ឈ្វេងយល់​អំពី​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូអាបេ

នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលរបស់លោកស្ហ៊ីនហ្សូ អាបេ ទើបនឹងបានប្រកាសចាត់វិធានការថ្មីមួយទៀត ដែលនឹងត្រូវកញ្ចប់ថវិកា រហូតដល់ទៅ ២៧៥ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញសេដកិច្ចជប៉ុនឲ្យចេញផុតពីវិបត្តិបរិត្តផរណា ដែលអូសបន្លាយពេលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការបង្កើនការចំណាយសាធារណៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គឺជាផ្នែកមួយនៃនយោបាយសេដ្ឋកិច្ចរបស់លោកស្ហ៊ីនហ្សូ អាបេ ដែលនៅពេលនេះត្រូវបានគេផ្តល់រហស្សនាមជាភាសាអង់គ្លេសថា « Abenomics »។

នយោបាយសេដ្ឋកិច្ច ដែលជប៉ុនបានដាក់ចេញ ចាប់តាំងពីលោកស្ហ៊ីនហ្សូ អាបេ បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីមកនោះ គឺផ្តោតជាសំខាន់ទៅលើវិធានការពីរ៖ នយោបាយរូបិយវត្ថុដាក់ចេញដោយធនាគារកណ្តាល និងនយោបាយសារពើពន្ធ ដាក់ចេញដោយរដ្ឋាភិបាល។

រដ្ឋាភិបាលរបស់លោកស្ហ៊ីនហ្សូ អាបេ បានបង្កើនការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេស ការចំណាយ ខាងផ្នែកសាធារណការ (ការសាងសង់ ជួសជុល ថែទាំ រចនាសម្ព័ន្ធ)។ គោលដៅ គឺបង្កើនការចំណាយ ដើម្បីបង្កើនតម្រូវការទីផ្សារក្នុងស្រុក។ ក្នុងពេលជាមួយគ្នា ធនាគារកណ្តាលជប៉ុនបានដាក់ចេញ នូវនយោបាយ ដែលគេតែងតែនិយាយជាសាមញ្ញទូទៅថា “ជាការបោះពុម្ពលុយ” ពោលគឺ ការបញ្ចេញសាច់ប្រាក់ឲ្យចរាចរនៅក្នុងទីផ្សារ តាមរយៈការទិញមូលបត្របំណុលរដ្ឋ ឬឯកជន។

ជាទូទៅ គេសង្កេតឃើញថា វិធានការរបស់រដ្ឋាភិបាល និងធនាគារកណ្តាលតែងតែត្រូវបានប្រកាសឲ្យដឹង នៅក្នុងអំឡុងពេលជាមួយគ្នា។ ជាក់ស្តែង នៅពេលនេះ គេឃើញថា ការបញ្ចេញកញ្ចប់ថវិកា ២៧៥ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលលោកស្ហីនហ្សូ អាបេ អនុម័តនៅថ្ងៃអង្គារ ពោលគឺ តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយពេលដែលធនាគារកណ្តាលជប៉ុន ប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រ ថានឹងបន្តកម្មវិធីទិញមូលបត្រ ដើម្បីរក្សាលំហូរសាច់ប្រាក់ទៅក្នុងទីផ្សារឲ្យបានច្រើនដូចមុន។

ទៅតាមទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច នៅពេលដែលសាច់ប្រាក់ ដែលចរាចរនៅក្នុងទីផ្សារមានការកើនឡើង ឥទ្ធិពលសំខាន់ទី១ គឺអត្រាការប្រាក់ធ្លាក់ចុះ ហើយចរន្តឥណទានក្នុងវិស័យឯកជនក៏មានការងាយស្រួលជាងមុន។ នៅពេលដែលអត្រាការប្រាក់ទាប ហើយលុយក៏ងាយស្រួលខ្ចី វាជំរុញឲ្យក្រុមហ៊ុនសហគ្រាស និងបុគ្គលឯកជន នាំគ្នាខ្ចីលុយពីធនាគារ ដើម្បីយកមកធ្វើការវិនិយោគ ពង្រីកកិច្ចការរកស៊ី ឬក៏ (ចំពោះបុគ្គលឯកជន) បង្កើនការចំណាយ ទិញទំនិញប្រើប្រាស់ទូទៅធម្មតា។ នៅពេលដែលការចំណាយទូទៅរបស់ឯកជនមានការកើនឡើង (បើទោះជាការចំណាយដើម្បីទិញទំនិញប្រើប្រាស់ទូទៅធម្មតា ឬក៏ចំណាយក្នុងការវិនិយោគក៏ដោយ) វាធ្វើឲ្យតម្រូវការទីផ្សារក្នុងស្រុកមានការកើនឡើង ហើយសកម្មភាពសេដ្ឋកិច្ច (សកម្មភាពផលិត ឬសកម្មភាពផ្តល់សេវាកម្ម) មានការកើនឡើង។

ចំពោះការបង្កើនការចំណាយរបស់រដ្ឋក៏មានឥទ្ធិពលប្រហាក់ប្រហែលគ្នានេះដែរ។ រដ្ឋបង្កើនការចំណាយ គឺមានន័យថា រដ្ឋយកលុយទៅទិញទំនិញឬសេវាកម្ម ឬក៏បង្កើនប្រាក់ខែដល់មន្រ្តីសាធារណៈ ឬចំណាយទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ដូច្នេះ លុយដែលរដ្ឋចំណាយ វានាំទៅបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនសហគ្រាស ឬបុគ្គលឯកជន។ នៅពេលដែលចំណូលកើនឡើង ក្រុមហ៊ុនសហគ្រាស ឬក៏បុគ្គលឯកជនអស់ទាំងនេះក៏អាចចាប់ផ្តើមមានទំនុកចិត្តលើសេដ្ឋកិច្ច ហើយនាំគ្នាបង្កើនការចំណាយរបស់ខ្លួនជាបន្តទៅទៀត។ ជាលទ្ធផល ការចំណាយទូទៅកើនឡើង តម្រូវការទីផ្សារក្នុងស្រុកកើនឡើង សកម្មភាពសេដ្ឋកិច្ចកើនឡើង ហើយផលិតផលក្នុងស្រុកសរុបកើនឡើង។

ក៏ប៉ុន្តែ ការដាក់ចេញនូវនយោបាយសេដ្ឋកិច្ច តាមបែបលោកស្ហ៊ីនហ្សូ អាបេ នេះ អាចចោទជាបញ្ហាដ៏ធំមួយ គឺបញ្ហាបំណុល។ នៅក្នុងពេលបច្ចុប្បន្ននេះ បំណុលរដ្ឋរបស់ជប៉ុនមានរហូតដល់ទៅ ២៥០% នៃផលិតផលក្នុងស្រុកសរុប ដែលជាអត្រាបំណុលសាធារណៈខ្ពស់បំផុត នៅក្នុងចំណោមប្រទេសដែលមានឧស្សាហកម្មជឿនលឿនផ្សេងទៀត។

មានអ្នកជំនាញសេដ្ឋកិច្ចខ្លះ យល់ថា នយោបាយដែលលោកស្ហ៊ីនហ្សូ អាបេ ដាក់ចេញពេលនេះ អាចធ្វើឲ្យបំណុលរដ្ឋរបស់ជប៉ុននឹងបន្តកើនឡើងកាន់តែខ្ពស់ ហើយអាចបង្កទៅជាវិបត្តិ ដូចជាអ្វីដែលគេធ្លាប់ឃើញ នៅក្នុងតំបន់ចាយលុយអឺរ៉ូ។ ក៏ប៉ុន្តែ បើនិយាយពីបញ្ហាបំណុល ជប៉ុនមានលក្ខណៈពិសេសខុសពីអឺរ៉ុប នៅត្រង់ថា បំណុលសាធារណៈភាគច្រើន ជាបំណុលដែលរដ្ឋជប៉ុនជំពាក់ប្រជាជនជប៉ុនខ្លួនឯង។ ជាទូទៅ គេសង្កេតឃើញថា ប្រជាពលរដ្ឋជប៉ុនឲ្យលុយរដ្ឋខ្ចី ក្នុងស្មារតីស្រឡាញ់ជាតិ ជាជាងការស្វែងរកផលចំណេញ ពីការយកការប្រាក់ខ្ពស់។ ម្យ៉ាងទៀត រដ្ឋាភិបាលជប៉ុនអាចខ្ចីលុយពីធនាគារកណ្តាលខ្លួនឯង ដើម្បីមកចំណាយ ដែលខុសពីនៅក្នុងតំបន់ចាយលុយអឺរ៉ូ ដែលធនាគារកណ្តាលមិនមានសិទ្ធិផ្តល់ប្រាក់កម្ចីឲ្យរដ្ឋជាសមាជិក។

លក្ខណៈពិសេសទាំងពីរនេះហើយ ដែលធ្វើឲ្យអត្រាការប្រាក់បំណុលរដ្ឋជប៉ុនមិនកើនឡើងខ្ពស់ហួសហេតុ បើទោះបីជាបំណុលបានកើនឡើងកប់ពពក រហូតដល់ ២៥០% នៃផលិតផលក្នុងស្រុកសរុបដូចជាពេលបច្ចុប្បន្ននេះ៕

ប្រភព៖ RFI


Related Posts