រថយន្ត​ដឹក​គ្រញូង​១​គ្រឿង ជាប់អន្ទាក់​សមត្ថកិច្ច

ខេត្តព្រះវិហារ ៖ រថយន្ត​កាម​រី​ហើម ស៊េរី​៩៥ មួយ​គ្រឿង ពណ៌​សំបក​ឪឡឹក អត់​ស្លាក​លេខ ផ្ទុក​ឈើ​គ្រញូង ប្រមាណ​ជាង​១០០​ដុំ បាន​ជាប់អន្ទាក់​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប និង​ឃាត់ខ្លួន​មនុស្ស​បាន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦​នេះ​។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់​រថយន្ត​ដឹកឈើ​ខាងលើ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន ពី​ស្រុក​ជាំ​ក្សាន្ត ថា​មាន​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ឈើ​គ្រញូង​ពេញ បំណង​ឆ្ពោះ​ឆ្លងកាត់​ទី​រួម​ខេត្តព្រះវិហារ​តាម​ផ្លូវជាតិ​លេខ​៦២ បន្ត​ទៅ​ខេត្តស្ទឹងត្រែង តាម​ផ្លូវជាតិ​លេខ​៩ ។

មន្ត្រី​ដដែល​បន្ត​ថា ខណៈនោះ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប បាន​ដាក់​កម្លាំង​ចាំ​ត្រួតពិនិត្យ ក៏​ឃើញ​រថយន្ត​ខាងលើ​មក​ដល់​ពិតប្រាកដ​មែន ហើយ​បាន​បញ្ជា​ឲ្យ​រថយន្ត​ឈប់​ដើម្បី​ត្រួតពិនិត្យ តែ​រថយន្ត​ខាងលើ​នៅ​តែ​បន្ត​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​នោះ​សមត្ថកិច្ច​ជំនាញ ក៏​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​នៅ​ក្នុងភូមិ​កំពង់ព្រះ​ឥន្ទ្រ ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ត្រួតពិនិត្យ​ទៅ​ឃើញ​សុទ្ធតែ​ឈើ​គ្រញូង​។ មន្ត្រី​ជំនាញ​ដដែល​បាន​បន្ត​ថា ក្រោយ​ត្រួតពិនិត្យ​រថយន្ត​ល្មើស​រួច​មក សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ គង់ រិ​ទ្ធិ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ក្តុល ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ហើយ​គេ​អះអាង​ថា ខ្លួន​ជា​មន្ត្រី​យោធា​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៨​ទៀត​ផង រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ សំ​អឿ​ន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​រាជា​នគរ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បញ្ជូន​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ដើម្បី​សាកសួរ​។ ជុំវិញ​បញ្ហា​ដែល​ជនសង្ស័យ​អះអាង​ថា​ខ្លួន​ជា​មន្ត្រី​យោធា​របស់​កងពលតូច​លេខ​៨​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការ​កងពលតូច​លេខ​៨ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៣ ខែសីហា​នេះ បាន​បដិសេធ​ដាច់ខាត​ថា ឈ្មោះ គង់ រិ​ទ្ធិ ខាងលើ​នេះ​មិនមែន​ជា​មន្ត្រី ឬ​កូនចៅ​របស់​លោក ក្នុង​កងពលតូច​លេខ​៨​នោះ​ទេ ។ ចំណែកឯ​វត្ថុ​តាង​ដែល​រឹបអូស​បាន មាន​ឈើ​គ្រញូង​១៣៨​ដុំ ស្មើនឹង​៣២៦​គីឡូក្រាម រថយន្ត​កាម​រី​ហើម ១​គ្រឿង ស៊េរី​៩៥ ពណ៌​សំបក​ឪឡឹក អត់​ស្លាក​លេខ ក្រោយ​វាស់វែង​រួច​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ចាត់ការ​តាម​នីតិវិធី ៕