លោក Martinez ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបែលហ្ស៊ិក

លោក Roberto Martinez ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក។ ការតែងតាំងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានប្រកាសនៅលើគណនីបណ្តាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិកកាលពីរាត្រីថ្ងៃពុធ។

Robert-ft16

លោក Martinez វ័យ៤៣ឆ្នាំរូបនេះ បានបាត់បង់ការងារចាប់តាំងពីលោកត្រូវបានបណ្តេញចេញដោយក្លិប Everton កាលពីខែឧសភា មកម្ល៉េះ ក្រោយពីចំណាយអស់រយៈពេល៣ឆ្នាំនៅឯកីឡដ្ឋាន Goodison Park។

រូបលោកនឹងត្រូវបង្ហាញខ្លួនជាផ្លូវការក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ហើយនិងត្រូវចូលជំនួសកន្លែងរបស់លោក Marc Wilmots ដែលបានបាត់បង់ការងាររបស់លោក ក្រោយពីក្រុមជម្រើសជាតិបែលហ្ស៊ិក បានធ្លាក់ចេញពីយុទ្ធនាការ Euro ឆ្នាំ២០១៦ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ លោក Wilmots បានចំណាយអស់រយៈពេល៤ឆ្នាំក្នុងការដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិក នៅមុនពេលបាត់បង់ការងាររបស់លោក។

លោកបានជួយឲ្យពួកគេឡើងទៅឈរនៅលើកំពូលតារាងនៃចំណាត់ពិភពលោករបស់ FIFA ហើយបច្ចុប្បន្ន ពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២។ លោក Martinez បានចាប់ផ្តើមអាជីពជាអ្នកចាត់ការទូទៅរបស់លោកកាលពីឆ្នាំ២០០៧ ក្រោយពីផ្ទេរទៅកាន់ប្រទេសអង់គ្លេសពីប្រទេសអេស្ប៉ាញដើម្បីលេងឲ្យក្លិប Wigan, Motherwell, Walsall, Swansea និង Chester៕

ប្រភពព័ត៌មាន៖ The Guardian

The post លោក Martinez ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបែលហ្ស៊ិក appeared first on CamboSport.