គ្រាមុន ញឹម ចាន់​ថន ​ដើរ​លក់ CD ​តាម​ផ្សារ

ទស្សនិកជន​មាន​នៅ​ចាំ​ក្រុម​ចម្រៀង High Rock ​ដែល​មាន​កញ្ញា ញឹម ចាន់ថន លោក មាស សុខរតនៈ លោក ហេង កាន់ឌី ​លោក ម៉ៃ សុគន្ធ នឹង កញ្ញា ស៊ឹម ថៃណា ដែរ​ឬ​ទេ។ មុន​ឈាន​ដល់​ទស្សនិកជន​ស្គាល់ តារា​ចម្រៀង​មួយ​​ក្រុម​នេះ​បាន​ចូល​ប្រាក់​គ្នា​ធ្វើ​ CD ដើរ​លក់​ដោយ​ខ្លួន​ឯង​ តាម​ផ្សារ​ស្ទើរ​គ្រប់​ក្នុង​រាជធានី​ភ្នំពេញ។

 

 

គ្រាមុន ញឹម ចាន់​ថន ​ដើរ​លក់ CD ​តាម​ផ្សារ

 

 

កញ្ញា ញឹម ចាន់ថន អតីត​​តារា​ចម្រៀង​ល្បី​ម្នាក់ ក្នុង​ចំណោម​តារា​ចម្រៀង​ខាង​លើ​បាន​រម្លឹក​ពី​អនុស្សាវរីយ៍​​ ទាំង​នោះ​​ជា​មួយ Sabay ដោយ​នាង​ចាត់​ទុក​ថា វា​ជា​អនុស្សាវរីយ​​មួយ​ដែល​មិន​អាច​​បំភ្លេច​បាន ក្នុង​ជីវិត​សិល្ប​របស់​ខ្លួន។

 

 

តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្ត កំពត​ម្នាក់​នេះ ​​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា កាល​បង្កើត​ក្រុម High Rock​ ដំបូង​ ជួប​ការ​លំបាក​ខ្លាំង ទោះ​បី​ជា​ម្នាក់ៗ​មាន​បទ​ចម្រៀង​ហើយ​ក្ដី ត្បិត​អី​ត្រូវ​ធ្វើ​ទីផ្សារ​ឲ្យ​ដើរល្អ។ ដើម្បី​សម្រេច​ការងារ​នេះ សមាជិក​​ក្រុម​របស់​នាង​បាន​ចូល​ប្រាក់​គ្នា​​ធ្វើ​ CD ហើយ​ក្នុង​នោះ​ដែរ ​តារា​ចម្រៀង​ទាំង​អស់​ ត្រូវ​កាន់​ CD ​នោះ​ដើរ​​លក់​តាម​ផ្សារ​គ្រប់​គ្នា។

 

គ្រាមុន ញឹម ចាន់​ថន ​ដើរ​លក់ CD ​តាម​ផ្សារ

 

ជា​ក្រុម​ថ្មី​មិន​ទាន់​មាន​គេ​ស្គាល់ ទោះបី​ជា​មាន​ CD ​រួច​ហើយ ក៏​ពិបាក​ក្នុង​ការ​លក់​លើ​ទីផ្សារ​ដែរ ញឹម ចាន់ថន លើក​ឡើង​ថា ដើម្បី​ឲ្យ​គេ​ទិញ​ CD ​របស់​ខ្លួន ម្នាក់​ៗ​រក​វិធី​ជា​ច្រើន ដោយ​នៅ​ក្នុង​នោះ វិធី​ផ្ញើ តាម​តូប​​​ឲ្យ​គេ​ជួយ​លក់​ឲ្យ ​គឺ​ជា​កត្តា​ចម្បង។

 

ចាន់ថន ​បាន​បន្ត​​ថា កាល​នោះ​ក្រុម High Rock ពិបាក​តែ​១វ៉ុល​ដំបូង​ប៉ុណ្ណោះ នៅ​វ៉ុល​បន្ទាប់​ក្រុម​មួយ​នេះ ​ត្រូវ​បាន​​ក្រុមហ៊ុន​មហោសថ ចេញ​មុខ​ជួយ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់។

 

បច្ចុប្បន្ន​សមាជិក​នៃ​ ក្រុម High Rock បាន​ចែក​ផ្លូវ​គ្នា​ទៅ​រក​ទ្រនំ​ផ្សេងៗ ហើយ​អ្នក​ខ្លះ​បាន​ប្ដូរ​អាជីព​ជា​តារា​ចម្រៀង​ទៅ​ជា អ្នក​និពន្ធ ក៏​ដូច​ជា​អ្នក​ជំនួញ​ជា​ដើម៕

 

 

អត្ថបទ៖ ខុត សីហា