ពិធី​ដង្ហែ​សព​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា​ ទៅ​បូជា យ៉ាង​សោះ​កក្រោះ​បំផុត

រាជធានី​ភ្នំពេញ ៖ ពិធី​ដង្ហែ​សព​អតីត​តារាភាពយន្ត​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា ២០១៦ នៅ​វត្ត​ទួល​នាង ខណ្ឌឫស្សីកែវ មិន​មាន​សិល្បករ​សិល្ប​ការិនី​ច្រើន​ទេ​ចូលរួម ។

លោក​ហង្ស ផ​ល្លី​មធុ​រ៉ា បាន​ទទួលមរណភាព​ក្នុង​វ័យ​៥២​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ដោយ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល ។ ជីវិត​តួអង្គ «​ស្តេច​អាប៉ោង​» ក្នុង​រឿង «​ជើងមេឃ​ដាច់​ស្រយាល​» រូប​នេះ ហាក់​កម្សត់ ជាង​តារា​ប្រុស​ស្រី​រួម​ជំនាន់ ។ អ្វី​ដែល​មហាជន​សង្វេគ គឺ​មុន​ពេល​ស្លាប់​លោក​ហង្ស ផ​ល្លី​មធុ​រា​៉ មិន​មានទ្រព្យ​សម្បត្តិ​ច្រើន​ទេ គឺ​រស់នៅ​ក្នុងផ្ទះ​ជួល​ក្រោយ​ពី​ចាញ់ក្តី​អតីត​ភរិយា​នៅ​តុលាការ​។ ក្នុង​ពិធី​ដង្ហែ​សព គេ​ឃើញ​តែ​តារា​សម្តែង និង​ផលិតករ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ចូលរួម មាន​ដូច​ជា លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកស្រី​ថុ​ង ស៊ីវ​ទៀង នាយិកា​ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ភាពយន្ត តារាភាពយន្ត​អ្នកស្រី​ចាន់ តារា​ទី តារាចម្រៀង​លោក​មាស សា​រិ​ទ្ធ លោក​ឱ​ក បូ​នី និង​អ្នកស្រី​កាឡុង កា​ណា​រ៉ូ ជាដើម ។

អ្នកស្រី​ហ៊ឹ​ម ស្រី​លាភ ភរិយា​របស់​លោក ហង្ស ផ​ល្លី​មធុ​រ៉ា ឱ្យ​ដឹង​ថា ស្វាមី​អ្នកស្រី​បាន​ស្លាប់​បាត់បង់​ជីវិត​ព្រោះតែ​ជំងឺ​ដុះ​សាច់​ក្នុង​ ខួរក្បាល ហើយ​ធ្វើទុក្ខ​ខ្លាំង​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ ។ អ្នកស្រី​បាន​បញ្ជូន​ស្វាមី​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្សី​ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ក្រោយ​ពី​ចាញ់ក្តី​អតីត​ភរិយា​នោះ លោក​ហង្ស ផ​ល្លី​មធុ​រា​៉ មិន​មាន​អ្វី​សេសសល់​ជា​ដុំ​កំភួន​ទេ បើ​តាម​អ្នកស្រី​ជា​ភរិយា​ថា រស់នៅ​ដោយ​ការ​ជួល​ផ្ទះ​គេ​ប៉ុណ្ណោះ ។ អ្វី​ដែល​កាន់តែ​សង្វេគ​នោះ ទើបតែ​មានកូន​ស្រី​ម្នាក់​វ័យ​៣​ខែ​ប៉ុណ្ណោះ ហើយ​សូ​ម្បី​តែ​មុខមាត់​កូន​ក៏​លោក មធុ​រ៉ា​មិន​ស្គាល់​ច្បាស់​ផង ព្រោះតែ​មុន​ពេល​កូនស្រី​កើត​គឺ​លោក​ចាប់ផ្តើម​ធ្វើទុក្ខ​ទៅ​ហើយ ។

ក្នុង​ពិធី​បុណ្យសព​មិនឃើញ​វត្តមាន​សិល្បករ​ច្រើន​ចូលរួម​ទេ គឺ​មាន​តែ​សិល្បករ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ប៉ុន្តែ​សិល្បករ​មួយ​ចំនួន​បាន​ផ្ញើ​ប្រាក់​ចូល​បុណ្យ ៕