លោក ប្រា​យុទ្ធ​៖ លទ្ធផល​ប្រជាមតិ​យ៉ាងម៉េច ក៏​ខ្ញុំ​មិន​ចុះចេញ​ដែរ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-03-2016, 4:09 pm         1476

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រា​យុទ្ធ​៖ លទ្ធផល​ប្រជាមតិ​យ៉ាងម៉េច ក៏​ខ្ញុំ​មិន​ចុះចេញ​ដែរ​នៅសល់តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាជន​ថៃ​នឹងត្រូវ​បោះឆ្នោត​លើ​ប្រជាមតិ​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី នៅ​ថ្ងៃទី​៧ ខែសីហា​។ ខណៈដែល​ថ្ងៃ​ប្រជាមតិ​កាន់តែ​ខិត​មកដល់ មេដឹកនាំ​របប​យោធា​ថៃ បាន​បញ្ជាក់ថា លោក​នឹងមិន​ចុះចេញ​ឡើយ ដែល​នេះ​ជាការ​ឆ្លើយតប​នឹង​ក្រុម​ប្រឆាំងនឹង​រដ្ឋប្រហារ ដែល​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង ប្រសិនបើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​បរាជ័យ​នោះ​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្តម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​អះអាង​ជាថ្មី​ថា លោក​នឹងមិន​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទេ ក្នុងករណី​សេចក្ដីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បរាជ័យ​ក្នុង​ការធ្វើប្រជាមតិ​នៅ​ថ្ងៃទី​៧ ខែសីហា ខាងមុខ​។ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បន្តថា ប្រជាមតិ មិនមែន​កំណត់​អ្នកណា​ឈ្នះ ឬ​ចាញ់​ឡើយ ហើយ​លោក​ក៏​មិន​ចង់​ឈ្នះ​អ្នកណា​ដែរ តែ​លោក​ក៏​មិនដែល​ចាញ់​អ្នកណា​នោះឡើយ​។

​ពី​វិមាន​រដ្ឋាភិបាល នៅ​ថ្ងៃទី​២ ខែសីហា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បញ្ជាក់ដែរថា លោក​គ្រាន់តែ​ចង់​រក្សា​អំណាច​របស់លោក ដើម្បី​គ្រប់គ្រង​ប្រទេស​ក្នុងពេល​អន្តរកាល​នេះ​ប៉ុណ្ណោះ​។ ឆ្លើយតប​នឹង​អ្នក​ដែល​ចង់​ឲ្យ​លោក​ចុះចេញ ប្រសិនបើ​រដ្ឋធម្មនុញ្ញ​ថ្មី​បរាជ័យ លោក ប្រា​យុទ្ធ បន្តថា ប្រជាមតិ​ថ្ងៃទី​៧ ខែសីហា គឺជា​ផ្នែក​មួយ​នៃ​ដំណើការ​ឆ្ពោះទៅ​ប្រជាធិបតេយ្យ ហើយ​ការបោះឆ្នោត​ឆ្នាំ​២០១៧ ក៏​មិន​អាចធ្វើ​ដោយ​គ្មាន​រដ្ឋធម្មនុញ្ញ​ដែរ​។​

​កាសែត​បាងកក​ប៉ុស្តិ៍ ផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​បន្ត​ក្ដោប​ក្ដាប់​អំណាច ដែល​ស្រប​នឹង​ផែនទី​ចង្អុល​ផ្លូវ និង​ដើម្បី​ដោះស្រាយ​បញ្ហា ដែល​រួមទាំង​វិបត្តិ​នយោបាយ​ផងដែរ​។ «​យ៉ាងណា ខ្ញុំ​នឹង​នៅ​កាន់អំណាច​ដដែល ព្រោះ​ខ្ញុំ​ក៏មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​ដដែល​។​» នេះ​ជាការ​លើកឡើង​របស់លោក ប្រា​យុទ្ធ ដែល​កាន់អំណាច​តាមរយៈ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៤​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ក៏បាន​បង្ហាញ​ជំហរ​មិន​ខ្វល់​នឹង​ការអំពាវនាវ ដែល​ស្នើ​ឲ្យ​ប្រជាជន​ថៃ​បោះឆ្នោត​ប្រឆាំងនឹង​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។ លោក ប្រា​យុទ្ធ និយាយថា លោក​គ្មាន​អ្វីដែល​ត្រូវ​បារម្ភ​ឡើយ​។ ទោះជា​លទ្ធផល​ប្រជាមតិ​យ៉ាងម៉េច ក៏​លោក​នៅតែ​កាន់អំណាច ស្របតាម​ផែនទី​ចង្អុល​ផ្លូវ ហើយ​លោក​នឹង​ប្រឹង​ធ្វើ​គ្រប់យ៉ាង ខណៈ​លោក​នៅ​កាន់តំណែង​។ លោក​នឹងធ្វើ ដើម្បី​ប្រទេស និង​ប្រជាជន​ថៃ​។

​លោក ប្រា​យុទ្ធ សង្កត់ធ្ងន់ថា លោក​នឹង​កោះប្រជុំ​រួម​គណៈរដ្ឋមន្ត្រី និង​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ ដើម្បី​សម្រេច​ពី​ផែនការ​ទៅមុខ បើទោះជា​ប្រជាមតិ​មាន​លទ្ធផល​យ៉ាងណាក៏ដោយ​។ ប៉ុន្តែ លោក​បាន​ផ្ដាំ​ទៅ​អ្នកបោះឆ្នោត​ថា ត្រូវ​ជ្រើសរើស​រវាង​អនាគត​ដែល​មិន​ច្បាស់លាស់ និង​បរាជ័យ​ពី​អតីតកាល​៕