យន្ដហោះ​ប៊ូអីង​នៃ​ក្រុមហ៊ុន «Emirates» បាន​បោក​ខ្លួន​ផ្ទុះ ពេល​ចុះ​ចត

យន្ដហោះប្រភេទ ប៊ូអ៊ីង (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ «Emirates» ដែលហោះមក​ពីប្រទេស​ឥណ្ឌា បាន​រងគ្រោះ​បោក​ខ្លួន និងបានផ្ទុះឆេះឡើង នៅពេលចុះចតនៅព្រលានយន្ដហោះ នៃក្រុង ឌុយបៃ របស់​ប្រទេស​អេមៀរ៉ាត់​អារ៉ាប់​រួម។ ជា​សំណាងល្អ ដែលអ្នកដំណើរទាំងអស់ ត្រូវបានជម្លៀស ចេញពី​យន្ដហោះ​​ទាន់​ពេល ហើយមិន​ទាន់​មាន​របាយការណ៍​ណា​មួយ និយាយ​ពី​ជន​រងគ្រោះ​នៅ​ឡើយ។
យន្ដហោះ​ប៊ូអីង​នៃ​ក្រុមហ៊ុន «Emirates» បាន​បោក​ខ្លួន​ផ្ទុះ ពេល​ចុះ​ចត

ទិដ្ឋភាពឆេះយន្ដហោះ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ «Emirates» នៅព្រឹកថ្ងៃពុធនេះ។ (រូបថតទ្វីសធើរ)

យន្ដហោះប្រភេទប៊ូអីង «Boeing 777» របស់ក្រុមហ៊ុនអាកាសចរណ៍ «Emirates» ដែលហោះចេញពី​ប្រទេស​ឥណ្ឌា បានទទួលរងគ្រោះថ្នាក់មួយ នៅពេលធ្វើការចុះចត នៅនឹងព្រលានយន្ដហោះអន្តរជាតិ នៃទីក្រុង ឌុយបៃ ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម ក្នុងថ្ងៃពុធនេះ។ នេះបើតាមការប្រកាស របស់ការិយាល័យព័ត៌មាន របស់​រដ្ឋាភិបាល​របស់​ប្រទេស​នេះ ភ្លាមៗនៅក្រោយឧប្បត្តិហេតុ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៤៥នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង៩ និង៤៥នាទី ម៉ោង​នៅបារាំង ឬម៉ោង ១៤ និង៤៥នាទី ម៉ោងនៅកម្ពុជា)។ អ្នកដំណើរនៅក្នុងយន្ដហោះទាំងអស់ ត្រូវបាន​ជម្លៀស​ខ្លួន​​ចេញ​​ពី​យន្ដហោះ ទាំងព្រលឹងចុងសក់ តែមិនមាន​របាយការណ៍​ណាមួយ រាយការណ៍​ពីជនរងរបួស​នោះ​ឡើយ។

ក្រុមហ៊ុនអាកាសចរណ៍ «Emirates» ក៏បានអះអាងពីគ្រោះថ្នាក់នេះ តាមរយៈទំព័រទ្វីសធើររបស់ខ្លួនដែរ តែ​នៅ​មិន​ទាន់ឲ្យដឹង ពីមូលហេតុដែលបណ្ដាល ឲ្យមានគ្រោះថ្នាក់នេះ​នៅឡើយ។

រូបភាពដែលត្រូវបានបង្ហោះភ្លាមៗ នៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីអណ្ដាតភ្លើង និងផ្សែង​ខ្មួល​ខ្មាញ់ ហោះចេញពីតួយន្ដហោះ។ យន្ដហោះទំនងជារងគ្រោះ​នៅចំកណ្ដាលខ្លួន ហើយពោងសង្គ្រោះ​ដើម្បី​រំដោះ​មនុស្ស​ចេញ ត្រូវបានគ្រលាស់ចេញទាំងអស់។ រដ្ឋាភិបាលរបស់ប្រទេស​អេមៀរ៉ាត់អារ៉ាប់រួម បាន​ប្រកាស​ទៀត​ថា ពីរម៉ោងក្រោយពីហេតុការណ៍នោះ អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងហើយ។

បើតាមការិយាល័យព័ត៌មានដដែល បានរាយការណ៍ថា អ្នកដំណើរពីប្រទេសឥណ្ឌា មានចំនួន២៧៥នាក់ និង​បុគ្គលិក​បម្រើ​នៅលើ​យន្ដហោះ ចំនួន១២នាក់ផ្សេងទៀត។ សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បានអះអាង​​ពីបទ​បញ្ជា​​បិទ​ផ្លូវ​​ហោះហើរនានា ដែលត្រៀមនឹងចុះចត ឬត្រៀម​ហោះ​ឡើង នៅនឹង​ព្រលាន​យន្ដហោះនេះ​ជា​បណ្ដោះ​​អាសន្ន​​សិន មុននឹងមានបទបញ្ជាថ្មី ដាក់​ចុះមក​តាម​ក្រោយ។

កាលពីថ្ងៃអង្គារម្សិលម៉ិញ យន្ដហោះប្រភេទប៊ូអីងដូចគ្នា ដែលបានហោះ​ឆ្ពោះទៅកាន់ប្រជុំកោះម៉ាឌីវ បានប្ដូរ​ផ្លូវហោះហើររបស់ខ្លួន ហើយបានហោះទៅចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះក្រុង ប៊ុមបៃ ប្រទេស​ឥណ្ឌា។ ក្រុមហ៊ុន «Emirates» បានលើកពីមូលហេតុមកបញ្ជាក់ថា យន្ដហោះបានជួប​បញ្ហារអាក់រអួល ផ្នែក​បច្ចេកទេស។ រីឯរាល់អ្នកដំណើរវិញ ក៏ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាពដែរ។

គ្រោះថ្នាក់យន្ដហោះ នៅថ្ងៃពុធនេះ បានកើតឡើងនៅបួនខែ ក្រោយពីគ្រោះថ្នាក់លើកមុន របស់យន្ដហោះ​ប៊ូអីង (Boeing 737-800) នៃក្រុមហ៊ុនអាកាសចរណ៍ «flydubai» ដែលជាក្រុមហ៊ុនមួយទៀត របស់​ប្រទេស​អេមៀរ៉ាត់អារ៉ាប់រួម។ យន្ដហោះនោះ បានហោះចេញ ពីព្រលាន​យន្ដហោះ​អន្តរជាតិ នៃក្រង ឌុយបៃ ( នៅ​ល្ងាច​ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៨និង២០នាទី (ម៉ោងក្នុងស្រុក) និង​គ្រោះថ្នាក់​បាន​កើត​ឡើង នៅព្រលានយន្ដហោះ ក្រុង «Rostov-sur-le-Don» ប្រទេសរ៉ូស្ស៊ី ក្នុងយប់​ថ្ងៃ​សុក្រ ចូលមក​​ព្រឹក​​ថ្ងៃ​សៅរ៍ វេលាម៉ោង០០ និង៥០នាទី (ម៉ោងក្នុងស្រុក)។ ក្នុងហេតុការណ៍ដ៏សោកសៅនេះ អ្នកដំណើរ៦២នាក់ បាន​ស្លាប់៕

--------

» ទិដ្ឋភាពមួយចំនួន ពីគ្រោះថ្នាក់យន្ដហោះ ក្នុងថ្ងៃពុធនេះ៖

យន្ដហោះ​ប៊ូអីង​នៃ​ក្រុមហ៊ុន «Emirates» បាន​បោក​ខ្លួន​ផ្ទុះ ពេល​ចុះ​ចត

យន្ដហោះ​ប៊ូអីង​នៃ​ក្រុមហ៊ុន «Emirates» បាន​បោក​ខ្លួន​ផ្ទុះ ពេល​ចុះ​ចត

The moment #EK521 came to a halt at DXB after landing from India. Appears to show one engine parted with aircraft⚠ pic.twitter.com/kSd4PtTGKe

— Flight Alerts ⚠ (@FlightAlerts777) 3 août 2016