ដុល្លារ ចំណេះ និង​បុណ្យ​សក្តិ តើ​អូន​យក​មួយ​ណា?

កាលពី​ជំនាន់​មុន​ៗ មនុស្ស​ដែល​បាន​ប្រឡង​ជាប់​រៀន​សាលា​ល្អ​ៗ​មាន​កិត្តិយស​ជា​ខ្លាំង ដោយ​រហូត​ដល់​មាន​អ្នក​ជិតខាង ឬ​ក៏​អ្នក​ស្គាល់​ចង់​លើក​កូន​អោយ​ក៏​មាន​។ ជា​ពិសេស​នោះ នៅ​ពេល​ដែល​ប្រឡង​ជាប់​ចូល​រៀន​សាលា​ពេទ្យ​តែ​ម្តង​។

ឥឡូវ​អ្វី​ៗ​មិន​ដូច​ពី​មុន​ទៀត​ទេ ការ​ផ្តល់​តម្លៃ​ទៅ​លើ​ចំណេះដឹង​បាន​ថយ​ចុះ​។ យុវជន និង​យុវតី​ដែល​បាន​ប្រឡង​ជាប់​ចូល​រៀន​សាលា​ល្អ​ៗ ក៏​មិនសូវ​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ដូច​ពី​មុន​។ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន មនុស្ស​ជា​ច្រើន​ផ្តល់​តម្លៃ​ទៅ​លើ​លុយ​ច្រើន​ជាង​ចំណេះដឹង​។

សម្រាប់​យុវជន​ដែល​នឹង​ត្រូវ​រកប្រពន្ធ គេ​មិនសូវ​សួរនាំ​ថា រៀនសូត្រ​ដល់​ណា​ទេ​។ គេ​ច្រើន​សួរ​ថា យុវជន​នោះ​រក​ចំណូល​បាន​ប៉ុន្មាន​ហើយ តើ​អាច​គ្រប់គ្រាន់ នឹង​ចិញ្ចឹម​កូន​របស់​ពួក​គេ​បាន​ដែរ​ឬទេ ក្រោយ​ពី​រៀប​ការ​ហើយ?

នេះ​មក​ពី​ការ​ពិត​ដែល​ថា មនុស្ស​ដែល​បាន​រៀនសូត្រ​ចេះ​ដឹង​ច្រើន​មិនមែន​ធានា​ថា អាច​រក​លុយ​បាន​ច្រើន​ឡើយ​។ ផ្ទុយ​ទៅ​វី​ញ អ្នក​រកស៊ី​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ទាំង​អ្នកចេះ​ដឹង និង​អ្នក​ដែល​ធ្វើការ​រដ្ឋ​។

ចំណែក​សង្គម​ក៏​មានការ​ចំណាយ​ធំ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ធ្វើ​អោយ​លុយ​កាន់តែ​មាន​សារសំខាន់​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​។ អ្វី​ៗ​ត្រូវ​គេ​និយាយ​ដល់​លុយ​។ គ្មាន​លុយ គឺ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​។

ដោយ​ផ្តល់​សារសំខាន់​ដល់​លុយ​ហួសហេតុ វា​ក៏​ជំរុញ​អោយ​មនុស្ស​ហ៊ាន​ប្រព្រឹត្តិ​គ្រប់យ៉ាង ដើម្បី​លុយ ដោយ​មិន​ខ្វល់​ថា សកម្មភាព​នោះ​មាន​សីលធម៌ ឬ​ក៏​អ​សីលធម៌​ឡើយ។ ដូច្នេះ សីលធម៌​សង្គម​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ ហើយ​មាន​បញ្ហា​សីលធម៌​កើត​មាននៅ​ក្នុង​វិជ្ជាជីវ​:​ជា​ច្រើន​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ចំណេះដឹង និង​សីលធម៌​នៅ​តែ​ជា​តម្លៃ​ស្នូល​របស់​មនុស្ស​។ ថ្វីបើ​មនុស្ស​ដែល​មានចំណេះ​ដឹង និង​សីលធម៌​មិន​អាច​រក​លុយ​ដុល្លារ​បាន​ច្រើន​ក្តី ប៉ុន្តែ​មនុស្ស​ក្រុម​នេះ​នៅ​តែ​អាច​មាន​សមត្ថភាព​ប្រកប​របរ​ដោយ​ផ្អែក​លើ​ចំណេះដឹង​បាន​ប្រាក់​ចំណូល​រស់នៅ​ដោយ​ថ្លៃថ្នូរ​ហើយ​មិន​បង្ក​ការ​ឈឺចាប់​ដល់​មនុស្ស​ផ្សេង​ឡើយ​។

ដូច្នេះ​សង្គម​ត្រូវ​តែ​ផ្តល់​តម្លៃ​ដល់​មនុស្ស​ដែល​មានចំណេះ​ដឹង និង​សីលធម៌​ដែល​ជា​ក្រុម​មនុស្ស​មិន​លោភលន់ ប៉ុន្តែ​ជួយ​ច្រើន​ដល់​សង្គម​។ កាលបើ​កម្ពុជា​មាន​មនុស្ស​ប្រកប ដោយ​ចំណេះដឹង​ច្រើន និង​សីលធម៌​ខ្ពស់ កម្ពុជា​នឹង​មាន​កម្លាំង​មនុស្ស​ដែល​ជំរុញ​ដល់​ការ​រីក​ចម្រើន​គ្មាន​ពេល​ថយក្រោយ​ឡើយ​៕