ចាប់​រថយន្ត​ដឹក​ជន្លង់ម្រេច​ផ្ទុះ​ការ​តវ៉ា​កក្រើក​ខេត្ត

ចាប់​រថយន្ត​ដឹក​ជន្លង់ម្រេច​ផ្ទុះ​ការ​តវ៉ា​កក្រើក​ខេត្ត



ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ប្រុស​-​ស្រី ប្រមាណ​ជាង​៥០​នាក់ នៅ​ព្រឹក​ទី​៣ សីហា បាន​លើកគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​សាលាខេត្ត និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ដល់​ពួក​គាត់ ដែល​រង​របួសធ្ងន់​២​នាក់
និង​ស្នើ​សុំ​អាជ្ញាធរ​ឱ្យ​ដោះ​លែង​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច​២​គ្រឿង ដែល​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ចាប់ ប្រគល់​ឱ្យមក​ពួក​គាត់​វិញ ។

ការ​លើកគ្នា​មក​ស​សុំ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ខេត្ត​ជួយ​ដោះស្រាយ​នេះ មិន​ធ្លាប់​មាន​កន្លង​មក​នោះ​ទេ ។ ពលរដ្ឋ​ទាំងនេះ​មក​ពី​ភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ ក្រោយ​ពី​ពួក​គាត់​ដែល​មាន​មុខរបរ​ដឹកឈើ​ជន្លង់ម្រេច បាន​ប៉ះទង្គិច​គ្នា​ជាមួយ​និង​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ទប់ទល់​សកម្មភាព​បង្ក្រាប​រថយន្ត​ដឹក​ជន្លង់ម្រេច​របស់​ពួក​គាត់ កាលពី​ពាក់កណ្ដាល​យប់​ចូល​ថ្ងៃ​ទី​៣ សីហា ។ ក្នុង​នោះ បាន​បង្ក​ឱ្យ​ពលរដ្ឋ​២​នាក់​ប្រពន្ធ ជា​ម្ចាស់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ជន្លង់ម្រេច​រង​របួសធ្ងន់ ដោយសារ​មានការ​វាយតប់​ពី​សំណាក់​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ។ នេះ​បើ​តាម​ការ​ចោទប្រកាន់​ពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ប្រមូលផ្ដុំ​គ្នា​ទាំងនោះ ។

ពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ទៀត​ថា ក្រៅពី​បង្ក​ឱ្យ​២​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​ម្ចាស់​រថយន្ត​ដឹក​ជន្លង់ម្រេច​របួស​សន្លប់​ស្ដូកស្ដឹង និង​កំពុង​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ក៏​នៅ​មាន​គ្នីគ្នា​របស់​ពួក​គាត់​ជា​ច្រើន​នាក់​ទៀត បាន​រង​របួស​ដូច​គ្នា ដោយសារ​តែ​ពួក​គេ​បាន​រង​ការ​វាយដំ​ពី​កងកម្លាំង​អាវុធហត្ថ ដែល​ប្រដាប់​ដោយ​ខ្នោះដៃ​បាន​ចូល​មក​វាយ​ពួក​គាត់​ទាំង​កំរោល​មិន​រើសមុខ ។

ពួក​គាត់​លើក​ឡើង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២ សីហា ពួក​គាត់​ទាំងអស់​គ្នា​បាន​បើករថយន្ត​ដឹកឈើ​ជន្លង់ម្រេច​មាន​ចំនួន​១០​គ្រឿង បើក​បណ្ដាក់​គ្នា​ចេញពី​ស្រុក​ព្រែក​ប្រសព្វ ឆ្ពោះទៅ​កាន់​ស្រុក​ស្នួល ។ ក្រោយ​ពី​ឆ្លង​ដ កាត់​ទន្លេ  និង​បើក​ឆ្លងកាត់​ខេត្ត​មក​ដល់​មុខ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុង ក៏​ត្រូវ​អាវុធហត្ថ​ក្រុង​បើករថយន្ត​ពាំង​ពីមុខ ធ្វើ​ឱ្យ​រថយន្ត​ពួក​គាត់​ជាន់​ហ្វ្រាំង​ទាំង​ប្រថុច​ញុ​ច ក៏​បាន​បុក​បន្តកន្ទុយ​គ្នា​ពេញ​លើ​ផ្លូវ​ក្នុង​ក្រុង ។

ពួក​គាត់​លើក​ឡើង​ទៀត​ថា ក្នុង​ខ្សែ​រថយន្ត​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង មាន​អ្នក​ជិះ​២​នាក់​ប្ដី​ប្រពន្ធ​បាន​រង​របួសធ្ងន់ ដោយសារ​ក្បាល​បុក​និង​កញ្ចក់​រថយន្ត ឈើ​ជន្លង់​បុក​រុញ​ពីក្រោយ ហើយ​ពួក​គាត់​ក៏​នាំ​គ្នា​ចុះ​ពី​រថយន្ត​ទៅ​ជួយ​សង្គ្រោះ​ព្រម​គ្នា តែ​ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ចេញ​មក​ស្ទាក់​វាយ​មក​លើ​ពួក​គាត់​មិន​រើសមុខ ។

យ៉ាងណា​ក៏​ដោយ តប​ទៅ​តាម​ការ​លើក​ឡើង​បែប​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ក្រចេះ​លោក ផា​ន សុភ​ក្ក្រ​វាសនា បាន​បញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន ឈើ​កាលពី​យប់​នោះ គឺជា​ផែនការ​សកម្មភាព​របស់​គណៈ​បញ្ជាការ​ឯកភាព ដោយ​មានការ​ចូលរួម​ពី​កម្លាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អាវុធហត្ថ​ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផង​ដែរ ។

ក្នុង​របាយការណ៍​ឆ្លើយ​តប​របស់​លោក​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ក្នុង​ប្រតិបត្តិការ​របស់​អាជ្ញាធរ​យប់​នោះ ពលរដ្ឋ​ជា​ម្ចាស់​ឈើ​ជន្លង់​បាន​ព្យាយាម​រារាំង​ការ​បង្ក្រាប​របស់​អាជ្ញាធរ បង្ក​ភាព​ចលាចល ។

លោក​និយាយ​ថា ពួក​គេ​បាន​រើ​ឈើ​ជន្លង់ម្រេច​ទម្លាក់​បម្រុង​បិទផ្លូវ និង​បើករថយន្ត​ដឹកឈើ​ជន្លង់​គេច បង្ក​ឱ្យ​មានការ​កៀរ​ទៅ​លើ​រថយន្ត​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បណ្តាល​ឱ្យ​ខូចខាត និង​ថែម​ទាំង​នាំ​គ្នា​ជា​ច្រើន​នាក់ ប្រដាប់​ដោយ​ព្រនង់ និង​បំពង់​ទីប ចុះ​មក​គំរាម​សមត្ថកិច្ច​និង​អាជ្ញាធរ ក៏​កើត​មានការ​រុញច្រាន​គ្នា​បង្ក​មាន​របួស​ខ្លះ​ៗ ហើយ​ក្នុង​នោះ សមត្ថកិច្ច​ក៏​បាន​ចាប់់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ជន្លង់​២​គ្រឿង​មក​រក្សា​ទុក​ផង​ដែរ ។

បើ​ទោះជា​បែប​ណា នៅ​ព្រឹក​ថ្ងៃ​ដដែល​ទី​៣ សីហា ក្រោយ​ពី​ពលរដ្ឋ​ជា​ម្ចាស់​ឡាន​ដឹកឈើ​ជន្លង់ម្រេច​បាន​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍ទៅ​អាជ្ញាធរ​មិន​ទាន់​មាន​ដំណោះស្រាយ ពួក​គាត់​បាន​លើកគ្នា​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីប្រជុំជន​ខេត្ត ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​បាន​ចូល​ទៅ​រំដោះ​យក​រថយន្ត សាំ​យ៉ុ​ង​ដឹកឈើ​ជន្លង់​ទាំង​ពីរ​គ្រឿង​នោះ​ចេញ​មក​វិញ ដោយ​សុវត្ថិភាព ពុំ​មានការ​រារាំង​ពី​កម្លាំង​មាន​សមត្ថកិច្ច​នោះ
ទេ ។

ក្រុម​មន្ត្រី​សាលាខេត្ត​ក៏​ដូច​ជា​តុលាការ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ទាក់ទង និង​ចំណាត់ការ​បែប​ណា ជុំវិញ​បាតុភាព​ដែល​បាន​កើតឡើង​នេះ​នៅឡើយ​ទេ ក្នុង​ថ្ងៃ​ដដែល​នេះ ៕​