កែម ឡី៖ របប​អាវ​ខ្មៅ​បាន​រលត់​បាត់ តែ​វប្បធម៌​ដឹកនាំ​របៀប​អាវ​ខ្មៅ​នៅ​បន្ត

លោក កែម ឡី បានអះអាង​នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក​ថា របបអាវខ្មៅ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ បានផុត​រលត់​ទៅ​ហើយ​មែន តែវប្បធម៌​នៃការដឹកនាំ តាម​បែប​របប​អាវខ្មៅ នៅតែបន្តមាននៅឡើយ រហូតមកដល់​សព្វថ្ងៃ​នេះ។ តើ​នៅ​ត្រង់​​​ចំណុច​​​ណា​ខ្លះ ដែលអ្នកស្រាវជ្រាវ​ផ្នែក​សង្កម​រូបនេះ ហ៊ានអះអាងដូច្នេះ? សូមតាមដាន ការលើក​ឡើង​​​របស់​​លោក កែម ឡី ក្នុង​អត្ថបទ​ខាង​ក្រោម ដូច​តទៅ។
កែម ឡី៖ របប​អាវ​ខ្មៅ​បាន​រលត់​បាត់ តែ​វប្បធម៌​ដឹកនាំ​របៀប​អាវ​ខ្មៅ​នៅ​បន្ត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅក្នុងតំណែងតាំងពីឆ្នាំ១៩៨៥ រហូតមកទល់បច្ចុប្បន្ន។ (រូបថតឯកសារ)

នៅក្នុងរបបអាវខ្មៅមានទ្រឹស្តីថា អង្គការលើ ថ្នាក់លើ មេកងលើ ស្រេចតែមេកង ស្រេចតែសមមិត្តបង។ល។ ចុះបច្ចុប្បន្ន ពេលចាត់វិធានការម្តងៗ សម្លេងចេញពីសមត្ថកិច្ច មិនបានបញ្ជាក់ថា តាមមាត្រាណា? ច្បាប់​ណា? គោលនយោបាយណា (ឬ)ទេ? គឺតាមបទបញ្ជាមេ តាមអនុសាសន៍ តាមការណែនាំពីថ្នាក់លើ មេបញ្ជា មេ​ប្រាប់។ល។

សកម្មភាពមនុស្សធម៌ ជួយជនរងគ្រោះ របស់មន្រ្តីអង្គការសិទ្ធិមនុស្ស បើទោះជាពេលសង្រ្គាម ពេល​ប្រយុទ្ធ​នៅសមរភូមិ ក៏ត្រូវបានការការពារ ពីភាគីប្រយុទ្ធយ៉ាងម៉ត់ចត់ដែរ។ ហេតុអ្វីពួកគាត់ទាំងប្រាំនាក់ ត្រូវជាប់​ពន្ធនាគារ? អ្នកមិនបានផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះទាំងប្រាំនាក់ទេ ប៉ុន្តែបែរជាវិនិយោគធនធាន និង​កង​កម្លាំង​ច្រើន​លើសលុប លើអ្នកពាក់អាវខ្មៅទៅវិញ។

រដ្ឋាភិបាលបានចំណាយថវិកា និងធនធានច្រើនណាស់ លើការជ្រើសរើសកងកម្លាំង វិធានការបង្ក្រាប តែរដ្ឋ​មិនបានយកចិត្តទុកដាក់ខ្លាំង លើការកាត់បន្ថយមូលហេតុនៃបញ្ហា និងឬសគល់នៃបញ្ហាទេ។ ធ្វើដូចនេះ បញ្ហា​មិនត្រឹមតែមិនអាចកាត់បន្ថយបានទេ តែផ្ទុយទៅវិញ បញ្ហារឹតតែកើន និងរីករាលដាលរហូត។

ប្រៀបធៀបទី១
ដូចគ្នានោះដែរ អ្នកមិនបានប្រើថ្នាំព្យាបាលសម្លាប់មេរោគ ឬរោគបង្កទេ តែអ្នកបែរជាប្រើថ្នាំ ដ៏ច្រើនលើសលុប ដើម្បីព្យាបាលចង្កោមរោគសញ្ញា និងរោគសញ្ញាទៅវិញ។ មិនជាជម្ងឺទេ តែផ្ទុយទៅវិញ ជម្ងឺមិនត្រឹមតែមិន​ជា​សះ​ស្បើយ ប៉ុន្តែថែមទាំងរីករាលដាល និងបង្កជាជម្ងឺផ្សេងៗទៀត។

ប្រៀបធៀបទី២
អ្នកមិនបានផ្តល់សិទ្ធិ ឲ្យសហគមន៍ព្រៃឈើ ឲ្យពេញលេញដើម្បីថែទាំ គាំពារ ការពារ និងសិទ្ធិជាម្ចាស់​លើ​ព្រៃ​សហគមន៍ទេ តែអ្នកបែរជាបង្កើត​រដ្ឋបាលព្រៃឈើ រៀបចំកងកម្លាំង ដើម្បីដាក់តាមផ្លូវ កុងត្រូល ចាប់ឈើ ហើយ​លក់ដើម្បី​យកលុយ​​ចែកគ្នា​ជាទម្រង់​ប្រាក់​លើកទឹកចិត្ត។ វិធានការបែបនេះ មិនត្រឹមតែមិនមាន​ប្រសិទ្ធិ​ភាព ថែមទាំងអស់​ព្រៃឈើ ។

ប្រៀបធៀបទី៣
អ្នកមិនបានវិនិយោគ លើការត្រួតពិនិត្យ កុំឲ្យមានការរំលោភសិទ្ធិការងារ លើកម្មករពីថៅកែ ឬម្ចាស់​រោងចក្រ​ទេ និងកែលម្អយន្តការ ដោះស្រាយវិវាទការងារ ឲ្យមានប្រសិទ្ធិភាពទេ ប៉ុន្តែអ្នកបែរជារៀបចំកង​កម្លាំង​ច្រើន​ក្រុម ច្រើនផែន ច្រើនលើសលុប ដើម្បីបង្ក្រាបលើកម្មករសម្តែងមតិទៅវិញ ។

ប្រៀបធៀបទី៤
អ្នកមិនបានវិនិយោគច្រើន លើការផ្តល់គំរូសីលធម៌ល្អ ពីថ្នាក់ដឹកនាំ អប់រំសីលធម៌ដល់ពលរដ្ឋ វិធានការ​កាត់​បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង។ល។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទេ តែអ្នកបែរជាសប្បាយចិត្ត និង​វិនិយោគច្រើន លើការពង្រាយកងកម្លាំងសម្រាប់ផាកពិន័យ រំខានដល់ការធ្វើដំណើរច្រើន និងបាន​លុយ​ច្រើន ចែកគ្នាជាទម្រង់ប្រាក់​លើក​ទឹកចិត្ត​ទៅវិញ។ ធ្វើបែបនេះ មិនអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍​បាន​ច្រើន​ទេ។

ប្រៀបធៀបទី៥
អ្នកមិនបានពង្រឹងវិធានការ ពីថ្នាក់កំពូលកុំឲ្យពុករលួយ តាមរយៈប្រកាសទ្រព្យសម្បត្តិដោយចំហ ទាំងគ្រួសារ និងមានការធ្វើសាវនកម្មប្រចាំឆ្នាំ លើចំណូល ចំណាយទេ តែបែរជាសប្បាយចិត្ត ចាប់ត្រីតូចតាច រក្សាត្រីធំ​ទៅ​វិញ។ វិធានការបែបនេះ មិនត្រឹមតែមិនអាចកាត់បន្ថយ អំពើពុករលួយបានទេ ប៉ុន្តែថែមទាំង បង្កឲ្យមាន​គម្លាត​អ្នក​មាន និងអ្នកក្រខ្ពស់ អំពើពុករលួយច្រើន និងបង្កឲ្យមានអស្ថេរភាពសង្គម ទៅថ្ងៃអនាគត៕

----------

កំណត់សំគាល់៖ អត្ថបទខាងលើនេះ ជាការដកស្រង់ទាំងស្រុង ពីសំណេរមួយរបស់លោក កែម ឡី នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើការ​កែ​កំហុស​អក្ខរាវិរុទ្ធខ្លះៗ តែបានរក្សាសំណៅដើម នៃអត្ថបទ មិនមានផ្លាស់ប្ដូរអ្វីឡើយ៕