សមត្ថកិច្ច​គយ​ខេត្តបន្ទាយមានជ័យ នៅតែ​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​

សមត្ថកិច្ច​គយ​ខេត្តបន្ទាយមានជ័យ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ប្រព្រឹត្ត​អំពើអាក្រក់​ធ្វើបាប​ប្រជាពលរដ្ឋ អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ អ្នករកស៊ី​ដឹក​ត្រី​ជាដើម ដោយ​ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ អំពើអាក្រក់​របស់​សម​ត្ថ​កិច្ច​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ក្រុម​អ្នករត់​តាក់ស៊ី អ្នក​ដឹកជញ្ជូន​ទំនិញ និង​ប្រជាពលរដ្ឋ បិទផ្លូវ​ជាតិ​លេខ​៥​តវ៉ា​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើអាក្រក់​របស់​សមត្ថ​កិច្ច​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ​ខ្លះ​ផង កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

​អាជីវករ​និង​ក្រុម​អ្នករត់​តាក់ស៊ី​ដឹក​ត្រី​នៅ​ក្រុង​ប៉ោយប៉ែត បាន​តវ៉ា​យ៉ាងខ្លាំង​ដោយ​ចោទប្រកាន់​មន្ត្រី​គយ​ចល័ត​ថា ប្រព្រឹត្ត​អំពើពុករលួយ​ឃាត់​រថយន្ត​របស់​ពួកគាត់ ហើយ​បង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​ដោយ​គ្មាន​វិក្កយបត្រ​ត្រឹមត្រូវ​។ ដោយសារតែ​មិនអាច​អត់ធ្មត់​តទៅទៀតបាន ទើប​កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ អ្នករត់​តាក់ស៊ី​និង​ក្រុមអាជីវករ​ដឹក​ត្រី​នៅ​ក្រុង​ប៉ោយប៉ែត បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ជាមួយ​មន្ត្រី​គយ​ចល័ត​ជាប់​ផ្លូវជាតិ​លេខ​៥ ក្រុង​សិរីសោភ័ណ ក្បែរ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តបន្ទាយមានជ័យ​។ នៅក្នុង​ការតវ៉ា​នោះ​ក្រុមអាជីវករ​និង​អ្នករត់​តាក់ស៊ី​ដឹក​ត្រី​បានស្នើ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ និង​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់ ព្រោះ​ពួកគេ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​។

អ្នករត់​តាក់ស៊ី​និង​ក្រុមអាជីវករ​ដឹក​ត្រី​មួយចំនួន​ដែល​តវ៉ា​ជាមួយ​មន្ត្រី​គយ​ចល័ត កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា​ពួកគាត់​ស៊ីឈ្នួល​ដឹក​ត្រី​ចំណី​ក្រពើ​តាមផ្លូវ​ជាតិ​លេខ​៥​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្តសៀមរាប ដោយបាន​ប្រាក់​ឈ្នួល​ពី​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​។ ប៉ុន្តែ​មន្ត្រី​គយ​ប្រចាំ​ផ្លូវជាតិ​លេខ​៥​ក្បែរ​ទី​រួម​ខេត្តបន្ទាយមានជ័យ បាន​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ក្នុង​១​ជើង​៥​ម៉ឺន​រៀល​ឬ​បង់​១​ខែ​១០០​ដុល្លារ​ដោយ​ពុំមាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ ដែលជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​។ ប្រភព​ខ្លះ​បាន​លើកឡើងថា​ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​ទេនោះ គឺ​ក្រុម​គយ​ចល័ត​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ គឺ​ទាល់តែ​មានការ​បើកដៃ​ពី​លោក ឆែ សុធា ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់​សមត្ថ​កិច្ច​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់ ព្រោះ​ពួកគេ​កំពុង​ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

btv-a1552លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយ​មានជ័យ d1733412-d56c-4574-a56e-c297d69a9525