កម្ពុជា​-​ចិន​បញ្ជាក់​ពី​ទំនាក់ទំនង​ល្អ​ប្រសើរជាមួយគ្នា

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​ចិន​បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន​មាន​ភាពល្អ​ប្រសើរ​ណាស់​។ ការ​លើ​ឡើង​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ទីស្តីការក្រសួង​លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ  BU Jianguo ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា ក្នុង​ឱកាស​ដែល​លោក​ជំទាវ​បញ្ចប់​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ជុំ​ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែង​ថា​នៅ​ក្នុង​ជំនួប​នោះ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​ជាមួយ និង​ចិន ហើយ​លោក​បាន​ថ្លែង​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​នូវ​អំណរ​គុណ​យ៉ាង​ស្មោះស្ម័គ្រ និង​ជ្រាលជ្រៅ​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ ហើយ​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​ចិន​បាន​ផ្តល់​ដល់​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួង​បាន​លើក​ឡើង​ថា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការ​ជួយ​ឧបត្ថម្ភ និង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ទាំងនោះ បាន​រួមចំណែក​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ហើយ​ការ​រីក​ចម្រើន​ទាំងនោះ​បាន​ជួយ ពង្រឹង​បន្ថែម​ទៀត នូវ​ឯករាជ្យ​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​នា​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​កាត់​ផ្តាច់​ចេញពី​ការ​ឧបត្ថម្ភ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន​នោះ​ឡើយ​។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​សកម្ម ហើយនឹង​ការ​ចូលរួម​ចំណែក​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ក្នុង​ពេល​ដែល​លោក​ជំទាវ​បំពេញបេសកកម្ម​នៅ​កម្ពុជា ដល់​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។ លោក​ជំទាវ BU Jianguo បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្ត្រី អំពី​មនោ​ស​ច្ចេតនា​មិត្តភាព ដ៏​ជ្រាលជ្រៅ​របស់​លោក​ជំទាវ ដែល​មាន​ចំពោះ​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​កម្ពុជា ក្នុង​ពេល​ដែល​លោក​ជំទាវ ស្នាក់​នៅ និង​បំពេញការងារ​នៅ​កម្ពុជា​។

លោក​ជំទាវ​ក៏​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​គាំទ្រ​របស់​លោក​ទេស​រដ្ឋមន្ត្រី ហើយ​និង​ទំនាក់ទំនង​ការងារ​ដ៏​ជិត​ស្និ​ទរ​វាង​ក្រសួងការបរទេស និង​ស្ថានទូត​ចិន នៅ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​បំពេញការងារ​នៅ​កម្ពុជា ដែល​បាន​ជួយ​ឱ្យ​លោក​ជំទាវ​អនុវត្ត​បាន​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​នៅ​កម្ពុជា​។ លោក​ជំទាវ BU Jianguo ក៏​បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្ត្រី​ថា ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន នឹង​បន្តការងារ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ជំទាវ ក៏​បាន​ស្នើ​សុំ​ឱ្យ​លោក​ទេស​រដ្ឋមន្ត្រី និង​ក្រសួងការបរទេស​បន្ត​ផ្តល់​ការ​គាំទ្រ និង​បន្ត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រវាង​ក្រសួងការបរទេស ជាមួយ​និង​ស្ថានទូត​ចិន ដើម្បី​ជួយ​ដល់​ឯកអគ្គរដ្ឋទូត​ថ្មី ឱ្យ​បំពេញការងារ​បាន​ល្អ​ប្រសើរ​នៅ​កម្ពុជា​។ លោក​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ឯកឧត្តម​ផ្ទាល់​ក៏​ដូច​ជា​ក្រសួងការបរទេស ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ការងារ​ដ៏​ជិត​ស្និទ្ធ ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព​និង​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​៕