សមត្ថកិច្ច​ផ្ទុះ​ប្រតិកម្ម ខណៈចៅក្រម​ស៊ើបសួរ​ដោះ​លែង​ជនពាក់ព័ន្ធ​លក់​ដី​រដ្ឋ

សមត្ថកិច្ច​ផ្ទុះ​ប្រតិកម្ម ខណៈចៅក្រម​ស៊ើបសួរ​ដោះ​លែង​ជនពាក់ព័ន្ធ​លក់​ដី​រដ្ឋ



ខេត្ដមណ្ឌលគិរី ៖ សំណុំរឿង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​រដ្ឋ និង​កំពុង​បង្កើត​ឲ្យ​មានការ​ដេញដោល​គ្នា​រវាង​ស្ថាប័ន​នគរបាល​ខេត្ត​និង​តុលាការខេត្ត លើ​ការ​ដោះ​លែង​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មក​ថា បុរស​ឈ្មោះ កែវ វុ​ទ្ធី និង​បក្ខពួក​ចំនួន​៤​នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​មាន​សេរីភាព បន្ទាប់​ពី​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​ចាប់ខ្លួន​បញ្ជូន​ពួក​គេ​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ទី​១ សីហា ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​លក់​ដី​ព្រៃ​ការពារ​របស់​រដ្ឋ តែ​បែរជា​ត្រូវ​បាន​ដោះ​លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា​ទៅ​វិញ ។

មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃ​ទី​២ សីហា ដែល​ដឹង​រឿង​នេះ បាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​ក្រោយ​ប្រទះ​ឃើញ​ឈ្មោះ កែវ វុ​ទ្ធី និង​បក្ខពួក​កំពុង​ចូល​បរិភោគ​អាហារ​នៅ​អាហារ​ដ្ឋា​ន​មួយ​តាម​ផ្លូវ​បណ្តោយ​សួនច្បារ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ថា ពួក​គាត់​ពិតជា​នឹក​ស្មាន​មិន​ដល់ ព្រោះ​តុលាការខេត្ត​បាន​ដោះ​លែង​បុគ្គល​ខាងលើ​នេះ ទោះបី​សមត្ថកិច្ច​មាន​ទាំង​ភស្តុ​តាង​នឹង​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ច្បាស់​ណាស់​ហើយ​នោះ ។
លោក តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បាន​ផុត​ពី​ដែន​សមត្ថកិច្ច​របស់​លោក​ហើយ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក សូរ សុវណ្ណ ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌​ខេត្ត បាន​ឲ្យ​ដឹង​ថា លោក​នឹង​តាម​ចាប់ខ្លួន​ជន​ឈ្មោះ កែវ វុ​ទ្ធី នោះ​មក​វិញ​ឲ្យ​ខាង​តែ​បាន ។

លោក សូ សុវិទ្យា ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ នៅ​ពេល​មានការ​អនុវត្ត​ឃាត់ខ្លួន​ជនសង្ស័យ គឺ​លោក​ជា​អ្នកដឹកនាំ តែ​ដោយ​មាន​ភារៈកិច្ច​ច្រើន លោក​ក៏​បាន​បង្វែរ​សំណុំរឿង​មួយ​នេះ​ទៅ​លោក ជា សុវណ្ណ​វេ​ត ជា​អ្នកចាត់ការ​បន្ត ។

ជុំវិញ​ការ​ដោះ​លែង​មេខ្យល់​ជួញដូរ​ដី​ព្រៃរបស់​រដ្ឋ​ខាងលើ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ជា​ពិសេស​មន្ត្រី​មាន​សមត្ថកិច្ច​ជុំវិញ​ខេត្ត បាន​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត លោក សា​អឿ​ន កុសល ដែល​បាន​ដោះ​លែង ជន​ពាក់ព័ន្ធ​ឲ្យ​មាន​សេរីភាព​ខណៈ​ឯកសារ​នានា​ត្រូវ​បាន​សមត្ថកិច្ច​អះ​អង​ថា ប្រមូល​គ្រប់​ជ្រុងជ្រោយ​ទៅ​ហើយ​នោះ ។

ចំណែក​មន្ត្រីរាជការ​មួយ​ចំនួន​បាន​និយាយ​រិះគន់​ថា សកម្មភាព​នេះ ហាក់ដូចជា​បាន​និង​កំពុង​បំបាក់ស្មារតី​នៃ​ការ​បំពេញការងារ​របស់​កម្លាំង​សមត្ថកិច្ច ព្រោះ​ទម្រាំ​តែ​ស៊ើបអង្កេត​ករណី​មួយ​រឿង​ៗ​ចប់ ត្រូវ​ចំណាយ​ពេលវេលា​មិន​តិច​ឡើយ ប៉ុន្តែ​នៅ​ពេល​ការងារ​ស៊ើបអង្កេត​ត្រូវ​បាន​បញ្ចា​ប់​ហើយ​ប្រគល់​ការងារ​បន្ត​ទៅ​ជូន​តុលា​រការ ដើម្បី​សម្រេច​ពី​ការ​ចោទប្រកាន់​ឬ​ដាក់ទោស​យ៉ាងណា​ចំពោះ​ជន​ប្រព្រឹត្ត​ខុសច្បាប់ បែរជា​ជន​ទាំងនោះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ទៅ​វិញ ។

លោក ជា សុវណ្ណ​ថេ​ត ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត ដែល​បាន​ទទួល​ការងារ​បន្ត​ពី​លោក សូ សុវិទ្យា បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្នើ​ទៅ​ប្រធាន​របស់​លោក ដើម្បី​ឲ្យ​មានការ​ឃុំខ្លួន​លើ​បុគ្គល​ឈ្មោះ​កែវ វុ​ទ្ធី និង​បក្ខពួក ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​បាន​ដោះ​លែង ។

ចំណែក​លោក​ចៅក្រម សា​អឿ​ន កោសល្យ​មុន្នី អ្នក​កាន់​សំណុំរឿង​ខាងលើ នៅ​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ តែ​អ្នករាយការណ៍​ព័ត៌មាន​នឹង​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​បកស្រាយ​បំភ្លឺ​របស់​លោក​ចៅក្រម ចំពោះ​ការ​អនុវត្ត​ច្បាប់​ក្នុង​ករណី​ខាងលើ​នេះ ត្បិត​មហាជន កំពុង​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​នៃ​ការ​ដោះ​លែង​ជន​ឈ្មោះ​កែវ វុ​ទ្ធី និង​បក្ខពួក​នេះ ។

សូម​រំឭក​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី រួម​ទាំង​ព្រះរាជអាជ្ញា​រង បាន​ធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ថា​បាន​យក​លុយ​ពី​ពួក​គាត់ និង​សន្យា​ចែក​ដី​ឲ្យ​មួយ​គ្រួសារ​៥​ហិ​កតា​ដែល​មាន​ទទឹង​៥០​ម៉ែត្រ​គុណ​នឹង​១.០០០​ម៉ែត្រ ដែល​មាន​តម្លៃ​៥០០​ដុល្លារ មា​នទី​តាំងនៅ​ជាប់​ព្រំប្រទល់​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ចំណុច​ព្រៃ​ខៀវ ស្ថិត​នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី ដោយសារ​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​បាន​លង់ខ្លួន​អស់​លុយ​រហូត​ដល់​ទៅ​១.០០០ ដុល្លារ អ្នកខ្លះ​អស់​១.៥០០​ដុល្លារ​ក៏​មាន សរុប​ទៅ​មាន​ចំនួន​៥៨៩​គ្រួសារ​ឯណោះ​។

បើ​តាម​សម្ដី​របស់​លោក សូ សុវណ្ណ ស្នងការ​រង​នៃ​ស្នងកា​ដ្ឋា​ន​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ប្រាំ​នាក់​នោះ ក្រោយ​ឃាត់ខ្លួន​យក​មក​សួរនាំ រក​ឃើញ​ថា មាន​តែ​ពីរ​នាក់​ទេ ដែល​ជាប់​ពាក់ព័ន្ធ ដូច្នេះ​បី​នាក់​ត្រូវ​បាន​ដោះ​លែង រីឯ​អ្នក​ដែល​ពាក់ព័ន្ធ ទី​១-​ឈ្មោះ កែវ វុ​ទ្ធី និង​ទី​ពីរ ឈ្មោះ ថៀត សារី ។

ដោយឡែក​ជន​ស​ង្ស័​ុ​យ​ឈ្មោះ​កែវ វុ​ទ្ធី​នេះ​សារភាព​ថា បាន​តែ​៩១​គ្រួសារ​ទេ​និង​ទទួល​បាន​ប្រាក់​តែ​១១.០១០​ដុល្លារ​ប៉ុណ្ណោះ​នៅ​ដើមឆ្នាំ​២០១៥​ដល់​២០១៦​ដោយ​សន្យា​ថា ឲ្យ​ដី​តំបន់​នោះ​ពិតមែន តែ​ឥឡូវ​ត្រូវ​កម្លាំង​នគរបាល​នៃ​ស្នងការ​ខេត្ត​ក្របួច​ជាប់ ។

យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ប្រព័ន្ធ​ច្បាប់ ចំពោះ​ការ​អនុវត្ត​ទោស​អ្នក​ជាប់​ពាក់ព័ន្ធ​លើ​ករណី​នេះ ហើយ​ពួក​គាត់​ក៏​បាន​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សូម​ជួយ​ពិនិត្យ​និង​ស៊ើបអង្កេត លើ​ករណី​នេះ​ផង ព្រោះ​ហាក់ដូចជា​មាន​ក្លិន​មិនសូវ​ស្រួល​ន​សោះ ៕