បុក​គ្នា​យ៉ាង​ពេញទំហឹង ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កាល​យប់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​សំពៅ​មាស ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី យ៉ុ​ន ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​២​គ្រឿង​បើកបរ​បញ្ច្រាសទិស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ កំពង់ធំ 1B-0286 ជិះ​គ្នា​២​នាក់ បាន​បត់​ឆ្វេង​ឆ្លងថ្នល់​ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ កំពង់ធំ 1H-3422 ជិះ​គ្នា​២​នាក់ ។

លោក​អធិការរង​បញ្ជាក់​ថា ម៉ូតូ​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ធំ 1B-0286 បើកបរ​ដោយ​ឈ្មោះ សូ សេង​ធាន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ឌុ​ប​ប្រពន្ធ​ឈ្មោះ លាន សុភា អាយុ​៤៦​ឆ្នាំ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​សំពៅ​មាស ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ រង​របួសធ្ងន់​ទាំង​២​នាក់ ។ ចំណែក​ម៉ូតូ​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ធំ 1H-3422 បើកបរ​ដោយ​ឈ្មោះ ភា​ង វណ្ណ​ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តា​រាម ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) រួម​ដំណើរ​ជាមួយ​ដោយ​បុរស​ម្នាក់​ឈ្មោះ សិត គឹ​ម​សា អាយុ​១៩​ឆ្នាំ រង​របួសស្រាល ។

សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ធំ 1B-0286 ហើយ​ភាគី​ទាំង​សងខាង​សុទ្ធតែ​មិន​ពាក់មួក​សុវត្ថិភាព​ទៀត ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បី​ចាត់ការ​តាម​និ​តិ​ត​វិធី​ច្បាប់ ៕