តើអាមេរិកនិងចិនអាចប្រឈមមុខដោយអាវុធនៅសមុទ្រចិនភាគខាងត្បូងដែរឬទេ?

នៅពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងនៅសមុទ្រចិនភាគខាងត្បូងបានធ្វើឲ្យមនុស្សជាច្រើនដាក់សំណួរសួរថា តើអាមេរិកនិងចិនអាចប៉ះទង្គិចគ្នានៅសមុទ្រចិនភាគខាងត្បូងដែរឬទេ? ហើយប្រទេសទាំងពីរមានអាវុធខ្លាំងប៉ុនណា? គេហទំព័រ Bloomberg បានផ្សព្វផ្សាយអត្ថបទមួយរបស់អ្នកឯកទេសយុទ្ធសាស្ដ្រការពារជាតិនិយាយអំពីកម្លាំងប្រដាប់អាវុធរបស់ប្រទេសមហាអំណាចទាំងពីរអាមេរិកនិងចិន ។

លោក Thomas J. Christensen សាស្ដ្រាចារ្យស្រាវជ្រាវអំពីនយោបាយមកពីសាកលវិទ្យាល័យល្បីល្បាញបំផុតនៅអាមេរិក Princeton និងជាអតីតជំនួយការរដ្ឋមន្ដ្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រៀបធៀបរវាងកម្លាំងទាហានសព្វាវុធអាមេរិកនឹងចិន ។

អំពីកម្លាំងទាហានចិនៈ

កម្លាំងទាហានចិនចាប់ផ្ដើមឡើងដោយកម្លាំងថ្មើរជើងហើយបានបំពាក់កាំជ្រួចមីស៊ីលមួយចំនួនតូចតែប៉ុណ្ណោះដែលបាញ់ចេញពីជើងទម្រអចលនាអាចបំពាក់ក្បាលគ្រាប់បរមាណូបាន។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ កម្លាំងទាហានចិនចាប់ផ្ដើមបោះជំហានទៅឆ្ងាយជាងមុនដោយពង្រីកកម្លាំងទាហានជើងទឹកនិងដែនអាកាសនិងកាំជ្រួចមីសីុលបំពាក់ក្បាលគ្រាប់បរមាណូមានកម្រិតចំគោលដៅខ្ពស់ហើយអាចបាញ់ចំគោលដៅចល័តនៅលើដែនសមុទ្រ ទៀតផងដូចជានាវាចម្បាំង នាវាផ្ទុកយន្ដ ហោះរបស់អាមេរិកជាដើម ។

នៅក្នុងពេលនេះចិនកំពុងតែធ្វើឱ្យទំនើបជាងមុននូវឃ្លាំងអាវុធបរមាណូរបស់ខ្លួនតាមរយៈបំពាក់ក្បាលគ្រាប់បរមាណូនៅលើកាំជ្រួចមីស៊ីលមានជើងទម្រចល័តនិងកាំជ្រួចមីស៊ីលបំពាក់នៅលើនាវាមុជទឹក។ តាមឯកសារយោធាបានបង្ហាញឱ្យឃើញ ថា ចិនទទួលស្គាល់គម្លាតដ៏ធំរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រទេសជាសត្រូវដែលមានសព្វាវុធទំនើបៗ ប៉ុន្ដែចិនបានជំរុញ ឱ្យមានយុទ្ធសាស្ដ្រ “ក្រុមខ្សោយដាក់គំនាប លើក្រុមខ្លាំង” ។

ចិនមានលទ្ធភាពវាយប្រហារតាមបណ្ដាញខ្ពស់ ហើយរដ្ឋាភិបាលចិនបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់បង្កើតកម្លាំងវាយប្រហារតាមបណ្ដាញដែលចិនហៅថា កម្លាំងទាហានបណ្ដាញ។ ការដែល ចិនផ្ដោតសំខាន់ទៅលើការវាយប្រហារតាមបណ្ដាញធ្វើឱ្យអាមេរិកបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងគេអាចនិយាយបានថា ចិនកំពុងនាំមុខអាមេរិកនៅក្នុងសង្គ្រាមវាយប្រហារតាមបណ្ដាញ ។

កន្លងមកអាមេរិកមិនដែលបង្ហាញពីលទ្ធភាពវាយប្រហារតាមបណ្ដាញនោះ ឡើយ ដោយសារអាមេរិកចាត់ទុកថា ជា រឿងអាថ៌កំបាំង។ កាលពីឆ្នាំ២០១៣ ឧត្ដម សេនីយ៍ Keith Alexander ពេលនេះជាមេទ័ពគ្រប់គ្រងការវាយប្រហារតាមបណ្ដាញរបស់អាមេរិកធ្លាប់បានប្រកាសថា កម្លាំងវាយប្រហារតាមបណ្ដាញរបស់អាមេរិកគឺខ្លាំងក្លាបំផុត តែពេលនេះអាមេរិកបែរជាត្រូវចិនដើរតាមទាន់ហើយឈានមុខលើអាមេរិកទៀតផង ។

ចំណុចខ្លាំងមួយទៀតអំពីកម្លាំងទាហានជើងទឹកនោះគឺនាវាផ្ទុកយន្ដហោះលីវនីញ របស់ចិនដែលបានទិញនាវាចាស់ពីអ៊ុយក្រែនមកជួសជុលឡើងវិញ។ នៅពេលនេះចិនក៏បានប្រកាសពីគម្រោងផលិតនាវាផ្ទុកយន្ដហោះ២គ្រឿងថ្មីទៀតបំពាក់ឱ្យកម្លាំងទាហានជើងទឹកចិនឱ្យកាន់តែខ្លាំងក្លា។ ទាំងនោះជាការរីកចម្រើនយ៉ាងខ្លាំងបើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់។ ចិនកំពុងក្លាយជាប្រទេសមហាអំណាច យោធាក្នុងតំបន់ ប៉ុន្ដែចិនមិន ទាន់អាចក្លាយជាចំណុចដែលធ្វើឱ្យផ្លាស់ប្ដូរតុល្យភាពយោធាអាមេរិក-ចិននោះទេគឺអាមេរិកនៅតែជាប្រទេសមានយោធាខ្លាំងជាងគេបំផុត ។

អំពីកម្លាំងយោធាអាមេរិកៈ

អាមេរិកមានកម្លាំងយោធាខ្លាំងជាងគេបង្អស់នៅលើពិភពលោក។ អាមេរិកមាននាវាផ្ទុក យន្ដហោះដល់ទៅ១១គ្រឿងដើរដោយថាមពលបរមាណូនិងកងពលនាវាចម្បាំងដ៏ រឹងមាំនិងទំនើបបំផុតលើពិភពលោកគ្មានប្រទេសណាអាចប្រៀបផ្ទឹមបានឡើយ។ មិនត្រឹមតែមានសព្វាវុធទំនើបៗ ប៉ុណ្ណោះ កម្លាំងទាហានអាមេរិកមានបទពិសោធន៍ច្រើនក្នុងការធ្វើសង្គ្រាមក៏ដូចជាការកម្ទេចនាវាផ្ទុកយន្ដហោះរបស់សត្រូវ ។

និយាយរួមអាមេរិកអាចកម្ទេចនាវាផ្ទុកយន្ដហោះសត្រូវបាន តែសត្រូវមិនអាចកម្ទេចនាវាផ្ទុកយន្ដហោះរបស់អាមេរិកបានឡើយ។ អាមេរិកទទួលបានបទពិសោធន៍ជាច្រើននៅក្នុងសង្គ្រាមលោកលើកទីពីរ និងសង្គ្រាមត្រជាក់ ។

ទន្ទឹមនឹងសព្វាវុធទំនើបៗកម្លាំងទាហានអាមេរិកបាននាំមុខទាហានចិនពីបទពិសោធន៍នៅក្នុងការធ្វើសង្គ្រាម។ ចិនមិនដែលចូលរួមនៅក្នុងសង្គ្រាមថ្នាក់អន្ដរជាតិណាមួយនោះឡើយចាប់តាំងពីឆ្នាំ១៩៧៩ បន្ទាប់ពីវាយប្រហារចូលព្រំដែនភាគខាងជើងប្រទេសវៀតណាមហើយទទួលរងការខូចខាតបរាជ័យជាច្រើន ។

ក្នុងពេលជាមួយគ្នានេះកម្លាំងទាហាន អាមេរិកបានចូលរួមក្នុងសង្គ្រាមជាបន្ដ បន្ទាប់ចាប់តាំងពីឆ្នាំ១៩៩១មក។ អាមេរិកបានបញ្ជូនកម្លាំងទៅវាយប្រហារប្រទេសជាច្រើនក្នុងនោះមានអីុរ៉ាក់អាហ្វហ្គានីស្ថានជាដើម។ ក្រៅពីនេះអាមេរិកមានអាទិភាព ជាងគេបង្អស់នៅលើពិភពលោកគឺបណ្ដាញអាមេរិកមានប្រទេសជាសម្ពន្ធមិត្ដខ្លាំងៗលំដាប់ពិភពលោកជាច្រើនរហូតដល់៦០ប្រទេស ។

មូលនិធិសម្រាប់ការពារជាតិរបស់អាមេរិក និងប្រទេសម្ពន្ធមិត្ដមានរហូត ដល់៨០ភាគរយសរុបចំណាយសម្រាប់ ការពារជាតិនៅលើពិភពលោក។ ចំណែក ចិននាពេលនេះមានប្រទេសសម្ពន្ធមិត្ដជិតស្និទ្ធបំផុតគឺកូរ៉េខាងជើង និងប៉ាគីស្ថាន។ ចិនក៏បានសហការទិញសព្វាវុធពីប្រទេសរុស្ស៊ីផងដែរ ប៉ុន្ដែការមិនមានទំនុកចិត្ដគ្នា ធ្វើឱ្យចិននិងរុស្ស៊ីពិបាកចាត់ទុកគ្នាជាសម្ពន្ធមិត្ដ ។

រុស្ស៊ីមានទំនាក់ទំនងជាមួយប្រទេសជាច្រើនដែលជាសត្រូវរបស់ចិន ក្នុងនោះ មានទាំងឥណ្ឌា និងប្រទេសក្នុងតំបន់ អាស៊ានមានវៀតណាមជាដើម។ កន្លង មករុស្ស៊ីបានលក់កាំជ្រួចមីស៊ីលឱ្យវៀតណាមធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង ៕

ប្រភព៖ beta.nokorwatnews


តើអាមេរិកនិងចិនអាចប្រឈមមុខដោយអាវុធនៅសមុទ្រចិនភាគខាងត្បូងដែរឬទេ?

ប្រធានាធិបតីអាមេរិក ទទួលដំណើរទស្សនកិច្ច​មិនធ្លាប់មាន​ក្នុងរយៈពេល ៣០ឆ្នាំ របស់​នាយក​រដ្ឋមន្ត្រីសិង្ហបុរី

តើអាមេរិកនិងចិនអាចប្រឈមមុខដោយអាវុធនៅសមុទ្រចិនភាគខាងត្បូងដែរឬទេ?

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​មីស៊ីល​ទៅ​ក្នុង​មហា​សមុទ្រ