រដ្ឋមន្ត្រីក្រសួងអប់រំ៖ បេក្ខជនប្រឡងបានពិន្ទុ២២៤ នឹងជាប់បាក់ឌុបឆ្នាំនេះ (Video inside)

(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំការប្រឡង សញ្ញាបត្របាក់ឌុបឆ្នាំ២០១៦ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ក្រសួងកំណត់យកពិន្ទុចំនួន២២៤ពិន្ទុ គឺជាប់។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងក្នុងពិធីនេះថា វិញ្ញាសារក្នុងការប្រឡងបាក់ឌុបខាងមុខនេះ នៅតែដដែលមិនបន្ធូរនោះទេ។ លោកបន្ថែមទៀតថា កាលពីប្រឡងបាក់ឌុបឆ្នាំមុនៗ សង្កេតឃើញថា បេក្ខជនប្រឡងមានការធ្លាក់ច្រើន លើមុខវិជ្ជាគណិតវិទ្យា ហើយបេក្ខជនជាប់ច្រើន ក្នុងមុខវិជ្ជាភាសាខ្មែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យ បេក្ខជនប្រឡងទាំងអស់ សូមមកមណ្ឌលប្រឡងឲ្យមានមុនម៉ោង ដើម្បីងាយស្រួលដល់ការប្រឡង ការពារភាពយឺតយ៉ាវការប្រឡង។ ជាពិសេសជាងនេះ លោកបានជំរុញឲ្យបេក្ខជន ខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីត្រៀមប្រឡងនៅថ្ងៃ២២ ខែសីហា ខាងមុខនេះ ដែលនៅសល់មិនដល់១ខែទៀតនោះទេ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក  ដែលត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ទាំងអស់ កុំឲ្យចាញ់បោកជនខិលខូច ឬជនឱកាសនិយមមួយចំនួន ដែលដើរសន្យាថា ជួយរត់ការឲ្យប្រឡងជាប់ ជាថ្នូរនឹងថវិកាមួយចំនួន។

ក្រសួងអប់រំបានអំពាវនាវថា «សូមអាណាព្យបាល មាតាបិតា និងបេក្ខជន ប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់ កុំឲ្យចាញ់បោកពាក្យភូតកុហក របស់ជនឆ្លៀតឱកាសណាមួយ ដែលនាំឲ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអសារបង់ និងសូមអំពាវនាវឲ្យបេក្ខជនទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពតាមបទប្បញ្ញត្តិនានា ក្នុងដំណើរការប្រឡង»។

ក្រសួងអប់រំយុវជន និងកីឡា សូមធ្វើការបញ្ជាក់យ៉ាងដាច់អហង្ការថា តំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២២ សីហា ២០១៦ខាងមុខ និងប្រព្រឹត្តិទៅដោយគោរពតាមគោលការច្បាប់ យុតិ្តធម៌ តម្លាភាព និងលទ្ធផល

ទទួលយកបាន ស្របតាមទិសស្លោក «អ្នកចេះគឺជាប់»។

ជាមួយគ្នានេះ ក្រសួងអប់រំក៏ បានជំរុញឲ្យអាណាព្យាបាល មាតាបិតា និងបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់ រួមទាំងសាធារណជនផងដែរ មេត្តាផ្តល់ព័ត៌មាន និងអត្តសញ្ញាណជនខិលខូចដែលដើរសន្យារត់ការឲ្យជាប់បាក់ឌុប មកក្រសួង ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយក្រសួងធានារក្សានូវការសម្ងាត់ជូន៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រដ្ឋមន្ត្រីក្រសួងអប់រំ៖ បេក្ខជនប្រឡងបានពិន្ទុ២២៤ នឹងជាប់បាក់ឌុបឆ្នាំនេះ (Video inside)