ដូន​ចាស់​វ័យ​ ៧៨ ​ប្រឹង​លក់​ឈូក​ត្រុកៗ​ដល់​យប់​ម៉ោង​២​ ចិញ្ចឹម​​ចៅ​៣​នាក់

​ដូន​ចាស់​​ផ្ទៃ​មុខ​ពោរពេញ​ទៅ​ដោយ​ស្នាម​ជ្រៀវ​ជ្រួញ​បង្កប់​ទៅ​ដោយ​ភាព​ក្រៀម​ក្រំ​​ក្នុង​ជីវិត​ ​ក្នុង​អាយុ​៧៨​ឆ្នាំ​ហើយ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បីសម្រាក​នៅ​ផ្ទះ​ តែបែរជា​មក​រក​ស៊ី​ត្រុក​ៗ​តាំង​ពី​ម៉ោង​ ៧ យប់​រហូត​ដល់​ម៉ោង​២ ទៀប​ភ្លឺ ព្រោះ​មាន​កាតព្វកិច្ច​ចិញ្ចឹម​​កូន​មាន​បញ្ហា​សរសៃ​ប្រសាទ១នាក់ និងចៅ​៣​នាក់​​ក្នុង​បន្ទុកថែម​ទៀត​។

 

ដូន​ចាស់ដែល​មាន​​វ័យ​ ៧៨​នេះ​ឈ្មោះ​ វិន មាន​ប្រសាសន៍​ថា​រាល់​ថ្ងៃ​​ត្រូវ​ដោយសាររ៉ឺម៉ក​កង់​៣​អ្នក​ជិត​ខាង​សណ្ដោង​បន្ត​​យក​ឈូក​មក​លក់​ក្នុង​រាជធានី​ភ្នំពេញ។ លោក​យាយ​ភាគច្រើន​លក់​​​តាម​បណ្ដោយ​មាត់​ទន្លេ​មុខ​ព្រះ​បរម​រាជ​វាំង​ និង​ហួស​ទៅ​ដល់​ម្តុំ​កោះ​ពេជ្រជាដើម។

 

ដូន​ចាស់​វ័យ​ ៧៨ ​ប្រឹង​លក់​ឈូក​ត្រុកៗ​ដល់​យប់​ម៉ោង​២​ ចិញ្ចឹម​​ចៅ​៣​នាក់

 

លោក​យាយ​អ្នក​រស់​នៅ​ស្រុក​ស្អាង​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ​ជា​រៀង​រាល់​យប់​យាយ​យក​ឈូក​មួយ​ការ៉ុង ប្រហែល​ជា​៣​ថាស ​យក​មក​លក់ ដែល​ក្នុង​នោះ​ផាត់​ចំណាយ​សព្វគ្រប់​ចំណេញ​បាន​តិចតួច​ប្រហែល​២​ទៅ​៣ ម៉ឺន​ប៉ុណ្ណោះ។ ​​​លក់​យប់​ខ្លះ​​លោក​យាយ​ថា​​អស់​កម្លាំង​ ខ្យល់គ​ ដួល​តាម​ផ្លូវ​ក៏​មាន​ ជួន​កាល​បាន​​អ្នក​នៅ​ក្បែរៗ​នោះ​ជួយ​យក​អាសារ​ធ្វើ​ចលនា​ដើម្បី​បាន​ដឹង​ខ្លួន​ឡើង​វិញ​។

​ 

​ពោល​រៀប​រាប់​ទាំង​ទឹក​មុខ​ស្រពោន ព្រម​​​ទាំង​ភ្នែក​មួយ​ចំហៀង​មើល​មិន​ឃើញ​ព្រោះ​កើត​បាយ​ភ្នែក ​លោក​យាយ​ថា​សព្វ​ថ្ងៃ​ប្រឹង​ប្រែង​ណាស់​លក់​ដូរ​ចិញ្ចឹម​កូន​ចៅ​ផង​ និង​ចង់​មាន​លុយកាក់​បាន​ទៅ​វត្ត​នឹង​គេ​ខ្លះ​។ «យាយ​មិន​ដឹង​ជា​មាន​កម្ម​អ្វី​ទេ​ អាយុ​ប៉ុន​នេះ​ហើយ​មិន​ទាន់​បាន​សម្រាក​ស្រាក​ស្រាន្ត​ សោះ​។ ជាតិ​នេះ​​មក​ដល់​ចាស់​ប៉ុណ្ណេះ​សុំ​ត្រឹម​បាន​ហូប​គ្រប់​គ្រាន់​ក៏​អស់​ចិត្ត​ដែរ​ចៅ​អើយ។ យាយ​លក់​សព្វ​គ្រប់​អស់​ហើយ តាំង​ពី​បែក​សម័យ​ប៉ុលពត​មក​ យាយ​លក់​សណ្ដែក​ដី លក់​ឈូក​ លក់​ផ្លែ​ឈើ​តិចតួច​ ឲ្យ​តែ​បាន​រស់”៕

 

អត្ថបទ៖ ថា ម៉ាលីដា​