ទុយ​ណេ​ស៊ី​៖ ក្រុមប្រឆាំង​ក្ដៅក្រហាយ បន្ទាប់ពី​ប្រធានាធិបតី​ដាក់​សាច់ញាតិ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-03-2016, 7:39 pm         204

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទុយ​ណេ​ស៊ី​៖ ក្រុមប្រឆាំង​ក្ដៅក្រហាយ បន្ទាប់ពី​ប្រធានាធិបតី​ដាក់​សាច់ញាតិ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​​ក្រុមប្រឆាំង​នៅ​ទុយ​ណេ​ស៊ី បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ប្រធានាធិបតី​ទុយ​ណេ​ស៊ី លោក Beji Caid Essebsi ដែល​លើកសំណើ​ដាក់​សាច់ញាតិ​របស់លោក សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​។ ក្រុម​អ្នក​រិះគន់ បាន​ចោទ​ប្រធានាធិបតី​ថា សាច់ញាតិ​និយម​ដែល​ចង់​ឲ្យ​បងប្អូន​របស់ខ្លួន​កាន់តំណែង​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ប្រធានាធិបតី​ទុយ​ណេ​ស៊ី លោក Beji Caid Essebsi នៅ​ថ្ងៃទី​២ ខែសីហា បានស្នើ​ដាក់​រដ្ឋមន្ត្រី​ម្នាក់ ដែលជា​សមាជិកគ្រួសារ​របស់លោក ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី ជំនួស​លោក Habib Essid ដែល​ត្រូវ​បណ្ដេញ​ចេញពី​តំណែង​។ សំណើ​នេះ ត្រូវបាន​ក្រុម​បក្សប្រឆាំង​ប្រតិកម្ម​ខ្លាំងៗ និង​ចោទ​លោក​ប្រធានាធិបតី​ថា ធ្វើការ​បក្សពួកនិយម​។​

​អំឡុងពេល​ចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ប្រធានាធិបតី Essebsi បានដាក់​ឈ្មោះ​លោក Youssef Chahed មកពី​គណបក្សកាន់អំណាច និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ក្នុងស្រុក សម្រាប់​តំណែង​ប្រមុខ​រដ្ឋាភិបាល​។ មន្ត្រី​មួយរូប​នៃ​បក្ស​កាន់អំណាច​និយាយថា ការចរចា​នឹង​បន្ត​នៅ​ថ្ងៃទី​៣ ខែសីហា នៅ​វិមាន​ប្រធានាធិបតី ដោយ​គ្រប់ភាគី​ទាំងអស់ នឹង​ផ្ដល់យោបល់​លើ​សំណើ​របស់​ប្រធានាធិបតី​។ លោក Essebsi មាន​ពេល​ត្រឹម​ថ្ងៃទី​១០ ខែសីហា ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ឲ្យ​បាន​។

​យ៉ាងណាក្ដី ក្រុមប្រឆាំង​និយាយ​ហើយ​ថា ខ្លួន​តវ៉ា​ចំពោះ​ការជ្រើសរើស​លោក Chahed ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​។ បើតាម​សារព័ត៌មាន Al Jazeera បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ទុយ​ណេ​ស៊ី​ផ្សាយ​ថា លោក Chahed គឺជា​កូនប្រសារ​របស់​ប្រធានាធិបតី Essebsi​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Jilani Hammami មកពី​គណបក្សប្រឆាំង និយាយ​ដែរ​ថា ប្រធានាធិបតី Essebsi បណ្ដេញ​នាយករដ្ឋមន្ត្រី Essid ចេញពី​តំណែង និង​ឲ្យ​អ្នក​ដែល​ជិតស្និទ្ធ​នឹង​លោក ចូលកាន់​តំ​ណែ​ជំនួស​វិញ ដើម្បី​ងាយស្រួល​បញ្ជា​ពីលើ​។ អ្នកប្រឆាំង​រូបនេះ​បន្តថា ការធ្វើ​ដូចនេះ គឺជា​ការដើរថយក្រោយ​ទៅរក​ស្ថានភាព​ដែល​ទុយ​ណេ​ស៊ី ត្រូវ​គ្រប់គ្រង​ដោយ​មនុស្ស​គ្រួសារ​តែមួយ​។

​សូម​រម្លឹកថា សភា​ទុយ​ណេ​ស៊ី នៅ​ថ្ងៃទី​៣០ ខែកក្កដា បាន​ទម្លាក់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Essid ក្នុងការ​បោះឆ្នោត​សម្ដែង​ការមិនទុកចិត្ត ដែល​បាន​បើកផ្លូវ​ឲ្យ​ប្រធានាធិបតី បង្កើត​រដ្ឋាភិបាល​ថ្មី​។ ប៉ុន្តែ ប្រធានាធិបតី Essebsi ក៏​រង​ការរិះគន់​រួចទៅហើយ​ជុំវិញ​ការប្រកាន់​បក្សពួកនិយម​នេះ ជាពិសេស​នោះ ក្រុមប្រឆាំង​បាន​ចោទ​លោក​ថា ព្យាយាម​រៀបចំ​ការ​ផ្ទេរអំណាច​ឲ្យ​កូន​របស់ខ្លួន ដែល​ទើបតែ​ឡើងកាន់តំណែង​ជា​ប្រធាន​បក្ស​កាន់អំណាច​៕