អាជីវករ​បេនឡាន​ចាស់​ខេត្ត​កំពង់ស្ពឺ​ត្រៀម​សុំ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍

ខេត្តកំពង់ស្ពឺ ៖ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សាលាខេត្ត​កំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦​នេះ អាជីវករ​បាន​នាំ​គ្នា​ត្រៀម​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍ កុំ​ឲ្យ​មានការ​ដោះ​ដូរ​បេនឡាន​ចាស់​ដែល​មា​នទី​តាំងនៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ទៅ​បេនឡាន​ថ្មី ដែល​មា​នទី​តាំងនៅ​ភូមិ​សំណង់ សង្កាត់​/​ក្រុង​ជាមួយ​គ្នា ។

តាម​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ដែល​កំពុង​បំពេញភារកិច្ច​នៅ​ទីនោះ​ឲ្យ​ប្រាប់​ទៅ​បងប្អូន​អាជីវក​រថា សូម​បងប្អូន​រក្សា​សណ្ដាប់ធ្នាប់ និង​ត្រឡប់​ទៅ​កន្លែង​របស់​ខ្លួន​វិញ ព្រោះ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​លប់​ចោល​កិច្ចសន្យា​ដោះ​ដូរ​បេនឡាន​ចាស់​នេះ​វិញ​ហើយ ។ មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ទៀត​ថា ប្រាប់​ពួក​គាត់​ទៅ បេនឡាន​ចាស់​រក្សា​នៅ​ដដែល កុំ​ឲ្យ​ពួក​គាត់​ព្រួយ​ទៀត (​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដំបូង​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជការ​នៅ​សាលា​ខេត្ត​កំពង់​ស្ពឺ) ។

បន្ទាប់​ពី​ត្រៀម​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ទទួល​បានការ​ប្រាប់ និង​ណែនាំ​ពី​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​រួច​មក ក្រុម​អាជីវករ​បេនឡាន​ចាស់ បាន​ប្រែក្លាយ​ការ​ត្រៀម​សុំ​ជួយ​អន្តរាគមន៍​នេះ​ទៅ​ជា​នាំ​គ្នា​ឈរ​រង់ចាំ​ទទួល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ៕