យន្តហោះ​ប៊ូអ៊ីង៧៧៧​ឆេះ​ពេល​ចុះចត​នៅ​ទីក្រុង​ឌុយបៃ

យន្តហោះមួយគ្រឿង ធុនប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុន Emirates ត្រូវឆេះស្ទើរតែអស់មួយតួខ្លួន នៅពេលចុះចតនៅឯព្រលានយន្តហោះអន្តរជាតិក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃពុធ។ គ្រោះថ្នាក់នេះមិនបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ដោយសារតែអ្នកដំណើរទាំង៣០០នាក់ត្រូវបានគេជន្លៀសចេញពីយន្តហោះទាន់ពេលវេលា។

យោងតាមការប្រកាសឲ្យដឹងរបស់ក្រុមហ៊ុន Emirates ហេតុការណ៍បានកើតឡើងនៅម៉ោង ១២ និង៤៥នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៣និង៤៥នាទីរសៀល នៅក្នុងប្រទេសកម្ពុជា)។ យន្តហោះធុនប៊ូអ៊ីង៧៧៧នេះ ធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយមានដឹកអ្នកដំណើរចំនួន ២៨២នាក់ និងអ្នកបើកបរ ព្រមទាំងបុគ្គលិកបម្រើការលើយន្តហោះ ចំនួន ១៨នាក់ (សរុប ៣០០នាក់)។

យន្តហោះនេះត្រូវភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ នៅពេលចុះចតទៅដល់ព្រលានយន្តហោះ ក៏ប៉ុន្តែ ភ្លាមៗ មនុស្សទាំង ៣០០នាក់ ដែលភាគច្រើនជាពលរដ្ឋឥណ្ឌា ត្រូវបានគេជន្លៀសចេញអស់ពីយន្តហោះ មុននឹងតួយន្តហោះត្រូវភ្លើងឆេះអស់មួយផ្នែកលើ ចាប់តាំងពីក្បាលដល់កន្ទុយ។

រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ អំពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ។ ក៏ប៉ុន្តែ អ្នកជំនាញខាងអាកាសចរណ៍បានធ្វើការសន្និដ្ឋាន ដោយផ្អែកលើវីដេអូ ដែលគេថតបានពីហេតុការណ៍នេះថា កង់ផ្នែកខាងមុខរបស់យន្តហោះទំនងជាត្រូវបាក់នៅពេលចុះចតដល់ដី ដែលជាហេតុធ្វើឲ្យតួយន្តហោះត្រូវអូសកកិតនឹងដី ទើបធ្វើឲ្យភ្លើងឆេះឡើងបែបនេះ។

ក្រសួងអាកាសចរណ៍ស៊ីវិលអារ៉ាប់រួមបានប្រកាសឲ្យដឹងថា ការស៊ើបអង្កេតបានចាប់បើកធ្វើ ដោយសហការជាមួយក្រុមហ៊ុន Emirates និងព្រលានយន្តហោះក្រុងឌុយបៃ ដើម្បីស្វែងរកមូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់យន្តហោះនេះ។ ក្រុមហ៊ុនប៊ូអ៊ីងវិញបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗបញ្ជាក់ថា ខ្លួនត្រៀមបញ្ជូនអ្នកជំនាញឲ្យជួយក្នុងការស៊ើបអង្កេតនេះ ប្រសិនបើមានការស្នើសុំ។

គួរបញ្ជាក់ថា ទៅតាមទំនៀមទម្លាប់ ការស៊ើបអង្កេតលើករណីគ្រោះថ្នាក់យន្តហោះបែបនេះ គឺជាសមត្ថកិច្ចរបស់ប្រទេសដែលជាទីតាំងនៃគ្រោះថ្នាក់ ប៉ុន្តែ អាចមានការចូលរួមសហការពីសំណាក់ប្រទេសដែលម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ ប្រទេសដែលជាម្ចាស់ក្រុមហ៊ុនផលិតយន្តហោះ និងប្រទេសផ្សេងទៀត ដែលមានពលរដ្ឋស្ថិតក្នុងចំណោមជនរងគ្រោះ៕

ប្រភព៖ RFI


Related Posts