ស៊ន សៀវ​ម៉ី ប្រឈម​15​ប្រទេស​នៅ​អូ​ឡាំ​ពិ​ក

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៥ សីហា ខានស្អែក​នេះ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នឹង​បើក​ដំណើរការ​ហើយ ដោយ​វត្តមាន​របស់​កម្ពុជា​ដែល​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​គឺ​មាន​តែ​វីរ​កីឡាការិនី​តេ​ក្វា​ន់​ដូ​ស៊ន សៀវ​ម៉ី មួយ​គត់​ដែល​ទទួល​បាន​សិទ្ធិ​ពេញលេញ​ចូលរួម​ប្រកួត និង​ជា​បេក្ខភាព​ដែល​មាន​សង្ឃឹម​ជាងគេ ។ ទោះ​បី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា​កញ្ញា ស៊ន សៀវ​ម៉ី នឹង​ទទួល​បាន​ជោគជ័យ​កម្រិត​ណា​នៅឡើយ​ទេ ដោយសារ​តែ​នាង​ត្រូវ​ប្រឈម​រហូត​ដល់​១៥​ប្រទេស​ឯណោះ​នៅ​ក្នុង​ប្រភេទ​​ទម្ងន់​របស់​ខ្លួន ។

យោង​តាម​ការ​ប្រកាស​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា កីឡាការិនី​ឆ្នើម​កម្ពុជា ស៊ន សៀវ​ម៉ី គឺជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គត់​ដែល​ខាង​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រំពឹង​ខ្ពស់ ដោយសារ​តែ​នាង​គឺជា​បេក្ខភាព​ទី​១​ដែល​បាន​ប្រកួត​ឈ្នះ​កៅអី​ឡើង​មក​ប្រកួត​សម្រាប់​វិញ្ញាសា​តេ​ក្វា​ន់​ដូ​នៅ​ទ្វីប​អាស៊ី និង​ជា​បេក្ខភាព​ខ្លាំង​ដំបូង​គេ​ដែល​មិន​ធ្លាប់​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​អូ​ឡា​ពិ​ក ។ ការ​យល់​ឃើញ​របស់​លោក​មិន​មាន​ន័យ​ថា​លោក​បំបាក់ទឹកចិត្ត​កីឡាករ​-​កីឡាការិនី​លើ​វិញ្ញាសា​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​មក​ពី​អត្ត​ព​លិ​ក​ទាំងនោះ​សុទ្ធតែ​ធ្លាប់​បង្ហាញខ្លួន​នៅ​អូ​ឡាំ​ពិ​ក ហើយ​មិន​ធ្លាប់​ទទួល​បាន​មេដាយ ទើប​ធ្វើ​ឱ្យ​លោក​រំពឹង​ច្រើន​ជាង​ទៅ​លើ​សមាសភាព​ថ្មី​គឺ​ស៊ន សៀវ​ម៉ី​។

លោក​ថា វិញ្ញាសា​តេ​ក្វា​ន់​ដូ​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ក្នុងឆ្នាំនេះ គឺ​មាន​ប្រទេស​ចូលរួម​ច្រើន​នៅ​លើ​ពិភពលោក ប៉ុន្តែ​សម្រាប់​វិញ្ញាសា​ត្រូវ​នឹង​ស៊ន សៀវ​ម៉ី គឺ​សរុប​មាន​តែ​១៥​ប្រទេស​ប៉ុណ្ណោះ ដែល​លោក​ប្រាប់​ថាបើ​ទោះជា​មើលទៅ​មិនសូវ​ច្រើន​ប្រទេស​បើ​ធៀប​នឹង​វិញ្ញាសា​ផ្សេង ក៏​ស៊ន សៀវ​ម៉ី នឹង​ត្រូវ​ប្រឈម​នូវ​ឧបសគ្គ​ច្រើន​ដែរ​។ លោក​ថា កីឡាការិនី​ដែល​ត្រូវ​ប្រកួត​ជាមួយ​ស៊ន សៀវ​ម៉ី សុទ្ធតែ​ជា​បេក្ខភាព​ដែល​មាន​សមត្ថភាព​កម្រិត​ពិភពលោក​មិនធម្មតា​។

ព្រឹត្តិការណ៍​នេះ លោក​ថា នឹង​បើក​ការ​ប្រកួត​នៅ​ក្នុង​ទី​ក្រុង​ Rio ប្រទេស​ប្រេ​ស៊ី​ល ដោយ​មាន​អត្ត​ពលិកម​ក​ពី​គ្រប់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ចូលរួម ។ លោក​វ៉ា​ត់ ចំរើន បញ្ជាក់​ថា វិញ្ញាសា​តេ​ក្វា​ន់​ដូ​មាន​ច្រើន​ប្រភេទ​ទម្ងន់ ប៉ុន្តែ ស៊ន សៀវ​ម៉ី ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​+៦៧​គីឡូក្រាម ដែល​មាន​អត្ត​ពលិកម​ក​ពី​១៥​ប្រទេស​ចូលរួម​សម្រាប់​ព្រឹត្តិការណ៍ Olympic Games 2016 នេះ ។  លោក​ថា គូប្រកួត​របស់​កម្ពុជា រួម​មាន​មក​ពី​ចិន នេ​ប៉ា​ល់ ហ្វី​លី​ពី​ន  មក​ពី​ទ្វីបអាស៊ី មក​ពី​ប្រទេស​អង់គ្លេស បារាំង ហូ​ឡង់ ម៉ិចស៊ិក កូដ​ឌី​វ័​រ ស៊ែ​ប៊ី ន័​រ​វ៉េ​ស និង​ប្រទេស​ផ្សេង​ៗ​ទៀត ដែល​ក្នុង​ចំណោម​ពួក​គេ​គឺ​មាន​ច្រើន​គ្នា​មាន​ប្រវត្តិ​ទទួល​បាន​មេដាយ​ទៀត​ផង ។ លោក​ថា ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង គឺ​តម្រូវ​ឱ្យ​អត្ត​ព​លិ​ក​ប្រកួត​ចាញ់ ហាលអាវ​តែ​ម្តង​ក្នុង​គ្រា​ដែល​អ្នក​ឈ្នះ​នឹង​បន្ត​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ និង​បន្ត​ទៅ​យក​មេដាយ​បន្តបន្ទាប់ ។ លោក​មិន​ទាន់​ដឹង​ថា​ជំហាន​ដំបូង​ដែល​ស៊ន សៀវ​ម៉ី ប៉ះ​ប្រកួត​ជាមួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡា​ពិ​ក​ដែល​បើក​ឆាក​នៅ​ថ្ងៃស្អែក នឹង​ទទួល​ផ្លែផ្កា​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​យោង​តាម​សមត្ថភាព​ដែល​នាង​បាន​ទទួល​ការ​បង្វឹក​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​បាន​បន្សាំ​នៅ​លើ​ទឹកដី​ប្រេ​ស៊ី​ស​ក្រោយ​ពេល​ទៅ​ដល់ គឺ​នាង​មាន​ទំនុកចិត្ត ។ លោក​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​សម្រាប់​ឆ្នាំ​២០១៦ គឺជា​ព្រឹត្តិការណ៍​លើក​ទី​៣១ ដោយ​ការ​បើក​ឆាក​គឺ​ថ្ងៃ​ទី​៥ សីហា​ ខានស្អែក និង​បិទ​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ ។ ព្រឹត្តិការណ៍​នេះ មាន​អត្ត​ព​លិ​ក​សរុប​ជាង​១០.៥០០​នាក់​មក​ពី​ជាង​២០០​ប្រទេស​ចូលរួម ។ អូ​ឡាំ​ពិ​ក​ជា​ព្រឹត្តិការណ៍​កីឡា​ដែល​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ធ្វើ​ឡើង​៤​ឆ្នាំ​ម្តង និង​មាន​២៨​ប្រភេទ​កីឡា​សម្រាប់​ឆ្នាំ​នេះ​។ សម្រាប់​កម្ពុជា​លោក​ថា មាន​៤​ប្រភេទ​កីឡា​គឺ តេ​ក្វា​ន់​ដូ ហែល​ទឹក អត្តពលកម្ម និង​កីឡា​ចំបាប់​។

ស៊ន សៀវ​ម៉ី គេ​ឃើញ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​ក៏​ចង់​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដណ្ដើម​យក​មេដាយ​ឱ្យ​បាន​ដាច់ខាត​នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​។ ប្រសិនបើ​នាង​ទទួល​បាន​មេដាយ​ណាមួយ ឬ​ឈាន​ទៅ​ទទួល​បាន​មេដាយមាស​តែ​ម្ដងនោះ​ពិតជា​ធ្វើ​ឱ្យ​កីឡាការិនី​រូប​នេះ​ទទួល​បាន​ចំណាប់អារម្មណ៍​លេចធ្លោ​ទៀត​ហើយ បន្ទាប់​ពី​បាន​ក្លាយជា​កីឡាការិនី​ល្បីឈ្មោះ​នាំមុខ​គេ​នៅ​កម្ពុជា​រួច​ទៅ​ហើយ ដោយសារ​តែ​បាន​មេដាយ​អន្តរជាតិ​ចំនួន​២​លើក ។ នាង​ក៏​នឹង​ក្លាយជា​កូនក្រមុំ​ក្នុង​គម្រោង​ភ្ជាប់​ពាក្យ ឬ​រៀប​ការ​តែ​ម្ដង នៅ​ក្រោយ​ប្រកួត​អូ​ឡា​ពិ​ក​ចប់​ផង​ដែរ ទើប​នាង​ត្រូវការ​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ខ្លាំង​បំផុត ដើម្បី​បន្សល់​ទុក​មេដាយ និង​ភាព​លេចធ្លោ​មុន​ពេល​បើក​ចំហ​​ស្នេហា​ជា​សាធារណៈ​។ ម្នាក់​ៗ​កំពុង​ចាំ​អ៊ុត​មើល​ថា តើ​នាង​នឹង​ទទួល​បាន​ស្នាដៃ​កម្រិត​ណា​នៅ​ក្នុង​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ អ្នកគាំទ្រ​ក៏​បួងសួង​សុំ​ឱ្យ​នាង​ឆ្លង​ផុត​ការ​ប្រកួត​ជម្រុះ​ដំបូង​ផង​ដែរ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់ ។

ក្នុង​ចំណោម​អ្នកវិភាគ​មានការ​ប៉ាន់ស្មាន​មិន​តិច​ទេ​ថា នាង​ទទួល​បាន​ផ្លែផ្កា​ដោយសារ​តែ​នាង​ត្រូវ​ប៉ះ​ប្រទេស​តែ​ម្នាក់​ក្នុង​ចំណោម​១៥ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​៨​នាក់ និង​ត្រូវ​ប៉ះ​តែ​ម្នាក់​ទៀត​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​៤​នាក់​ដែល​មាន​ន័យ​ថា​ត្រឹម​គូប្រកួត​៣​នាក់​គឺ​នាង​នឹង​ឆ្លង​ផុត​ហើយ ៕