ការ​បរិភោគ​តាម​របប​អាហារ​អាច​ទទួល​បាន​ផល​អាស្រ័យ​តាម​ហ្សែន​របស់​មនុស្ស

ស្ទើរតែរាល់សប្តាហ៍ គេឃើញមានវិធីកំណត់របបអាហារថ្មី ដែលធានាថានឹងធ្វើឲ្យស្រកទម្ងន់ និងមានសុខភាពល្អ។ ចំណីអាហារនៅតំបន់មេឌីទែរ៉ាណេ ឬអាហារមានជាតិស្ករទាប ដែលជារបបអាហារជប៉ុននោះ គឺគ្រាន់តែជាការនិយមមួយក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។ បច្ចុប្បន្ន ការសិក្សាថ្មីមួយបានរកឃើញថា ហ្សែនរបស់អ្នកអាចដើរតួនាទីសំខាន់នៅក្នុងការបញ្ជាក់ថាតើរបបអាហារបែបណាដែលត្រូវនឹងអ្នក។

វ៉ាស៊ីនតោន — ក្រុមអ្នកស្រាវជ្រាវបានធ្វើពិសោធទៅលើរបបអាហារដែលគេនិយមផ្សេងៗ ដោយប្រើពពួកសត្វកណ្តុរបង្កាត់ពូជពិសេស ដើម្បីឲ្យដឹងថារបបអាហារណាខ្លះមានប្រសិទ្ធភាពឬគ្មានប្រសិទ្ធភាព ហើយថាតើរបបអាហារជាក់លាក់ណាមួយដែលនាំឲ្យប៉ះពាល់ដល់សុខភាព។

ក្រុមអ្នកស្រាវជ្រាវបានប្រើកណ្ដុរពូជពិសេសចំនួនបួនប្រភេទដែលបង្កាត់ចេញពីហ្សែនតំណាងឲ្យពូជកណ្តុរទូទៅ។

ក្រុមអ្នកអង្កេតបានរកឃើញថា របបចំណីអាហារខ្លះអាចធ្វើឲ្យកណ្ដុរមួយចំនួនស្រកទម្ងន់ ប៉ុន្តែ សម្រាប់កណ្ដុរមួយចំនួនទៀត របបអាហារនោះមិនមានផលអ្វីសោះ ឬធ្វើឲ្យសុខភាពកាន់តែចុះខ្សោយទៅវិញ។

លោក William Barrington ជាអ្នកពន្ធុសាស្រ្តនៃសាកលវិទ្យាល័យរដ្ឋ North Carolina ដែលបានជួយធ្វើការស្រាវជ្រាវនេះ បាននិយាយថា៖ «ភាគច្រើន យើងបានមើលលើរបបអាហារដ៏ទូលំទូលាយក្នុងផ្លូវតែមួយ អស់រយៈពេលមួយរយឆ្នាំមកហើយ ដោយសន្មតថាមានរបបអាហារដ៏ល្អប្រសើរមួយ។ ប៉ុន្តែ អ្វីដែលយើងបានរកឃើញនោះគឺថា ផលប៉ះពាល់នៃរបបអាហារមួយអាស្រ័យទៅតាមហ្សែនរបស់បុគ្គលដែលបរិភោគអាហារនោះ»។

«អញ្ចឹងហើយ នៅពេលដែលមិត្តភក្តិរបស់អ្នកប្រាប់អ្នកថា ខ្ញុំបានព្យាយាមយករបបអាហារដ៏ល្អនេះ ហើយវាល្អខ្លាំងណាស់សម្រាប់ខ្ញុំ។ ឯងគួរតែញ៉ាំសាកទៅ។ ប៉ុន្តែជាក់ស្តែងវាអាចនឹងអាចមានផលប៉ះពាល់ផ្សេងសម្រាប់អ្នកទៅវិញ»។

ការពិសោធលម្អិត

អស់រយៈពេលប្រាំមួយខែ កណ្តុរពិសេសនីមួយៗដែលប្រហាក់ប្រហែលគ្នាទទួលរបបចំណីជាក់លាក់មួយគឺ៖ មួយប្រភេទទទួលចំណីបែបបស្ចិម ដែលសម្បូរជាតិខ្លាញ់ច្រើន មួយប្រភេទទៀតត្រូវឲ្យរបបចំណីនៅតំបន់មេឌីទែរ៉ាណេ មួយទៀតតាមអាហារជប៉ុន ដែលមានបាយច្រើន និងតែបៃតង ហើយក្រុមចុងក្រោយ ទទួលបានចំណីដែលមានជាតិស្ករទាប តែមានជាតិខ្លាញ់ច្រើន ដែលគេហៅថា Ketogenic។

ក្រុមកណ្ដុរដែលនៅក្រោមការពិនិត្យតាមដាន បានទទួលរបបចំណីតាមបទដ្ឋាន សម្រាប់ការប្រៀបធៀប។

នៅគ្រប់ករណីទាំងអស់ ពពួកសត្វកកេរទាំងនេះ ត្រូវគេឲ្យស៊ីឲ្យច្រើនតាមដែលវាចង់ នៅខណៈពេលដែលអ្នកស្រាវជ្រាវចាំតាមដានពីបរិមាណដែលពួកវាស៊ី និងលក្ខណៈនៃសុខភាពទូទៅ រួមទាំង សញ្ញានៅមុនពេលកើតទឹកនោមផ្អែម មានជំងឺធាត់ និងជំងឺក្តៅខ្លាញ់រុំថ្លើម។

អ្វីដែលក្រុមអ្នកស្រាវជ្រាវរកឃើញបានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើល។ មានកណ្តុរមួយប្រភេទបានទទួលរងឥទ្ធិពលយ៉ាងអាក្រក់ពីរបបអាហារនៃបស្ចិមប្រទេស ខណៈដែលរបបអាហារនេះមានផលប៉ះពាល់តិចតួច ឬគ្មានទាល់តែសោះចំពោះកណ្ដុរប្រភេទផ្សេងៗទៀត។

លោក Barrington មាននិយាយថា៖ «មានកណ្ដុរមួយចំនួនដែលយើងបានពិសោធឃើញថា ចំណីអ្វីក៏ដោយដែលពួកវាស៊ី មិនបានផ្លាស់ប្តូរស្ថានភាពសុខភាពរបស់ពួកវាឡើយ… ពួកវាឡើងធាត់បន្តិច មិនថាវាស៊ីចំណីអ្វីទេ។ ដូច្នេះ ក្នុងករណីខ្លះ វាហាក់ដូចជាថា ឥទ្ធិពលនៃរបបអាហារមិនសូវប៉ះពាល់ខ្លាំងទេចំពោះបុគ្គលមួយចំនួន»។

របបអាហារតាមបុគ្គល

លោក Barrington បានបញ្ជាក់ថា ការឲ្យរបបអាហារជាក់លាក់មួយទៅឲ្យបុគ្គលមួយចំនួនដើម្បីទទួលបានលទ្ធផលជោគជ័យនោះ អាចនឹងទៅរួចនៅថ្ងៃណាមួយ។

«ការរកឃើញនេះ ពិតជាជំរុញឲ្យយើងកំណត់ពីកត្តាហ្សែនអ្វីដែលត្រូវនឹងរបបអាហារសមស្រប ហើយថាតើយើងអាចព្យាករណ៍បុគ្គលដែលអាចទទួលលទ្ធផលល្អប្រសើរទៅនឹងរបបអាហារខុសៗគ្នាទាំងនោះដោយវិធីណា»។

វាជាទស្សនៈមួយដែលគេហៅថា អាហារូបត្ថម្ភជាក់លាក់ ដោយលើកឡើងថា នៅថ្ងៃណាមួយ ក្រុមវេជ្ជបណ្ឌិតនឹងអាចប្រើធ្វើតេស្តលើហ្សែនដើម្បីបញ្ជាក់ថាតើអ្វីដែលអ្នកបរិភោគនឹងធ្វើឲ្យអ្នកស្រកទម្ងន់ និងមានសុខភាពល្អឬទេ។

ការរកឃើញនេះ ត្រូវបានបង្ហាញនៅស្ថាប័នពន្ធុសាស្រ្តអាមេរិក (Genetics Society of America)។

ប្រភព៖ VOA


Related Posts