ត្រាំ រង​ការ​បរិហារ​ពី​សមាជិក​គណបក្ស​ខ្លួន​ថា ជា​ជន​«កំសាក»

បន្ទាប់ពីបានវាយប្រហារ ទៅគ្រួសារយុទ្ធជនពលីនោះរួច បេក្ខជនសម្រាប់តំណែង ជាប្រធានាធិបតី លោក​មហាសេដ្ឋី ដូណាល់ ត្រាំ (Donald Trump) នៅពេលនេះ កំពុងនូវការខឹងក្រេវក្រោក​យ៉ាងខ្លាំងក្លា ពីសំណាក់​បណ្ដាជន​អាមេរិក។ បើសូម្បី​សមាជិក មក​ពីគណបក្សសាធារណរដ្ឋខ្លួនឯង ក៏បានវាយតម្លៃលោក ដូណាល់ ត្រាំ ដែរថា ជាជន​ដ៏​«កំសាក»​​ម្នាក់។
ត្រាំ រង​ការ​បរិហារ​ពី​សមាជិក​គណបក្ស​ខ្លួន​ថា ជា​ជន​«កំសាក»

លោក ដូណាល់ ត្រាំ នៅក្នុងការថ្លែងជាសាធារណៈមួយ ទៅកាន់អ្នកគាំទ្ររបស់លោក។ (រូបថតឯកសារ)

ពីថ្ងៃចន្ទ ចូលមកដល់ថ្ងៃអង្គារនេះ លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនមកពីគណបក្ស​សាធារណ​រដ្ឋ ដើម្បីដណ្ដើមតំណែង​ប្រធានាធិបតី​អាមេរិក បានរងការរិះគន់ដ៏ខ្លាំងក្លា ពីសំណាក់បណ្ដាជនអាមេរិក និង​ពីសំណាក់ បើសូម្បីសមាជិកគណបក្សខ្លួនឯង។ ហេតុការណ៍នោះ បណ្ដាលមកពីលោក ដូណាល់ ត្រាំ បាន​ធ្វើការ​រិះគន់ និងចំអកដោយផ្ទាល់ ទៅកាន់សមាជិកគ្រួសារ របស់យុទ្ធជនពលីម្នាក់ ដែលកាន់សាសនាមូស្លីម និង​ដែល​បាន​ស្លាប់ កាលពីឆ្នាំ២០០៤ ដើម្បីជួយសង្គ្រោះយុទ្ធមិត្តរបស់ខ្លួន នៅក្នុងប្រទេសអៀរ៉ាក់។

លោក ចន ម៉ាកេន (John McCain) ព្រឹទ្ធសមាជិកមួយរូប មកពីគណបក្សសាធារណរដ្ឋ ដែលទទួលបាន​ការ​គោរពដ៏ខ្លាំងក្លា នៅសហរដ្ឋ​អាមេរិក បានថ្លែងកាលពីថ្ងៃចន្ទ ទាក់ទងនឹងការលើកឡើងដ៏អាស្រូវ របស់​បេក្ខជន​ប្រធាធិបតី​រូបនេះថា៖ «វា​ជាពេលវេលា សម្រាប់លោក ដូណាល់ ត្រាំ ក្នុងការផ្ដល់គំរូ ទៅដល់​ប្រទេស​ជាតិ​របស់​យើង និង​ទៅដល់​គណបក្ស​សាធារណរដ្ឋ»។

ជាការរំលឹកឡើងវិញ ឪពុករបស់យុទ្ធជនពលីរូបនោះ ដែលមានត្រកូល ខាន់ (Khan) បានចេញមកថ្លែង​ ប្រកប​ដោយ​ភាពរំជើបរំជួល នៅក្នុងវេទិកាមហាសន្និបាតជាតិ របស់គណបក្សប្រជាធិបតេយ្យ កាលពី​ប៉ុន្មាន​ថ្ងៃមុន ទាក់ទងនឹងមរណភាព ដែលប្រកបដោយវីរភាព របស់កូនប្រុសរបស់លោក និងក៏ដូចជាបានឆ្លើយតប ទៅ​កាន់​លោក ដូណាល់ ត្រាំ ពីជំហរនយោបាយ​ប្រឆាំងភេរវកម្ម របស់បេក្ខជនរូបនេះ ក្នុងការ​«ហាម​ឃាត់»​បណ្ដា​​ជន ដែល​កាន់​សាសនា​មូស្លីម មិនឲ្យចូលមកជាន់ទឹកដីអាមេរិក។

ប៉ុន្តែលោក ដូណាល់ ត្រាំ បានជ្រើសរើសចម្លើយ តបទៅលោក ខាន់ ដែលជាមេធាវីមួយរូបផង តាមរយៈ​សារ​មួយ ដែលបង្ហោះក្នុងបណ្ដាញសង្គមទ្វីសធើរ (Twitter) ដូច្នេះថា៖ «លោក ខាន់ ដែលមិនស្គាល់ខ្ញុំសោះ បាន​វាយប្រហារខ្ញុំយ៉ាងសាហាវ ពីលើវេទិការបស់គណបក្សប្រជាធិបតេយ្យ ហើយកំពុងបន្តធ្វើទៀត នៅគ្រប់​បណ្ដា​​ស្ថានីយ៍​​ទូរទស្សន៍​ទាំងអស់។ ពិតជាល្អមែន!»។

មិនត្រឹមតែប៉ុណ្ណឹង លោក ត្រាំ បានឆ្លៀតបន្ថែមភ្លើងទៀតថា ម្ដាយរបស់យុទ្ធជនពលី ត្រូវបាន«បង្ខំ»​ឲ្យ​ស្ងាត់​មាត់ នៅក្នុងពេលដែលស្វាមីខ្លួនថ្លែងនៅលើវេទិកា។ ការស្ងាត់មាត់នោះ ត្រូវបានលោក ត្រាំ វាយតម្លៃថា បណ្ដាល​​មក​ពីអ្នកស្រី ជាអ្នកកាន់សាសនាមូស្លីម។ តែអ្នកស្រីជាម្ដាយរូបនោះ បាន​ពន្យល់​ទៅ​កាន់​លោក ត្រាំ វិញ​ថា សភាពឈឺចាប់របស់អ្នកស្រី ព្រោះការបាត់បង់កូនប្រុសសម្លាញ់ បានធ្វើឲ្យ​អ្នកស្រី មិន​មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ឡើយ។

នៅចំពោះការវាយប្រហារ ទៅដល់ទាហានអាមេរិកពលី ដែលត្រូវបានចាត់ទុកជា «វីរបុរសជាតិ» របៀបនេះ លោក ម៉ាកេន ដែលខ្លួនលោក​ធ្លាប់បម្រើការជាទាហាន រហូតត្រូវបានចាប់ខ្លួន និងរងទារុណកម្មច្រើនឆ្នាំ នៅ​ក្នុង​សង្គ្រាមវៀតណាមនោះ បានធ្វើប្រតិកម្មតបទៅលោក ត្រាំ ថា៖ «បើទោះជាគណបក្ស បានជ្រើសតាំង​លោក (ដូណាល់ ត្រាំ) ឲ្យឡើងមកដណ្ដើមតំណែង ជាប្រធានាធិបតីក៏ដោយ ប៉ុន្តែការតែងតាំងនេះ មិន​ផ្ដល់​សិទ្ធិ​ឲ្យ​លោក ក្នុងការបរិហារមនុស្សដ៏កម្របំផុត នៅក្នុងចំណោមប្រជាជាតិនោះឡើយ»។

លោក ចន ម៉ាកេន បានថ្លែងឲ្យដឹងទៀតថា៖ «កូនប្រុសរបស់អ្នក (លោក ខាន់) គឺជាអ្វី ដែលសហរដ្ឋ​អាមេរិក​មានដ៏សែនកម្រ ហើយការដឹងគុណ ពីការពលីជីវិតរបស់រូបគេ នឹងធ្វើឲ្យយើង (អាមេរិក) ក្លាយជា​ប្រជាជាតិ​មួយ ដ៏ខ្លាំងបំផុត។ កូនប្រុសរបស់អ្នក នឹងមិនត្រូវបានបំភ្លេចចោល ជាដាច់ខាត់។»

បន្ថែមពីលើនេះ អ្នកស្រី ការ៉ូលីន ម៉ាកេន (Caroline McCain) ដែល ចៅស្រីរបស់លោកព្រឹទ្ធសមាជិក ចន ម៉ាកេន និងជាសមាជិកមួយរូបទៀត របស់គណបក្សសាធារណរដ្ឋ បានប្រកាសជាសាធារណៈ ថា​អ្នកស្រី​នឹង​បោះ​ឆ្នោត​ឲ្យអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។ អ្នកស្រី ការ៉ូលីន ម៉ាកេន បានវាយតម្លែការលើកឡើង របស់លោក ដូណាល់ ម៉ាកេន ថាមិនអាច«អត់អោន»ឲ្យបាន និង​បាន​ហៅ​បេក្ខជន​រូបនេះ ថាជា«ជនកំសាក»។

ព្យុះសង្គ្រាម​ពាក្យសំដី នៅមិនទាន់ចប់នៅឡើយ ខណៈក្រុមគ្រួសារយុទ្ធជនអាមេរិកពលី ទាំង១៧គ្រួសារ បាន​ចេញសេចក្ដីប្រកាសរួមគ្នា បរិហារពីការលើកឡើង របស់លោក ដូណាល់ ត្រាំ ដោយចាត់ទុក​ការ​លើក​ឡើង​នោះ «ជាការចាក់ទម្លុះបេះដូង និងជាការជេរប្រទេចផ្ដាសារ ​សម្រាប់ពួកយើងដោយផ្ទាល់»៕