ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​តាម​ខេត្ត​កាន់​តែ​ងាយ មិន​រង់​ចាំ​រាប់​ម៉ោង​ដូច​មុន

ទស្សនាវីដេអូ៖

អ្នកធ្វើអត្តសញ្ញាណប័ណ្ណពីមុនមក ប្រាកដជាធ្លាប់ជួបប្រទះបទពិសោធន៍រង់ចាំរាប់ម៉ោង ប៉ុន្តែឥឡូវនៅតាមខេត្តធ្វើតែជាង ១០នាទីប៉ុណ្ណោះជាការស្រេច ព្រោះមានការបែកចែកមន្ត្រីជាក្រុមចុះធ្វើដល់មូលដ្ឋានប្រជាពលរដ្ឋរស់នៅផ្ទាល់តែម្ដង។<

ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​តាម​ខេត្ត​កាន់​តែ​ងាយ មិន​រង់​ចាំ​រាប់​ម៉ោង​ដូច​មុន

លោក និប វិច្ឆិកា មន្ត្រីអត្តសញ្ញាណប័ណ្ណស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបញ្ជាក់ថា ការធ្វើអត្តសញ្ញាណប័ណ្ណលើកនេះ គឺមិនមានថ្ងៃឈប់សម្រាកឡើយ ដោយធ្វើ ៧ថ្ងៃក្នុងមួយសប្ដាហ៍ពេញតែម្ដង ប្ដូរតែទីតាំងតាមភូមិនីមួយៗប៉ុណ្ណោះ។ ចំពោះស្រុកកំពង់ត្របែក បានបែងចែកចេញជា ៣ក្រុម ចេញតាមគោលដៅរៀងខ្លួន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយៗ។

លោក និប វិច្ឆិកា បានបន្ថែមទៀតថា ការបំពេញឯកសារ ក៏មានភាពងាយស្រួលដែរ ដោយសារមន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តជួយសម្រួលទាំងអស់។ លើសពីនេះទៅទៀត អាជ្ញាធរតាមភូមិ ឃុំ បានចុះទៅដឹកប្រជាពលរដ្ឋតាមផ្ទះ ដើម្បីឲ្យពួកគាត់មកធ្វើអត្តសញ្ញាណប័ណ្ណបានគ្រប់គ្នា ប្រសិនបើពួកគាត់គ្មានមធ្យោបាយ។

“ពេលខ្លះ យើងនាំគ្នាទៅដឹកគាត់ដល់ផ្ទះមកធ្វើទៀត… គាត់អស់តែ ១ម៉ឺនរៀលបង់ចូលរដ្ឋ យើងអត់មានយកសេវាក្រៅទេ ហើយធ្វើតែមួយភ្លែតប៉ុណ្ណោះ បើគាត់មានឯកសារគ្រប់គ្រាន់។ រាល់ថ្ងៃបានតែ ១០នាក់ជាងអីទេ រៀងស្បើយច្រើនហើយ តែខាងយើងនៅតែរង់ចាំពួកគាត់ធ្វើ និងសុំឲ្យពួកគាត់មកធ្វើបានគ្រប់គ្នា”។ លោក និប វិច្ឆិកា និយាយ។

ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​តាម​ខេត្ត​កាន់​តែ​ងាយ មិន​រង់​ចាំ​រាប់​ម៉ោង​ដូច​មុនលោក និប វិច្ឆិកា

ងាកមកលោក ព្រាប សាវ៉ាត ដែលមានវ័យ ៨៣ឆ្នាំទៅហើយ បាននិយាយថា លោកបានមកប្ដូរអត្តសញ្ញាណប័ណ្ណថ្មី បន្ទាប់ពីអត្តសញ្ញាណប័ណ្ណចាស់ហួសសុពលភាពប្រើប្រាស់។ បុរសចំណាស់រូបនេះ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើអត្តសញ្ញាណប័ណ្ណឥឡូវ មានភាពងាយស្រួលជាងមុនឆ្ងាយ ព្រោះកាលពីមុនត្រូវរង់ចាំយូរ។

ចំណែកលោក សាន សារូ ក៏បាននិយាយស្រដៀងគ្នាថា ការធ្វើអត្តសញ្ញាណប័ណ្ណពេលនេះ ពិតជាមានភាពងាយស្រួលជាងមុនមែន ហើយមន្ត្រីមូលដ្ឋានក៏យកចិត្តទុកដាក់ខ្ពស់ផងដែរ។ បុរសវ័យ ៣៥ឆ្នាំ បាននិយាយថា៖ “កាលមុន ខ្ញុំចាំប្រហែល ៣ម៉ោង តែឥឡូវគ្រាន់តែមកមួយភ្លែតហើយភ្លាម”។

អត្ថបទ៖ គង់ វិសាល
ប្រភព៖ sabay

  • ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​តាម​ខេត្ត​កាន់​តែ​ងាយ មិន​រង់​ចាំ​រាប់​ម៉ោង​ដូច​មុន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: