បាក់​ឌុប​៖ ក្រសួង​អប់រំ​រឹតត្បិត​ការប្តឹង​ជំទាស់​លទ្ធផល​ប្រឡង ឆ្នាំនេះ​ និពន្ធដោយ : រឿន ភារុន       August-04-2016, 10:04 am         138

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បាក់​ឌុប​៖ ក្រសួង​អប់រំ​រឹតត្បិត​ការប្តឹង​ជំទាស់​លទ្ធផល​ប្រឡង ឆ្នាំនេះ​​ភ្នំពេញ​៖ លោក ហង់ ជួន ណា​រ៉ុ​ន ពុំ​បើកទូលាយ​បេក្ខជន​ប្រឡង​ឲ្យ​ប្តឹង​លទ្ធផល​ប្រឡង​ទាំងឡាយ ក្នុង​រយៈពេល ៣០​ថ្ងៃ ដូច​ឆ្នាំ​កន្លងទៅ​ឡើយ តែ​ក្រសួង​នឹង​ឲ្យ​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​ពិចារណា​លើ​បណ្តឹង​លទ្ធផល​ប្រឡង​ឡើងវិញ ក្នុងករណី​បេក្ខជន​មាន​ភស្តុតាង​ច្បាស់លាស់​។​

​សំឡេង​លោក ហង់ ជួនណា​រ៉ុ​ន​៖

​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ប្រកាស​បន្ត​ប្រើ​វិធាន​រឹតបន្តឹង​ការប្រឡង ក្រោម​កំណែទម្រង់​គុណភាព​ធនធានមនុស្ស ដូច​ពីរ​ឆ្នាំមុន​ដដែល ឬ​ប្រសើរ​ជាង​ឆ្នាំមុន​។ តែ​ចំពោះ​ការទទួល​ពាក្យបណ្តឹង​ពី​បេក្ខជន ក្រសួង​នឹង​ពុំ​ទទួល​ដោយ​សេរី រយៈពេល មួយខែ ដូច​ឆ្នាំមុន​ទៀតឡើយ​។​

​រដ្ឋមន្ត្រី​ដែលមាន​បំណង​លើ​កកម្ពស់​គុណភាព​ធនធាន​មនុស្ស​កម្ពុជា​រូបនេះ និយាយថា ក្រសួង​ឈប់​ទទួល​បេក្ខជន​បាក់​ឌុប​ដែល​មិន​សុខ​ចិត្តនឹង​លទ្ធផល​ដូច​ឆ្នាំមុនៗ​ទៀតឡើយ ដោយសារ​បេក្ខជន​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់ ទាមទារ​ឲ្យ​ក្រសួង​ពិចារណា​ពិនិត្យ​លទ្ធផល​ឡើងវិញ​។​

​លោក​រដ្ឋមន្ត្រី​បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន ក្នុង​សន្និសីទកាសែត​ផ្សព្វផ្សាយ​ពី​ដំណើរការ​រៀបចំ​ប្រឡង​ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ដែល​នឹង ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២២ ខែសីហា ២០១៦​ថា​៖«​ការប្តឹង​នេះ​មិនមាន​ជា​លទ្ធផល​អ្វីដែល​យើង​ត្រូវតែ​សើរើ​លទ្ធផល​នៃ​ការប្រឡង​ឡើងវិញ​ទេ​។ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​ភស្តុតាង​ច្បាស់លាស់ នឹង​ក៏​យើង​ត្រូវ​ពិចារណា​ដែរ មានន័យថា​យើង​នឹង​បង្កើត​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​។ ថ្វី​ត្បិត​ការ​ប្តឹងផ្តល់​នេះ កន្លងមក គ្មាន​ហេតុផល​គ្រប់គ្រាន់ ដើម្បី​ពិនិត្យឡើងវិញ​»​។​

​លោក​បដិសេធ​ក្រសួង​ពុំ​មានបំណង​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងការ​ប្តឹង​ជំទាស់​ទេ តាម​វិធាន​នេះឡើយ​។ លោក​អះអាង​នៅ​ថ្ងៃទី​៣ ខែសីហា​នេះ​ថា ក្រសួង​ចេញ​វិធានការ​បែបនេះ ក្នុង​គោលដៅ​ចង់​ឲ្យ​បេក្ខជន​ប្រឹង ប្រែង​សិក្សា​រៀនសូត្រ​។​

​ការប្រឡង​ឆ្នាំនេះ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​ត្រូវ​ប្រឡង ៧​វិញ្ញាសា​ដូចគ្នា​។​

​វិញ្ញាសា​ប្រឡង​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដី​និង​បរិស្ថានវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។  ចំណែកឯ​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ពិត វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិវិទ្យា និង​ភាសាបរទេស​។​

​បើតាម​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បេក្ខជន​ធា្ល​ក់បាក់​ឌុប​ឆ្នាំមុន​ប្រមាណ ២​ម៉ឺន​៥​ពាន់​នាក់ ចំណោម​បេក្ខជន​ទាំងអស់ នឹង​ចូល​ប្រឡង​ឡើងវិញ​ផងដែរ​។

​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​នេះ ក្រសួង​ចំណាយ​ថវិកា​ជាង ៤​លាន​ដុល្លារ រៀបចំ​ការប្រឡង​សម្រាប់​បេក្ខជន​សរុប​ចំនួន​៩៣.៧៥២​នាក់ ក្នុងមណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទាប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ រីឯ​មណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦​៕