កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​មីស៊ីល​ទៅ​ក្នុង​មហា​សមុទ្រ

ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលផ្លោងចូលទៅក្នុងមហាសមុទ្រនៅភាគខាងកើតរបស់ខ្លួន ដែលនេះគឺជាការសាកល្បងកាំជ្រួចមីស៊ីលចុងក្រោយគេបង្អស់។

យោធាអាមេរិកបានថ្លែងថា ខ្លួនបានរកឃើញថាមានការបាញ់កាំជ្រួចមីស៊ីលពីរគ្រាប់ក្នុងពេលតែមួយ ដែលកាំជ្រួចមីស៊ីលមួយបាញ់បានសម្រេច ហើយមួយទៀតបានផ្ទុះភ្លាមៗក្រោយពេលចាប់ផ្តើមបាញ់។

ក្រុមមន្ត្រីថ្លែងថា កាំជ្រួចមីស៊ីលដែលត្រូវបានគេជឿថាជា កាំជ្រួចមីស៊ីលប្រភេទ Rodong ខ្នាតមធ្យមនោះ ត្រូវបានគេបាញ់នៅមុនម៉ោង៨ព្រឹក កាលពីថ្ងៃពុធម្សិលមិញនេះ ពីតំបន់ Unyul ដែលស្ថិតក្នុងខេត្ត Hwanghae ភាគខាងលិចប្រទេស ហើយកាំជ្រួចនេះបានហោះរយៈចម្ងាយ ១ពាន់គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុង ឬចូលទៅក្បែរដែនទឹករបស់ជប៉ុន។

សេចក្តីថ្លែងការណ៍មួយរបស់នាយអគ្គសេនាធិកាបានឲ្យដឹងថា ការបាញ់កាំជ្រួចនេះជាសញ្ញាបង្ហាញពី «មហិច្ឆតារបស់កូរ៉េខាងជើងក្នុងការវាយប្រហារប្រទេសជិតខាង‍‍»។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានហៅការបាញ់កាំជ្រួចមីស៊ីលនេះថា ជាការគំរាមកំហែងដ៏ខ្លាំងក្លា ទៅលើសន្តិសុខរបស់ជប៉ុន ហើយលោកបានជំទាស់យ៉ាងខ្លាំងចំពោះការបន្តបាញ់កាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនេះ។

សហរដ្ឋអាមេរិកក៏បានឆ្លើយតបភ្លាមៗចំពោះការសាកល្បងបាញ់កាំជ្រួចមីស៊ីលកាលពីថ្ងៃពុធម្សិលមិញនេះ ដោយព្រមានកូរ៉េខាងជើងថា អាមេរិកត្រៀមខ្លួនដើម្បីការពារខ្លួននិងសម្ព័ន្ធមិត្តរបស់ខ្លួនពីការបង្ករឿងរបស់កូរ៉េខាងជើងរួចរាល់ហើយ៕

ប្រភព៖ VOA


Related Posts