អូ​បា​ម៉ា​បញ្ជាក់​ជាថ្មី​ថា អន្តរាគមន៍​ឆ្នាំ​២០១១ នៅ​លី​ប៊ី​ជា​ជម្រើស​ត្រឹមត្រូវ​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-03-2016, 9:59 pm         164

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អូ​បា​ម៉ា​បញ្ជាក់​ជាថ្មី​ថា អន្តរាគមន៍​ឆ្នាំ​២០១១ នៅ​លី​ប៊ី​ជា​ជម្រើស​ត្រឹមត្រូវ​​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ការអន្តរាគមន៍​យោធា​នៅក្នុង​ប្រទេស​លី​ប៊ី​ដើម្បី​ទម្លាក់​លោក ហ្កា​ដា​ហ្វី ជា​រឿង​ត្រឹមត្រូវ​មួយ ព្រោះ​វា​ជួយ​ទប់ស្កាត់​ការសម្លាប់​រង្គាល​។ តែ​មេដឹកនាំ រូបនេះ​ទទួលស្គាល់​ផងដែរ​ថា អាមេរិក​និង​សម្ព័ន្ធ​មិនបាន​យកចិត្តទុកដាក់​ឲ្យ​បាន​ដិតដល់​លើ​ការកសាង​ស្ថាប័ន​ដែល​អាចដឹកនាំ​និង​រក្សា​សន្តិសុខ​បាន​នៅ​លី​ប៊ី​ក្រោយ​ការអន្តរាគមន៍​នោះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​អង្គារ​ទី​៣​សីហា   អ្នកសារព័ត៌មាន​ម្នាក់​បាន​ចោទសួរ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពាក់ព័ន្ធ​ការលើកឡើង​របស់លោក​កន្លងមក​ថា កំហុសឆ្គង​ធំ​មួយ​របស់លោក​គឺ​បរាជ័យ​ក្នុង​រៀបចំ​ផែនការ​សម្រាប់​ប្រទេស​លី​ប៊ី​ក្រោយ​អន្តរាគមន៍​ឆ្នាំ​២០១១​។ អ្នកកាសែត​ម្នាក់ សួរ​ត្រង់ៗ​ថា តើ​លោក​អូ​បា​ម៉ា ប្រមើល​មើលឃើញ​ការសម្រេចចិត្ត​ថ្មី​របស់លោក​ដើម្បី​ទម្លាក់​គ្រាប់បែក​លើ​ពួក​ភេរវជន​រដ្ឋ​ឥស្លាម នៅ​លី​ប៊ី ជា​លទ្ធផល​នៃ​ការបរាជ័យ​នេះ​ឬទេ​។​

​លោក​បញ្ជាក់ថា ការ​កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ​នេះ​ជា​ចំណុច​អាទិភាព​នៃ​ការរក្សាសន្តិសុខ​ជាតិ​អាមេរិក និង​ពិភពលោក​ទាំងមូល​។ ហើយ​អាមេរិក​តែង​គាំទ្រ និង​ធ្វើ​សកម្មភាព​ក្នុងនាម​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ថ្មី​លី​ប៊ី​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​និង​រក្សា​ស្ថិរភាព​ក្នុងប្រទេស​ទាំងមូល​នោះ​។  ប្រធានាធិបតី​រូបនេះ​សង្កត់ធ្ងន់ថា មិនមែន​តែ​អាមេរិក​មួយ​ឡើយ តែ​ដៃគូ​អាមេរិក​នៅ​អឺរ៉ុប ក៏​សុទ្ធ​តែមាន​ឆន្ទៈ​ក្នុងការ​ចែករំលែក​បន្ទុក​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នៅ​លី​ប៊ី និង កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ​ឲ្យ​អស់​ផងដែរ​។ ដូច្នេះ​វា​មានន័យថា វា​មិនមែន​ដោយសារ​បរាជ័យ​ក្នុងការ​រៀបចំ​គម្រោង​សម្រាប់​លី​ប៊ី​កន្លងមក​ឡើយ​។

​តាមពិតទៅ វិបត្តិ​នៅ​លី​ប៊ី បង្ក​ឲ្យ​ប្រទេស​អឺរ៉ុប​ឈឺក្បាល​វិលមុខ​មិនតិច​ទេ​។ ដូច​ឃើញស្រាប់​ការវាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់​នៅ​អឺរ៉ុប និង​លំហូរ​ជនភៀសខ្លួន​ច្រើនសន្ធឹក​ពី​មជ្ឈិមបូព៌ា​ទៅកាន់​តំបន់​អឺរ៉ុប​នោះ​។​

​អ្វីដែល​សំខាន់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រៀបរាប់​ឡើងវិញ​ផងដែរ​ពី​ការសម្រេចចិត្ត​ចូល​អន្តរាគមន៍​ក្នុង លី​ប៊ី​ដោយ​ទម្លាក់​លោក ហ្កា​ដា​ហ្វី នៅក្នុង​ឆ្នាំ​២០១១​។ លោក​នៅតែ​ប្រឹង​ការពារ​ការអន្តរាគមន៍​យោធា​នេះ​ដដែល​។  លោក​ថា សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​បានធ្វើ​រឿង​ត្រឹមត្រូវ ពោលគឺ​ទប់ស្កាត់​ការសម្លាប់​រង្គាល​ប្រជាជន​ស៊ីវិល​នៅ​លី​ប៊ី​តែម្តង​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​ទទួលស្គាល់​ផងដែរ​ថា ទាំង​អាមេរិក​និង​សម្ព័ន្ធមិត្ត​សុទ្ធតែ​ថ្លោះធ្លោយ​ក្នុងការ​បង្កើត​ស្ថាប័ន​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​និង​មាន​ប្រសិទ្ធភាព​សម្រាប់​ដឹកនាំ​និង​រក្សា​សន្តិសុខ​នោះ​។​

​លោក​ថា​៖ «​យើងទាំងអស់គ្នា​មិនបាន​យកចិត្តទុកដាក់​ឲ្យ​បាន​ដិតដល់​ឡើយ​ចំពោះ​អ្វីដែល​បានកើត​ឡើងជា​បន្តបន្ទាប់​មក​នោះ ក៏ដូចជា​ដើម្បី​ធានាថា​រចនាសម្ព័ន្ធ​នៃ​ស្ថាប័ន​រឹងមាំ​នោះ​ត្រូវបាន​បង្កើតឡើង​និង​ដើម្បី​ធានា​ពី​សន្តិសុខ​និង​សន្តិភាព​នៅក្នុង​ប្រទេស​លី​ប៊ី​នោះ​»​។

​យ៉ាងណាក៏ដោយ​លោក​បានបង្ហាញ​ការយល់ឃើញ​សុទិដ្ឋិនិយម​ដែរ​ចំពោះ​អនាគត​នៃ​សន្តិសុខ​របស់​ប្រទេស​លី​ប៊ី ក្រោយ​មានការ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​រវាង​ភាគី​ជម្លោះ​នោះ​។ អង្គការនីតិប្រតិបត្តិ​ថ្មី​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ដឹកនាំ រក្សា​សន្តិសុខ និង​បង្រួបបង្រួម​ជាតិ​ក្នុងចំណោម​ក្រុម​សកម្មប្រយុទ្ធ​ច្រើន​ក្រុម​បែកខ្ញែក​គ្នា​នៅ​លី​ប៊ី​នោះ​។ ប៉ុន្តែ​ជារួម វា​ជា​ផែនការ​រយៈពេល​វែង ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការបង្កើត​ស្ថាប័ន​ដឹកនាំ​រឹងមាំ និង​មាន​ប្រសិទ្ធភាព​នៅ​លី​ប៊ី​នោះ​៕