សមាគម​ចុងភៅ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​មូលនិធិ​សប្បុរសធម៌

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ពុធ​ទី​០៣ ខែសីហា ឆ្នាំ​២០១៦​នេះ សមាគម​ចុងភៅ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​សណ្ឋាគារ​បុរី​អង្គរ បាន​ពិភាក្សា​គ្នា​រួច ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រមូល​មូលនិធិ​សប្បុរសធម៌ ក្នុង​គោលបំណង​ចូលរួម​ចំណែក ជួយ​ទ្រទ្រង់​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​ប្រឈម​ទៅ​នឹង​កង្វះខាត​ថវិកា ដើម្បី​បន្ត​ប្រតិបត្តិការ​មនុស្សធម៌​របស់​ខ្លួន​នា​ចុងឆ្នាំ​២០១៦​នេះ​។

ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​បាន​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​ក្រុង​សៀមរាប និង​មាន​បណ្តាញ​សាខា​មួយ​ផ្សេង​ទៀត​នៅ​ទីប្រជុំជន​ក្នុងស្រុក​សូទ្រនិគម ក្រោម​វត្តមាន​លោក ចាន់ សុភា ជា​ស្ថាបនិក​សមាគម​ចុងភៅ​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប​។ លោក ចាន់ សុភា ជា​ស្ថាបនិក​សមាគម​ចុងភៅ​កម្ពុជា ប្រចាំ​សៀមរាប​បាន​បញ្ជាក់​អំពី​គម្រោង​នៃ​ព្រឹត្តិការណ៍​មនុស្សធម៌​នោះ​ថា ការ​ពិ​ភា​គ្សា​គ្នា​លើ​គម្រោង​នៃ​កិច្ច​ដំណើរការ​ព្រឹត្តិការណ៍​នោះ បាន​សម្រេច​រួច​ហើយ គឺ​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​។

លោក​បាន​បញ្ជាក់​ទៀត​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​សមាគម​ចុងភៅ​កម្ពុជា បាន​បង្កើត​ឡើង​នូវ​ព្រឹត្តិការណ៍​មនុស្សធម៌​បែប​នេះ ដើម្បី​បាន​រួមចំណែក​ជួយ​ដល់​សកម្មភាព​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ នៅ​អំឡុង​ឆ្នាំ​២០១៤ សមាគម​ចុងភៅ​កម្ពុជា បាន​បង្កើត​ព្រឹត្តិការណ៍​នេះ ជា​លើក​ដំបូង និង​មាន​ព្រឹត្តិការណ៍​តូច​ៗ​ជា​ច្រើន​លើក​ទៀត​។ លោក​បាន​បង្ហាញ​អំពី​ការ​កត់សម្គាល់​ផង​ដែរ ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​មនុស្សធម៌​លើក​នេះ​(​សម្រាប់​ឆ្នាំ​២០១៦)​គឺ​ស្រប​ពេល​ដែល​លោក Weibel Otto  សមាជិកសមាគម​ចុងភៅ​ពិភពលោក បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​ខេត្តសៀមរាប​អង្គរ​ផង​ដែរ​។

ហើយ​លោក​បាន​ប៉ាន់ស្មាន​ទុក​ថា យោង​តាម​វត្តមាន​របស់​លោក Weibel Otto ព្រឹត្តិការណ៍​សប្បុរសធម៌ ដើម្បី​រួមចំណែក​ទ្រទ្រង់​សកម្មភាព​មន្ទីរពេទ្យ​កុមារ​អង្គរ​លើក​នេះ មាន​ទំហំ​ជោគជ័យ​ប្រសើរ​ជាង​លើក​មុន​ៗ​។ បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា សប្បុរសជន​ទូទៅ​នឹង​ត្រូវ​បាន​កម្មវិធី​រង់ចាំ​ស្វាគមន៍​ដោយ​កក់ក្តៅ​បំផុត​។ លោក ចាន់ សុភា បាន​បញ្ជាក់​បន្ថែម​ដែរ​ថា រាល់​ថវិកា​ទាំងអស់​នៃ​ការ​ចូលរួម​របស់​សប្បុរសជន​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​មូលនិធិ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ទាំងស្រុង ដែល​ពុំ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចំណាយ​រៀបចំ​កម្មវិធី​នោះ​ឡើយ​៕