រថយន្ត​ពួកគាត់​ទុ​ជ​ហ្វ្រាំង ​និង​បាន​បុក​បន្តកន្ទុយ​គូថ​គ្នា​​ពេញ​លើ​ផ្លូវ​កៅស៊ូ​ក្នុង​​ក្រុង​ ។

ពួក​គាត់​លើក​ឡើងទៀត​ថា ក្នុង​ខ្សែ​រថយន្ត​នោះ​ ក៏​មាន​រថយន្ត​មួយ​គ្រឿង មាន​អ្នក​​ជិះ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធ​ បាន​រងរបួសធ្ងន់ ដោយសារ​មុខជា​មួយ​ និង​កញ្ចក់​រថយន្ត និង​ឈើ​ជន្លង់​បុក​រុញ​ពីក្រោយ ហើយ​ពួកគាត់​ក៏​នាំ​គ្នា​​ចុះ​ពី​រថយន្ត​ទៅ​ជួយ​សង្គ្រោះ​ទាំង​ព្រម​គ្នា តែ​ក៏​ត្រូវ​បាន​កម្លាំង​ប៉េ​អឹម​​ក្រុងចេញមក​ស្ទាក់​វាយ​មក​លើ​ពួក​គាត់​មិន​រើសមុខ​ និង​មិន​បណ្តាក់​ដៃ​ទៅ​វិញ​។

យ៉ាងណា​ក៏​ដោយ​ តប​ទៅ​តាម​ការ​លើក​ឡើង​បែប​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថក្រុង​ក្រចេះ ​លោកផា​ន សុភ​ក្ក្រ​វាសនា បាន​បញ្ជាក់​​ថា ប្រ​តិ​បត្ត​ការ​ចុះ​បង្ក្រាប​ការ​ដឹក​ជញ្ជូន ឈើ​កាលពី​យប់​​នោះ គឺជា​ផែនការ​សកម្មភាព​របស់​គណៈ​បញ្ជាការ​ឯកភាព ដោយ​មានការចូលរួម​ពី​កម្លាំង​មេព្រៃ ប៉េអឹម​​ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផង​ដែរ​។

ក្នុង​របាយការណ៍​ឆ្លើយ​តប​របស់​លោក​មេបញ្ជាការ​ប៉េអឹម​ក្រុង​រូប​នេះបាន​បញ្ជាក់​ទៀតថា ​ក្នុង​ប្រ​តិ​បត្ត​ការ​របស់​អាជ្ញាធរ​យប់​នោះ ពលរដ្ឋ​ជា​ម្ចាស់​ឈើ​ជន្លង់​ បាន​ព្យាយាម​រារាំង​ការ​បង្ក្រាប​របស់​អាជ្ញាធរ បង្ក​ភាព​ចលាចល ដោយ​បាន​រើ​ឈើ​ជន្លង់​ទម្លាក់​បម្រុង​​បិទ​ផ្លូវ​ និងបាន​បើកឡាន​ដឹកឈើ​ជន្លង់​គេច បង្ក​ឲ្យ​មានការ​កៀរ​ទៅ​លើ​រថយន្ត​មេព្រៃ​បណ្តាល​ឲ្យ​ខូចខាត និង​ក៏​ថែម​ទាំង​នាំ​គ្នា​ជា​ច្រើន​នាក់​ប្រដាក់​ដោយ​ព្រនង់​ និង​បំពង់​ទីប​ចុះ​មក​គំរាម​ជាមួយ និង​អាជ្ញាធរ ក៏​កើត​មានការ​រុញច្រាន​បង្ក​ឲ្យ​របួស​ខ្លះ​ៗ ​។ ហើយ​ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន ចាប់​ឃាត់​រថយន្ត​សំ​យ៉ុ​ង​ដឹកឈើ​ជន្លង់​ពីរ​គ្រឿង​មក​រក្សា​ទុក​។

បើ​ទោះជា​បែប​ណា​ នៅ​ព្រឹក​ថ្ងៃ​ដ​ទី​៣ សីហា ដដែល ក្រោយ​ពី​ពលរដ្ឋ​ជា​ម្ចាស់​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច បាន​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ តែ​នៅ​មិន​ទាន់​មានដំណោះស្រាយ ពួក​គាត់​បាន​លើកគ្នា​មក​ទីបញ្ជាការ​ប៉េអឹម​ក្រុង​ក្រចេះ ​ដែល​មាន​មូល​ដ្ឋាននៅ​ក្នុង​ទីប្រជុំជន​ខេត្ត ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​បាន​ចូល​ទៅ​រំដោះ​យក​រថយន្តសាំ​យ៉ុ​ង​ដឹង​ឈើ​ជន្លង់​ទាំង២​​គ្រឿង​នោះ​ ចេញ​មក​វិញ​​ដោយ​សុវត្ថិភាព​ ៕