ឌីណា​ ​ជឿ​ថា​ ចន្ទ្រា​​​នឹង​សង​សឹក​ឲ្យ​រូប​គេ​បាន​សម្រេច​​នឹង​កីឡាករ​ថៃ

ជើង​ខ្លាំង​វ័យ​ក្មេង​កម្ពុជា ឡៅ ចន្ទ្រា​ ត្រូវ​ឡើង​សង​សឹក​ឲ្យ​​​មិត្ត​រួម​ជាតិ​ យ៉េន ឌីណា ដែល​បាន​ចាញ់​កីឡាករ​ថៃ មង្ឃុនផេត​ ហើយ​ក្នុង​ការ​ប្រកួត​នេះ​ យ៉េន ឌីណា​គិត​ថា ឡៅ​ ចន្ទ្រា ​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន​​ PNN​ ​ថ្ងៃអាទិត្យ​ ទី៧​ ខែ​សីហា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ។​

 

ឌីណា​ ​ជឿ​ថា​ ចន្ទ្រា​​​នឹង​សង​សឹក​ឲ្យ​រូប​គេ​បាន​សម្រេច​​នឹង​កីឡាករ​ថៃ យ៉េន ឌីណា

 

សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ មង្ឃុនផេត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​ យ៉េន​ ឌីណា​ ​បាន​ទទួល​រង​បរាជ័យ​ដោយ​ពិន្ទុ​ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​អាក្រក់​សម្រាប់​រូប​គេ​នោះ​​ កីឡាករ​កម្ពុជា​ម្នាក់​នេះ​បាន​រង​របួស​បាក់​ខ្ទង់​ច្រមុះ​ដែល​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​ហោច​ណាស់​ពី​៣​ខែ​ទៅ​៥​ខែ​ទើប​អាច​ឡើង​ប្រកួត​វិញ​បាន។

អ្នក​លេង​គុន​ខ្មែរ​ យ៉េន ឌីណា​បាន​ឲ្យ​ដឹង​​ថា កីឡាករ​ថៃ​ មង្ឃុនផេត​​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​​​តាម​រយៈ​ការ​ឡើង​ជង្គង់​ និង​វាយ​កែង​ដែល​ចំណុច​នេះ​ ឡៅ ចន្ទ្រា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។ ទោះ​ជា​យ៉ាង​ណា​អ្នក​​ប្រដាល់​មក​ពី​ខេត្ត​កោះ​កុង​រូប​នេះ​យល់​ឃើញ​ថា ឡៅ ចន្ទ្រា​មាន​ប្រៀប​ជាង​ និង​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ។

 

ឌីណា​ ​ជឿ​ថា​ ចន្ទ្រា​​​នឹង​សង​សឹក​ឲ្យ​រូប​គេ​បាន​សម្រេច​​នឹង​កីឡាករ​ថៃ ឡៅ ចន្ទ្រា

 

ឌីណា​និយាយ​ថា ៖«​​ចន្ទ្រា​មាន​ប្រៀប​ខាង​កម្ពស់​​ដែល​ជា​ចំណុច​ល្អ​របស់​គេ​​អាច​យក​ឈ្នះ​កីឡាករ​​ថៃ​នោះ​បាន។ ម្យ៉ាង​ទៀត​ ចន្ទ្រា​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ទាំង​ព្រម​ដោយ​កណ្តាប់​ដៃ​ ទាត់​ កែង​ និង​ឡើង​ជង្គង់។ ខ្ញុំ​ជឿ​ជាក់​ថា ឡៅ ចន្ទ្រា​​នឹង​ឈ្នះ»។

 

យ៉េន​ ឌីណា​ ​បាន​បរាជ័យ​ក្រោម​ស្នាដៃ​ មង្ឃុនផេត​ សង្វៀន​ CNC​ ក្នុង​នាម​ជា​គូ​មិត្ត​ភាព​កាល​ពី​ថ្ងៃ​សៅរ៍​ទី៣០​ ខែ​កក្កដា​ ឆ្នាំ​២០១៦។​​ ជើង​ខ្លាំង​ថៃ​ម្នាក់​នេះ​បាន​ធ្វើ​ឲ្យ​ឌីណា​បាក់​ក្ដោង​ច្រមុះ​​យ៉ាង​ធ្ងន់ធ្ងរ៕

 

អត្ថបទ៖ នួន ស៊ីណា​