លោក ហោ ណាំហុង​​​ថា ប្រាក់​​​ចិន​​​សំខាន់​​​​​​សម្រាប់​​​ការ​​​អភិវឌ្ឍ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទ ដោយរួមបន្ទរជាមួយក្រុមមន្ត្រីពីភាគីទាំងពីរដែលកោតសរសើរទំនាក់ទំនង ដែលទំនងជាពង្រឹងគោលជំហរស្រដៀងគ្នាទាក់ទងនឹងសមុទ្រចិនខាងត្បូងថា ការអភិវឌ្ឍន៍ប្រទេសកម្ពុជា” មិនអាចកាត់ផ្តាច់ពីជំនួយរបស់ចិនបានឡើយ”។ ការអត្ថាធិប្បាយបែបនេះបានធ្វើឡើង បន្ទាប់ពីកម្ពុជាបានធ្វើឲ្យអ្នកជិតខាងអាស៊ាន និងសម្ព័ន្ធមិត្តលោកខាងលិចខឹងសម្បារ ដោយសារតែបដិសេធមិនចូលរួមក្នុងការស្តីបន្ទោសការទាមទារទឹកដីដ៏ធំទូលាយរបស់ប្រទេសចិននៅក្នុងសមុទ្រ។ ប្រទេសកម្ពុជាចាត់ទុកជំហរសមុទ្រចិនខាងត្បូងរបស់ខ្លួនថា អព្យាក្រឹត ហើយក៏បដិសេធមិនចូលរួមជាមួយសមាជិកអាស៊ានផ្សេងទៀតក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលកោតសរសើរសាលក្រមនាថ្ងៃទី១២ ខែកក្កដា របស់តុលាការគាំទ្រដោយសហប្រជាជាតិ ដែលធ្វើឲ្យអស់សុពលភាពលើការទាមទាររបស់ប្រទេសចិន ដែលក៏ទាមទារដោយប្រទេសហ្វីលីពីន វៀតណាម និងប្រទេសផ្សេងទៀតដែរ។ ទោះជាយ៉ាងនេះក្តី អ្នកការទូតអាស៊ានបានរអ៊ូរទាំថា ប្រទេសកម្ពុជាគ្រាន់តែធ្វើជាអាយ៉ងក្រុងប៉េកាំង ដើម្បីជាថ្នូរនឹងប្រាក់ជំនួយជាងកន្លះពាន់លានដុល្លារដែលខ្លួនបានទទួលពីប្រទេសចិនប៉ុន្មានថ្ងៃបន្ទាប់ពីការចេញសាលក្រម។ រដ្ឋាភិបាលម្តងហើយម្តងទៀតបាននិយាយសម្រាលចំពោះឥទ្ធិពលចិនទៅលើគោលនយោបាយការបរទេសរបស់ខ្លួន។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីសប្តាហ៍មុនថា “វាជាបញ្ហាពីរខុសគ្នា”។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទជាមួយនឹងអ្នកស្រី ពូ ជៀនគ័រ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាដែលចប់អណត្តិ លោក ណាំហុង ដែលធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសជាច្រើនឆ្នាំមុននឹងលាចេញពីតំណែងក្នុងខែមេសា បានបញ្ជាក់អំពីសារៈសំខាន់នៃជំនួយចិនក្នុងការអភិវឌ្ឍកម្ពុជា។ យោងតាមបណ្តាញព័ត៌មានរដ្ឋចិន ស៊ិនហួរ លោក ណាំហុង បានប្រាប់ឯកអគ្គរដ្ឋទូតចិនថា “ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះមិនអាចកាត់ផ្តាច់ពីជំនួយចិនបានឡើយ”។ លោក ណាំហុង បាននិយាយបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបាន “ពង្រឹងនិងពង្រីកបន្ថែមទៀត” ក្នុងអំឡុងពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតរយៈពេលបីឆ្នាំរបស់អ្នកស្រី ពូ។ លោក សុន្ទរី បង្វែរសំណួរទាក់ទងនឹងកិច្ចប្រជុំទៅលោក ណាំហុង ដែលមិនអាចទាក់ទងបានទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានយល់ស្របនឹងលោក ណាំហុង ដោយនិយាយថា វិនិយោគផ្ទាល់របស់ចិន ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាននិងផ្លូវមានសារៈសំខាន់ណាស់សម្រាប់រក្សាការតភ្ជាប់ថ្នាក់តំបន់។ លោកបាននិយាយថា “គ្មានជំនួយចិន យើងមិនអាចទៅណាបានទេ”។ លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានជំទាស់នឹងការយល់ថា ចិនសមនឹងទទួលកិត្តិយសច្រើនក្នុងការអភិវឌ្ឍកម្ពុជានោះទេ។ លោក វីរៈ បាននិយាយថា “ខ្ញុំគិតថា វាមិនត្រឹមត្រូវទេ ក្នុងការផ្តល់កិត្តិយសដល់ចិនចំពោះការអភិវឌ្ឍនៅកម្ពុជានោះ។ ភាគច្រើននៃកិត្តិយសគួរជារបស់ពលរដ្ឋ។ វាគ្មានអ្វីទាក់ទងនឹងកម្ពុជា ឬចិនទេ”។ ប្រទេសចិនបង្កើនជំនួយរបស់ខ្លួនជាបណ្តើរៗដល់ប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៤ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាដល់ប្រទេសកម្ពុជានូវជំនួយនិងកម្ចីប្រចាំឆ្នាំពីចន្លោះ៥០០និង៧០០លានដុល្លារ ពោលគឺកើនឡើងពី៩២លានដុល្លារក្នុងឆ្នាំ២០០៧។ ក្រុមអ្នករិះគន់និយាយថា មានការត្រួតពិនិត្យមើលតិចតួចចំពោះជំនួយដែលត្រូវចំណាយ ប៉ុន្តែ លោក ហ៊ុន សែន បានសរសើរដំណោះស្រាយមិនលូកដៃចូលរបស់ប្រទេសចិន។ ថ្លែងក្នុងពិធិសម្ពោធឲ្យប្រើប្រាស់គម្រោងផ្លូវដែលឧបត្ថម្ភថវិកាដោយចិន នៅក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូត អ្នកស្រី ពូ បាននិយាយថា ចំណងមិត្តភាពកាន់តែស៊ីជម្រៅរវាងប្រទេសកម្ពុជានិងប្រទេសចិនពិតជាផ្តល់ផលប្រយោជន៍ដល់អាស៊ានទាំងមូល។ យោងតាម ស៊ិនហួរ អ្នកស្រីបាននិយាយថា “ជំហរអព្យាក្រឹតនិងត្រឹមត្រូវរបស់កម្ពុជាទៅលើបញ្ហាសមុទ្រចិនខាងត្បូងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការការពារកិច្ចសហប្រតិបត្តិការល្អរវាងចិនអាស៊ាន ហើយរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់”។ លោក ហ៊ុន សែន បានប្រើពិធីសម្ពោធនោះដើម្បីប្រកាសថា លោកនឹងទទួលយកនូវអ្វីដែលក្រសួងការបរទេសចាត់ទុកថាជា “អាស៊ានសមិទ្ធិផលអមតៈ”ដ៏ពិសេសនិងសំខាន់នៅឯវេទិកាថ្នាក់ដឹកនាំអាស៊ានលើកទី១៣ក្នុងក្រុងវៀងច័ន្ទ កាលពីចុងសប្តាហ៍នេះ។ អ្នកទទួលពានរង្វាន់កាលពីលើកមុនរួមមានអតីតប្រមុខរដ្ឋប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក៏ដូចជាព្រះមហាក្សត្រម៉ាឡេស៊ីមួយអង្គដែរ។ ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្ត្រីបានផ្តល់កិត្តិយសដល់អ្នកគាំទ្ររបស់លោកនៅកម្ពុជាសម្រាប់ពានរង្វាន់នោះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “វាជាការខិតខំប្រឹងប្រែងរបស់ជនរួមជាតិយើងដែលបានបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតឲ្យខ្ញុំព្រះករុណាខ្ញុំធ្វើជានាយករដ្ឋមន្ត្រី”។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “សូមអរគុណចំពោះប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលបានបោះឆ្នោតម្តងហើយម្តងទៀតឲ្យគណបក្សប្រជាជន ឲ្យខ្ញុំព្រះករុណាខ្ញុំមានលទ្ធភាពដឹកនាំប្រទេស”៕(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)     © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written […]

The post លោក ហោ ណាំហុង​​​ថា ប្រាក់​​​ចិន​​​សំខាន់​​​​​​សម្រាប់​​​ការ​​​អភិវឌ្ឍ appeared first on The Cambodia Daily.