Samsung ចំអក​ Apple ដែល​​ដក​រន្ធ​កាស​ចេញ​ពី iPhone 7

ក្នុង​ព្រឹត្តិការ​កាល​ពី​យប់​ម្សិលមិញ​នេះ​ Samsung បាន​បង្ហាញ​​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​រួម​ទាំង​ Galaxy Note 7 ផង​ដែរ។ អំឡុង​​ពេល​​បង្ហាញ​មុខងារ​ទូរសព្ទ​ជំនាន់​ថ្មី​ ថ្នាក់​ដឹក​នាំ Samsung បាន​បង្ហើប​សំដី​បែប​ចំអក​ទៅ​កាន់​ Apple លើ​ការ​​សម្រេច​​មិន​បញ្ចូល​រន្ធ​កាស​លើ​ iPhone ជំនាន់​ថ្មី។

 

 

ពេល​កំពុង​ឡើង​ឈរ​លើ​ឆាក​ដើម្បី​ពណ៌នា​​ពី​ Galaxy Note 7 អនុប្រធាន​ផ្នែក​ទីផ្សារ​​របស់​ Samsung លោក​ Justin Denison បាន​​លើក​ឡើង​ថា៖ “ចង់​ដឹង​​ទេ​ថា​វា​ (Note 7) មាន​ភ្ជាប់​អ្វី​មក​ជា​មួយ​ទៀត? គឺ​រន្ធ​កាស។ ខ្ញុំ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ”។ ភ្លាម​នោះ​អ្នក​ចូល​រួម​ក៏​បាន​សើច​គិល។

 

ត្បិត​ថា​លោក​ Denison មិន​បាន​លើក​ឡើង​ពី​ឈ្មោះ​ក្រុមហ៊ុន​ Apple ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​មួយពិត​មែន​ ប៉ុន្តែ​ច្បាស់​ណាស់​ថា​​ការ​សង្កត់​ធ្ងន់​ពី​រន្ធ​កាស​នេះ​ គឺ​ចង់​​សំដៅ​​ទៅ​ក្រុមហ៊ុន​ Apple និង​សំដៅ​លើ​គម្រោង​ដក​​រន្ធ​កាស​ចេញ​ពី​ iPhone ជំនាន់​ថ្មី។​​​​​​​​

 

កន្លង​មក​​មាន​ពាក្យ​ចចាមអារ៉ាម​ច្រើន​ហូរហែ​បាន​ចេញ​ផ្សាយ​ថា​ iPhone ជំនាន់​ថ្មី​ដែល​គ្រោង​​ចេញ​នៅ​ខែ​កញ្ញា​ខាង​មុខ​ នឹង​មិន​មាន​បំពាក់​រន្ធ​កាស​ 3.5mm ដូច​ iPhone ម៉ូដែល​មុន​ឡើយ។ យ៉ាង​ណា​ក្ដី​គេ​នៅ​មិន​ទាន់​អាច​ប្រាកដ​ថា​ពាក្យ​ចចាមអារ៉ាម​នេះ​ពិត​មែន​ឬ​​ក្លែង​ក្លាយ៕​​​​​​​​​​​

 

ចុច​អាន៖ មុខងារ​ពិសេស​ Note 7​ ​ដែល​ ​iPhone​ ​មិន​អាច​ធ្វើ​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​ប្រភព៖ MacRumours
​​​​​​​​​​​​​