មិន​ដែល​​សោះ ! គោ​១៤​ក្បាល​ប្រកាច់​ងាប់​ភ្លាម​ៗ

ខេត្តក្រចេះ ៖ គោ​១៤​ក្បាល​ក្នុង​ចំណោម​គោ​ជាង​៣០​ក្បាល​ដែល​ម្ចាស់​ចង​ក្នុង​ក្រោល​ក្រោម​ដើមឈើ​បាន​ប្រកាច់​ងាប់​ភ្លាម​ៗ​ដោយសារ​ត្រូវ​រន្ទះបាញ់​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ ខណៈ​តំបន់​នោះ​មេឃ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។

ហេតុការណ៍​រន្ទះបាញ់​សម្លាប់​គោ​ដែល​អាជ្ញាធរ​ថា​មិន​ធ្លាប់​កើត​មាន​ពីមុន​មក​នេះ​បាន​បណ្តាល​ឲ្យ​ងាប់​សត្វ​គោ​ចំនួន​១៤​ក្បាលក្នុង​ចំណោម​ហ្វូងគោ​ជាង​៣០​ក្បាល​បាន​ប្រកាច់​ងាប់​ភា្ល​ម​ៗ​នៅ​ក្នុង​ក្រោល​តែ​មួយ ក្នុង​នោះ​ញី​១២​ក្បាល ​ ។

លោក ប៊ុ​ន ឈឿ​ន អធិការ​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា សត្វ​គោ​ទាំងនេះ​មាន​ម្ចាស់​ឈ្មោះ ម៉ុ​ត ពឿ​ង អាយុ​៥៤​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​ចិញ្ចឹម​គោ រស់នៅ​ភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ។

លោក​ថា ក្នុង​ហេតុការណ៍​រន្ទះបាញ់​នេះ ក្រៅពី​គោ​ញី​ឈ្មោល​ចំនួន​១៤​ក្បាល​បាន​ងាប់​ភ្លាម​ៗ គឺ​មិន​មាន​បណ្តាល​ឲ្យ​ជន​ណា​ម្នាក់​រងគ្រោះថ្នាក់​ទៀត​នោះ​ទេ ខណៈ​ដែល​គោ​ទាំងនោះ​ត្រូវ​បាន​ម្ចាស់​យក​ទៅ​ចង​នៅ​ក្នុង​ក្រោល​នៅ​ក្រោម​ដើមឈើ​នៅ​ក្រៅ​ផ្ទះ ។

ហេតុការណ៍​រន្ទះបាញ់​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង ខណៈ​សត្វ​គោ​ដែល​ជា​កម្លាំង​អូស​ទាញ​ដ៏​ចាំបាច់​សម្រាប់​វិស័យ​កសិកម្ម និង​ក៏​មាន​តម្លៃ​ថ្លៃ​ដែរ​នោះ ត្រូវ​បាន​ងាប់​ស្ទើរ​ទាំង​ក្រោល ។

មានការ​កត់សម្គាល់​ឃើញ​ថា គ្រោះ​ធម្មជាតិ​ក្នុង​ឆ្នាំ​២០១៦​សម្រាប់​ខេត្តក្រចេះ​បាន​កើត​មាន​ធ្ងន់ធ្ងរ ដូច​ជា​ករណី​រន្ទះបាញ់​សម្លាប់​មនុស្ស ករណី​ខ្យល់​កន្ត្រាក់​បក់​បំផ្លាញ​លំនៅ​ឋាន សាលារៀន និង​វត្ត​អារាម ក៏​នៅ​មាន​ករណី​រន្ទះបាញ់​សម្លាប់សត្វ​គោ​ស្ទើរ​មួយ​ក្រោល​នេះ​ទៀត ។