តំណាង​ Samsung នៅ​កម្ពុជា ជម្រះ​មន្ទិល​រឿង​​មិន​ចេញ Note 6

Galaxy Note 7 ប្រកាស​កាល​ពី​ពេល​ថ្មីៗ​​នេះ​ តែ​បណ្ដា​អ្នក​គាំទ្រ​នៅ​កម្ពុជា​ជា​ច្រើន​ហាក់​នៅ​​មន្ទិល​ថា​ហេតុ​អ្វី Samsung មិន​ប្រកាស Galaxy Note 6 បែរ​ជា​ចេញ Note 7 រំលង។

 

តំណាង​ Samsung នៅ​កម្ពុជា ជម្រះ​មន្ទិល​រឿង​​មិន​ចេញ Note 6

Galaxy Note 7 

 

ដើម្បី​ជ្រះ​ការ​សង្ស័យ លោក សុខ ឡេង ប្រធាន​ផ្នែក​ទំនាក់ទំនង​ក្រុមហ៊ុន Samsung នៅ​កម្ពុជា អះអាង​ថា ដោយ​សារ​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​បាន​បំពាក់​លើ Galaxy Note 7 នេះ​ទំនើប​ល្មម​អាច​ឲ្យ​ក្រុមហ៊ុន រំលង​ស៊េរី Note 6 បាន។ ជាក់ស្ដែង​មុខងារ​ស្កេន​ប្រស្រី​ភ្នែក (Iris Scanner) និង USB Type C សុទ្ធ​ជា​បច្ចេកវិទ្យា​ទំនើប​ដំបូង​សម្រាប់​ត្រកូល Galaxy Note។

 

ក្រៅ​ពី​បច្ចេកវិទ្យា​ទំនើប លោក ថា Samsung ចង់​ឲ្យ​ស្មាតហ្វូន​ត្រកូល Galaxy ស៊េរី​ថ្មី​ដូចជា S7/S7 Edge និង Note 7 សុទ្ធ​តែ​មាន​លេខ 7 ងាយ​ស្រួល​ហៅ ក៏​ដូចជា​ដើម្បី​ប្រជែង​នឹង​ផលិតផល​ថ្មី​របស់​គូប្រជែង​ធំ​ផង​ដែរ។

 

Galaxy Note 7 មាន​អេក្រង់ ៥,៧ អ៊ីញ បំពាក់​កញ្ចក់​ប្រភេទ Gorilla Glass 5។ កាមេរ៉ា​ក្រោយ​ទំហំ 12MP និង​មុខ 5MP។ Note ស៊េរី​ថ្មី​នេះ​បំពាក់​បច្ចេកវិទ្យា Iris Scanner និង​រន្ធ​ដោត​ថ្ម USB Type C ដែល​អាច​សាក​ថ្ម​បាន​លឿន​និង​មិន​បារម្ភ​រឿង​ដោត​បញ្ច្រាស។

 

ការ​ហៅត្រកូល Galaxy Note ជំនាន់​ថ្មី​របស់ Samsung ស្រប​ពេល​ដែល​ Apple នឹង​បញ្ចេញ​ iPhone ស៊េរី​ថ្មី​ដែ​លប្រភព​ព័ត៌មាន​ជា​ច្រើន​ហៅ iPhone 7 ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​។ Samsung​ ​បញ្ជាក់​ថា​​ ការ​ប្រើ​ឈ្មោះ​ ​Note​ ​7​​​ អាច​ឲ្យ​ ​Samsung​ ​ងាយ​ប្រជែង​ជា​មួយ​ ​iPhone​ ​7​ ​ព្រោះ​បើ​​ប្រើ​ឈ្មោះ​ ​Note​​​ 6​​​ ​អ្នក​ប្រើ​មួយ​ចំនួន​ដែល​មិន​សូវ​យល់​ពី​ទីផ្សារ​ស្មាតហ្វូន​​នឹង​​គិត​ថា​ ​Note​ ​6​​​ ជា​ម៉ូដែល​ចាស់​ជាង​ ​iPhone​ ​7​។

 

ការ​បរិច្ឆេទ​ដាក់​លក់​ផ្លូវការ​លើ​ទីផ្សារ​ក្នុង​ស្រុក​គឺ​នៅ​ថ្ងៃ​ទី ២០ សីហា​នេះ ខណៈ​តម្លៃ​មិន​ទាន់​ប្រាកដ៕

 

អាន៖ Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

អាន៖ មុខងារ​ពិសេស​ Note 7​ ​ដែល​ ​iPhone​ ​មិន​អាច​ធ្វើ​បាន​

 

អត្ថបទ៖ ប៉ែត ផាន់និត