ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​តាម​ខេត្ត​កាន់​តែ​ងាយ មិន​រង់​ចាំ​រាប់​ម៉ោង​ដូច​មុន

អ្នក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ពី​មុន​មក ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​បទ​ពិសោធន៍​រង់ចាំ​រាប់​ម៉ោង ប៉ុន្តែ​ឥឡូវ​នៅ​តាម​ខេត្ត​ធ្វើ​តែ​ជាង ១០​នាទី​ប៉ុណ្ណោះ​ជា​ការ​ស្រេច ព្រោះ​មាន​ការ​បែក​ចែក​មន្ត្រី​ជា​ក្រុម​ចុះ​ធ្វើ​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់​នៅ​ផ្ទាល់​តែ​ម្ដង។

 

ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​តាម​ខេត្ត​កាន់​តែ​ងាយ មិន​រង់​ចាំ​រាប់​ម៉ោង​ដូច​មុន

 

លោក និប វិច្ឆិកា​ មន្ត្រី​អត្តសញ្ញាណ​ប័ណ្ណ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ថា ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​លើក​នេះ គឺ​មិន​មាន​ថ្ងៃ​ឈប់​សម្រាក​ឡើយ ដោយ​ធ្វើ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ពេញ​តែ​ម្ដង ប្ដូរ​តែ​ទីតាំង​តាម​ភូមិ​នីមួយៗ​ប៉ុណ្ណោះ។ ចំពោះ​ស្រុក​កំពង់ត្របែក បាន​បែង​ចែក​ចេញ​ជា ៣​ក្រុម ចេញ​តាម​គោល​ដៅ​រៀង​ខ្លួន ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយៗ។

 

លោក និប វិច្ឆិកា បាន​បន្ថែម​ទៀត​ថា ការ​បំពេញ​ឯកសារ ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ ដោយ​សារ​មន្ត្រី​ទទួល​បន្ទុក និង​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សម្រួល​ទាំង​អស់។ លើស​ពី​នេះ​ទៅ​ទៀត អាជ្ញាធរ​តាម​ភូមិ ឃុំ បាន​ចុះ​ទៅ​ដឹក​ប្រជាពលរដ្ឋ​តាម​ផ្ទះ ដើម្បី​ឲ្យ​ពួក​គាត់​មក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​បាន​គ្រប់​គ្នា ប្រសិន​បើ​ពួក​គាត់​គ្មាន​មធ្យោបាយ។

 

“ពេល​ខ្លះ យើង​នាំ​គ្នា​ទៅ​ដឹក​គាត់​ដល់​ផ្ទះ​មក​ធ្វើ​ទៀត… គាត់​អស់​តែ ១​ម៉ឺន​រៀល​បង់​ចូល​រដ្ឋ យើង​អត់​មាន​យក​សេវា​ក្រៅ​ទេ ហើយ​ធ្វើ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ បើ​គាត់​មាន​ឯកសារ​គ្រប់​គ្រាន់។ រាល់​ថ្ងៃ​បាន​តែ ១០​នាក់​ជាង​អី​ទេ រៀង​ស្បើយ​ច្រើន​ហើយ តែ​ខាង​យើង​នៅ​តែ​រង់​ចាំ​ពួក​គាត់​ធ្វើ និង​សុំ​ឲ្យ​ពួក​គាត់​មក​ធ្វើ​បាន​គ្រប់​គ្នា”។ លោក និប វិច្ឆិកា និយាយ។

 

ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​តាម​ខេត្ត​កាន់​តែ​ងាយ មិន​រង់​ចាំ​រាប់​ម៉ោង​ដូច​មុនលោក និប វិច្ឆិកា

 

ងាក​មក​លោក ព្រាប សាវ៉ាត ដែល​មាន​វ័យ ៨៣​ឆ្នាំ​ទៅ​ហើយ បាន​និយាយ​ថា លោក​បាន​មក​ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី បន្ទាប់​ពី​អត្តសញ្ញាណប័ណ្ណ​ចាស់​ហួស​សុពលភាព​ប្រើ​ប្រាស់។ បុរស​ចំណាស់​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ឥឡូវ មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ឆ្ងាយ ព្រោះ​កាល​ពី​មុន​ត្រូវ​រង់​ចាំ​យូរ។

 

ចំណែក​លោក សាន សារូ ក៏​បាន​និយាយ​ស្រដៀង​គ្នា​ថា ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ពេល​នេះ ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​មែន ហើយ​មន្ត្រី​មូលដ្ឋាន​ក៏​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ។ បុរស​វ័យ ៣៥​ឆ្នាំ បាន​និយាយ​ថា៖ “​កាល​មុន ខ្ញុំ​ចាំ​ប្រហែល ៣​ម៉ោង តែ​ឥឡូវ​គ្រាន់​តែ​មក​មួយ​ភ្លែត​ហើយ​ភ្លាម”។

 

ទស្សនា​វីដេអូ៖

 

 

អត្ថបទ៖ គង់ វិសាល ​