ប្រជាពលរដ្ឋ​ជិត ២០០ គ្រួសារ​សុំ​អន្តរាគមន៍​រឿង​ក្លិនស្អុយ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​

6 Videos


ប្រជាពលរដ្ឋជិត ២០០ គ្រួសាររស់នៅតាមបណ្តោយព្រែកតាពៅ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ចំណុចចុងសំរិត និង ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានការធុំក្លិនស្អុយជះចេញពីក្នុងទឹកព្រែកតាពៅ បណ្តាលឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ។

មូលហេតុដែលក្រុមហ៊ុនបង្ហូរទឹកស្អុយចេញពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ចូលទៅក្នុងព្រែកធម្មជាតិ ( ព្រែកតាពៅ ) ធ្វើឲ្យខូចទឹកស្អុយពិបាកដកដង្ហើម គ្មានទឹកប្រើប្រាស់ ស្រោចដំណាំ និង សត្វគោក្របីផឹកជាង ៥ ឆ្នាំមកហើយ ពុំមានអាជ្ញាធរណាចុះពិនិត្យដោះស្រាយឡើយ ហើយបាននាំគ្នាស្វះស្វែងរកបទអន្តរាគមន៍ពីសម្តេចតេជោ ឲ្យជួយពួកគាត់ផង ។

ប្រជាពលរដ្ឋ​ជិត ២០០ គ្រួសារ​សុំ​អន្តរាគមន៍​រឿង​ក្លិនស្អុយ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​

លោកតា ប៉ែន ជួង អាយុ ៧៤ ឆ្នាំ នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត បានឲ្យដឹងថា រូបគាត់កើតនៅភូមិថ្នាញ ជាប់មាត់ព្រែកតាពៅនេះ ហើយរស់នៅរហូតមកប្រកបមុខរបរកសិកម្ម និងរកត្រីក្នុងព្រែកតាពៅនេះជារៀងរហូតមក ហើយកូនៗបានបន្តមុខរបររបស់គាត់រហូតដល់អំឡុងឆ្នាំ ២០១២ ចាប់តាំងពីបង្កើតរោងចក្រ ហើយរោងចក្របានបង្ហូរកាកសំណល់ទឹកស្អុយចេញពីរោងចក្រ ចូលក្នុងទឹកព្រែកធម្មជាតិ ធ្វើឲ្យខូចទឹកឡើងពណ៌ខ្មៅមិនអាចប្រើប្រាស់បាន ងាប់ត្រីធម្មជាតិរកលែងបាន និង ជះក្លិនស្អុយយ៉ាងខ្លាំង ពិបាកដកដង្ហើមប៉ះពាល់សុខភាពកូនចៅជាងបួនឆ្នាំមកហើយ គ្មានអាជ្ញាធរណាដោះស្រាយឡើយ ទើបសម្រចចិត្តរកអ្នកសាព័ត៌មានចុះផ្សាយអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយ ។

ប្រជាពលរដ្ឋ​ជិត ២០០ គ្រួសារ​សុំ​អន្តរាគមន៍​រឿង​ក្លិនស្អុយ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​

លោក សេង សិលា អភិបាលក្រុងបាវិត បានឲ្យដឹងថា ប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈកាលពីខែកក្កដាកន្លងទៅថ្មីៗនេះ លោកបានរាយការណ៍ជូនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបាវិតសុំរកការអន្តរាគមន៍ទៅនាយកតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនឲ្យធ្វើអាងចម្រោះទឹកស្អាតមុនបង្ហូរចូលព្រែកធម្មជាតិ ក៏ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចកំពុងជីកស្រះស្តុកទឹក និង ធ្វើអាងចម្រោះ ៕

                                                                                សុថាត់